ភ្នំពេញៈ ជាអ្នកសិក្សាស្រាវជ្រាវ និងបានរើកកាយមកវិញនូវខ្សែភាពយន្តខ្មែរជាច្រើនដែលបានបាត់បង់ក្នុងអតីតកាលពេលនេះក្រុមព្រះសូរិយាបានដំណើរការការងាររបស់ខ្លួនប្រមាណជាង ១០ ឆ្នាំរួចមកហើយ ដោយទទួលបានសមិទ្ធផលជាច្រើនដូចជាការរកឃើញនូវរូបថតសិល្បករ ប្រវត្តិរូបសិល្បករខ្មែរ ខ្សែភាពយន្តខ្មែរមួយចំនួន និងបានរៀបចំកម្មវិធីមហោស្រពភាពយន្តជាច្រើនលើកនៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស។
មុននឹងឈានជើងចូលប្រឡូកក្នុងការស្រាវជ្រាវនូវភាពយន្តខ្មែរនាសម័យមុនលោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយាបានបញ្ជាក់ប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថាលោកបានចាប់អារម្មណ៍រឿងនេះតាមរយៈការនិទានរបស់ម្តាយលោកកាលពីលោកនៅកុមារភាព។
លោកបានតំណាលថា៖ «កាលពីខ្ញុំនៅក្មេងក្រោយបែកពីរបបខ្មែរក្រហមគ្រួសារខ្ញុំអត់មានអីមើលទេអត់មានទូរទស្សន៍អីទេ អ៊ីចឹងឲ្យតែពេលញាំបាយជុំគ្នាពេលល្ងាចគឺម៉ាក់គាត់តែងតែនិយាយរឿងកាលពីគាត់នៅក្មេងឲ្យស្តាប់ ហើយរឿងគាត់លួចទៅមើលកុនជាមួយបងៗម៉ាក់ចូលចិត្តសរសើរថា តួកុន ឌី សាវ៉េត ស្អាតណាស់។ ម៉ាក់ថាគាត់ជាតារាទឹកភ្នែកពូកែយំ ហើយតួកាចឆ្នាសឆ្នើមហ្នឹងតួ សាក់ ស៊ីស្បោង។ កុនពីដើមល្អមើលណាស់ពេលមើលម្តងៗហាក់បីដូចជាយើងកំពុងជួបផ្ទាល់អ៊ីចឹង ធ្វើឲ្យគាត់ចងចាំពួកគាត់ក្នុងហ្នឹង»។
លោកបានរៀបរាប់ទៀតថា៖ «នៅអំឡុងឆ្នាំ ១៩៧០ ពេលម្ដាយខ្ញុំមានវ័យប្រមាណ ៨ ឆ្នាំឲ្យតែមានខ្សែភាពយន្តខ្មែរថ្មីចេញបញ្ចាំងម្តងៗ គាត់តែងតែទៅលួចមើលជាមួយបងៗ ដោយសារតែពេលនោះគាត់នៅក្មេងមានមាឌតូច គាត់តែងតែប្រជ្រៀតខ្លួន និងត្បុលខ្លួនបានចូលទៅក្នុងរោងកុនជានិច្ចដោយមិនចាំបាច់ទិញសំបុត្រនោះឡើយ»។
លោក យាង វណ្ឌី បានបន្តថា៖ «ពេលនោះម៉ាក់ប៉ាគាត់មិនអនុញ្ញាតឲ្យកូនទៅមើលកុនទេតែម៉ាក់នៅតែទៅលួចមើលព្រោះគាត់ស្រឡាញ់ចូលចិត្តកុនខ្មែរ ប៉ុន្តែពេលខ្លះចេញពីមើលកុនយប់ពេកមកដល់ផ្ទះក៏ត្រូវយាយតាវាយក៏មានតែម៉ាក់នៅតែឆ្លៀតទៅលួចមើល»។
ទិដ្ឋភាពនៅរោងកុនមានមនុស្សច្រើនអ៊ូអរណាស់ពេលលក់សំបុត្រម្តងៗ។ មនុស្សនាំគ្នាប្រជ្រៀតគ្នាដណ្តើមទិញសំបុត្រ។ ជួនពេលខ្លះគឺអស់សំបុត្រ ធ្វើឲ្យអ្នកខ្លះខកបំណងមិនបានមើលរឿងថ្មីច្រើនណាស់។ រីឯនៅខាងក្នុងរោងកុនគឺមានរបៀបរៀបរយល្អ។
យោងតាមបទពិសោធម្ដាយរបស់លោក បើយើងមើលដល់មានសាច់រឿងយំគេនឹកដល់អ្នកស្រី ឌី សាវ៉េត។ ចំណែកតួវាយគ្នាគេនឹកដល់លោក ជា យុទ្ធថន ហើយបើតួកាចគេនឹកដល់អ្នកស្រី សាក់ ស៊ីស្បោង។ សម័យនោះគឺប្រជាជនខ្មែរច្រើនយកស្ទីលលេងខ្លួនតាមតារាកុន។ សូម្បីតែមកដល់សម័យឥឡូវអ្នកនិយមចូលចិត្តទស្សនាកុនពីដើមក៏នៅតែលេងស្ទីលតែងខ្លួនតាមពួកគាត់ដដែល។
នៅពេលតារាកុនខ្មែរល្បីៗមានវត្តមាននៅតាមទីសាធារណៈម្តងៗគឺមានប្រជាជនចោមរោមមើលយ៉ាងច្រើន ហាក់បង្ហាញថាវិស័យសិល្បៈកុនខ្មែរមានតម្លៃណាស់ និងទទួលបានការស្រឡាញ់ចូលចិត្តពីប្រជាពលរដ្ឋទូទាំងប្រទេស។
ដោយបានស្តាប់ពីការរៀបរាប់របស់អ្នកម្តាយតាំងពីខ្លួននៅក្មេង យុវជន យាង វណ្ឌី បានចាប់ផ្តើមដក់គំនិតជាប់ខ្សែភាពយន្តខ្មែរពីជំនាន់មុន និងចាប់ផ្តើមចង់ដឹងថាកុនខែ្មរនាសម័យនោះមានភាពល្បីល្បាញអស្ចារ្យប៉ុនណា?
ជួនជាចៃដន្យនៅអំឡុងឆ្នាំ ២០១៣ បន្ទាប់ពីលោក យាង វណ្ឌី បានមកធ្វើការជាអ្នកក្រឡុកស្រានៅតាមភោជនីយដ្ឋាននាទីក្រុងភ្នំពេញលោកក៏បានជួបជាមួយនឹងសមាជិកក្រុមព្រះសូរិយាដែលបាននាំយករឿង សព្វសិទ្ធ មកចាក់បញ្ចាំង។ ពេលនោះលោកក៏បានចូលជាសមាជិកក្រុមព្រះសូរិយា និងបានក្លាយជាប្រធានក្រុមព្រះសូរិយារហូតមកដល់សព្វថ្ងៃ។
ប្រធានក្រុមព្រះសូរិយារូបនេះមិនត្រឹមតែធ្វើការស្រាវជ្រាវតែនៅក្នុងស្រុកប៉ុណ្ណោះទេលោកក៏បានបន្តធ្វើការរុករកឯកសារនៅបណ្តាប្រទេសជិតខាងផងដែរ។
ទៅថ្ងៃអនាគតប្រធានក្រុមព្រះសូរិយារូបនេះមានបំណងប្រាថ្នាចង់បង្កើតកន្លែងមួយសមរម្យ ដើម្បីថែរក្សាទុកនូវឯកសារដែលបានស្រាវជ្រាវនាពេលកន្លងមកដូចជាហ្វីល កាសែត រូបភាព Poster និងឯកសារមួយចំនួន ធ្វើយ៉ាងណាឲ្យប្រភពឯកសារទាំងអស់នៅមានជីវិត និងជាកន្លែងសម្រាប់អ្នកចង់សិក្សាស្រាវជ្រាវពីខ្សែភាពយន្តខ្មែរផងដែរ៕