ក្រុងឡុងដ៍: ជីពចរ និងចង្វាក់បេះដូងចាប់ផ្ដើមលោតខុសប្រក្រតីនៅមជ្ឈមណ្ឌលថែទាំជនចាស់ជរា ពេលស្ដ្រីចំណាស់មួយចំនួនបានជួល «អ្នករត់តុបុរសសម្ញែងគូទ» មកបម្រើអាហារពេលល្ងាចជូនពួកគាត់។
យាយៗមណ្ឌល Milton Lodge ក្រុងខូលឆេស្ទ័រ តំបន់ អេសសេច បានទទូចសុំបុគ្គលិកនៅមណ្ឌល ថា តើពួកគេអាចឃើញក្រុមអ្នកបម្រើបុរសៗអត់ស្លៀកពាក់បានទេ?
មជ្ឈមណ្ឌលនេះបានបង្កើតកម្មវិធី Sparkle ដែលបុគ្គលិកបានរៃអង្គាសប្រាក់ ដើម្បីសម្រេចក្ដីបំណងប្រាថ្នារបស់ពួកគេ។ ទីបំផុត ពួកគេបានទទួលក្រុម «បុរសបាំងប្រមោយ» មកបម្រើអាហារពេលល្ងាច ៣ ឈុត។
ស្ដ្រីចំណាស់ ១១ នាក់បានអញ្ជើញកូនស្រី និងចៅស្រីមកទស្សនាការសម្ដែង និងថែមទាំងទទួលការម៉ាស្សាពីក្រុមបុរសសង្ហាផងដែរ។
សហអ្នកសម្របសម្រួលកម្មវិធីនៅមណ្ឌល Milton Lodge ក្លែរ ម៉ាទីន បានឲ្យដឹងថា វាជាគំនិតផ្ដួចផ្ដើមពីអ្នកស្រី ចូន ខប អាយុ ៨៩ ឆ្នាំ។
អ្នកស្រីថា៖ «ពួកគេញ៉ាំអាហារ ៣ មុខ ជាមួយអ្នកបម្រើអាក្រាត តែយើងក៏សុំឲ្យបុរសៗទាំងនោះឲ្យលេងសើចល្មមៗបានហើយ»។
អ្នកស្រី ដូល ចេនគីនស៍ អាយុ ៩៩ ឆ្នាំ ជាស្ដ្រីចាស់ជាងគេនៅមណ្ឌលក៏បានស្នើសុំបុរសក្មេងៗលេងសាច់ទាំងនោះ មកអបអរថ្ងៃខួបកំណើត គម្រប់ ១០០ ឆ្នាំ របស់ខ្លួនផងដែរ។
អ្នកស្រី ក្លាដាស ស្មីត អាយុ ៨២ ឆ្នាំ បានបន្ថែមថា៖ «ខ្ញុំអង្គុយកៅអីមុខ និងមានឱកាសល្អ ដោយបុរសៗទាំងនោះផ្ដល់សេវាកម្មពេញចិត្ដ។ វាជាវេលាដ៏រីករាយបំផុត»៕HR