The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​ផ្តិត​ស្នាមញញឹម​កុមារ​ពិភពលោក Merry Project បាន​មក​ដល់​ទឹកដី​កម្ពុជា

យុទ្ធនាការ​ផ្តិត​ស្នាមញញឹម​កុមារ​ពិភពលោក Merry Project បាន​មក​ដល់​ទឹកដី​កម្ពុជា

Content image - Phnom Penh Post
​ស្នាមញញឹម​កុមារ​​​ជាង​​ ៣០ ប្រទេស​​រួម​ទាំង​កុមារខ្មែរ​ ដាក់​តាំង​នៅ​មុខ​ប្រាសាទអង្គរវត្ត​។ Koji Mizutani

យុទ្ធនាការ​ផ្តិត​ស្នាមញញឹម​កុមារ​ពិភពលោក Merry Project បាន​មក​ដល់​ទឹកដី​កម្ពុជា

ក្រុង​សៀមរាបៈ កម្ពុជា​គឺជា​ប្រទេស​ទី ៣២ ហើយ​នៃ​ការ​រៀបចំ​យុទ្ធនាការ​លំដាប់​ពិភពលោក​មួយ ដែល​នាំ​ក្តី​សប្បាយ​រីករាយ សុភមង្គល និង​ក្តី​ស្រមៃ​របស់​កុមារ នា​ពេល​អនាគត​ក្នុង​គោល​ដៅ​បង្កើត​ឲ្យ​មាន​នូវ​សុខ​សន្តិភាព​ជា​សកល​ក្រោម​ដំបូល​តែ​មួយ ឬ​ហៅ​កាត់​ថា​គម្រោង «Merry Project» បង្កើត​ឡើង​ដោយ​វិចិត្រករ​ជន​ជាតិ​ជប៉ុន​ម្នាក់។

យុទ្ធនាការ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា លើកដំបូង ដែល​បានបញ្ចប់​កាល​ពី​ចុង​ខែ​កញ្ញា កន្លង​មក ដោយ​មាន​ទីតាំង ២ កន្លែង​សម្រាប់​ក្រុម​គម្រោង Merry Project បាន​ចុះ​ទៅ​ផ្តិត​យក​នូវ​ស្នាម​ញញឹម​កុមារ​កម្ពុជា​គឺ​នៅ​រាជធានី​ភ្នំពេញ​តំបន់​គំនរ​សំរាម​ស្ទឹង​មានជ័យ និង​តំបន់​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប។

លោក កូ​ជី មិហ្ស៊ូតានី (Koji Mizutani) នាយក​នៃ​គម្រោង Merry Project និង​ជា​អ្នក​ថតរូប​ជំនាញ បាន​ឲ្យ​ដឹង​កាល​ពី​ពេល​រៀបចំ​ផ្តិត​យក​ស្នាម​ញញឹម​កុមារ​កម្ពុជា​យ៉ាង​ច្រើន ដែល​ត្រូវ​ដាក់​លើ​ឆត្រ បង្ហាញ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត កាល​ចុង​ខែ​កញ្ញា កន្លង​មក​នេះ​ថា៖ «ចង់​នាំ​ក្តី​សង្ឃឹម សុភមង្គល សន្តិភាព និង​ស្នាម​ញញឹម​ដល់​កុមារ​កម្ពុជា ជា​លើក​ដំបូង​តាមរយៈ​គម្រោង Merry Project របស់​យើង។ ខណៈ​ស្នាម​ញញឹម​គឺជា​ផ្នែក​ទំនាក់​ទំនង​មួយ​ដ៏​សំខាន់ នៅ​លើ​សកល​លោក ហើយ​វា​ក៏​ជា​ក្តី​សង្ឃឹម​សម្រាប់​កុមារ​គ្រប់​រូប​លើ​សកល​លោក​ផង​ដែរ»។

Content image - Phnom Penh Post
​លោក កូ​ជី​ មិ​​ហ្ស៊ូតានី ពេល​ថតស្នាម​ញញឹម​របស់​កុមារខ្មែរ​​នៅ​តំបន់​គំនរ​សំរាម​ស្ទឹង​មានជ័យ​​។ Koji Mizutani

លោក កូ​ជី មិ​ហ្ស៊ូ​តានី បន្តថា៖ «ស្នាមញញឹម​កុមារតូចៗរបស់​កម្ពុជា​ទាំងនេះ ក៏​អាច​នាំ​ក្តី​សង្ឃឹម​ពួកគេ​ទៅ​អនាគត​ដែរ ពោល​គឺ​កុមារ​នៅ​លើ​ពិភពលោក​មាន​ស្នាម​ញញឹម​តែ​មួយ និង​ក្តី​ស្រមៃ​តែ​មួយ​តាម​រយៈសន្តិភាព»។

គម្រោង Merry Project ចាប់ពី​បើក​យុទ្ធនាការ​របស់ខ្លួន​មក​បាន​ជាង ៣០ ប្រទេស​ហើយ និង​បាន​ផ្តិត​យក​រូប​ស្នាម​ញញឹម និង​សម្រង់​សារ​សំខាន់ៗ​ពី​កុមារ​ពិភពលោក​បាន​ជាង ៥ ម៉ឺន។ ខណៈ​ប្រទេស​កម្ពុជា​គឺជា​គោល​ដៅ​ទី ៣២ នៃ​យុទ្ធនាការ​មួយ​នេះ។

ចំពោះ​ស្នាមញញឹម​កុមារ​កម្ពុជា ដែល​បាន​ប្រមូលផ្តុំ​ពី​គម្រោង Merry Project នេះ​នឹងត្រូវ​យកទៅ​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌​នៅ​ប្រទេស​ជប៉ុន នា​ពេល​ខាង​មុខ​ផង​ដែរ។

លោក កូ​ជី មិ​ហ្ស៊ូតានី បង្ហើប​ថា៖ «ស្នាមញញឹម​ពួកគេ​នឹងត្រូវ​បាន​យក​ដាក់តាំង​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិការណ៍ Tokyo Olympic and Paralympics Cultural Program Events in 2019 and 2020 ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍