ភ្នំពេញៈ មាឃបូជា ជា​ពិធីបុណ្យ​ដ៏ធំ​មួយ​របស់​ព្រះពុទ្ធសាសនា​ឲ្យ​តែ​ដល់​ថ្ងៃ ១៥ ​កើត​ពេញបូណ៌មី ខែ​មាឃ ម្ដងៗ​ពុទ្ធសាសនិក​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ដ៏ធំ​មួយ​នេះ​។

ជាមួយ​ចំនួន​អ្នក​កាន់​ពុទ្ធសាសនា​ប្រមាណ ៩៥ ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​អារាម​ជាច្រើន វត្ត​និគ្រោធវ័ន ហៅ វត្ត​គល់ទទឹង បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​យ៉ាង​ឱឡារិក រួមមាន​ការរាប់បាត្រ​ព្រះសង្ឃ ៥០០ អង្គ ការ​ដង្ហែ​មាឃបូជា ពិធី​បូជា​ប្រទីប សមាធិ បង្ហោះ​ប៉េងប៉ោង និង​បង្ហោះគោម ដោយ​មាន​ពុទ្ធបរិស័ទ យុវជន និង​​យុវតី ចូលរួម​យ៉ាង​ច្រើន​កុះករ​។

ជា​អ្នក​ខេត្ត​កំពង់ស្ពឺ​មក​ចូលរួម​ពិធីបុណ្យ​មាឃបូជា​នាវត្ត​គល់ទទឹង យុវតី សៀវ ស៊ូឈីង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​មក​នេះ​មក​ជាមួយ​គ្រួសារ មូលហេតុ​ដែល​ខ្ញុំ​មក​ចូលរួម​ពិធីបុណ្យ​ថ្ងៃ​នេះ ពីព្រោះ​បុណ្យ​នេះ​ជា​បុណ្យ​ប្រពៃណី​ជាតិ​យើង ដូចនេះ​យើង​ចូលរួម​គោរព​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​តាម​បែប​ពុទ្ធសាសនា​ណា​មួយ​ខ្ញុំ​ស្រលាញ់​ព្រះពុទ្ធសាសនា​»​។

ក្នុង​ចំណោម​អ្នកចូលរួម​ដ៏​កុះករ យុវជន យុវតី ជាច្រើន​ក៏​បាន​ជួយ​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ដែរ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យុវជន​ ១ ​រូប​ទៀត​ឈ្មោះ ឡុង សំនៀង ដែល​ក្នុង​ដៃ​កាន់​ទង់​ព្រះពុទ្ធសាសនា ក៏​សង្កេត​ឃើញ​ថា​ឆ្នាំ​នេះ​យុវជន​មាន​ការផុសផុល​ច្រើន​ក្នុង​ការចូលរួម​ពិធី​បុណ្យ​ជាតិ​សាសនា​ខ្មែរ​ដោយ​ពី​មុន​ពិធីបុណ្យ​ដូចជា​មាឃបូជា និង​ពិសាខបូជា​ហាក់​ពុំ​សូវ​បាន​ទទួល​ការចាប់​អារម្មណ៍​ទេ​ពី​យុវវ័យ​ទាំង​ពុំ​បាន​ដឹង​ថា បុណ្យ​នេះ​មាន​អត្ថន័យ​ធំធេង​តាម​សាសនា​ជាតិ​។

យុវជន​មកពី​រាជធានី​ភ្នំពេញ​លោក​បាន​សម្ដែង​ការយល់ឃើញ​ដែរ​ថា​៖ «​ឥឡូវ​យុវជន​គាត់​ដឹង​ច្រើន ដោយសារ​តែ​មាន​ការបង្រៀន​តាមរយៈ​ប្រព័ន្ធ​សង្គម តាមរយៈ​ព្រះសង្ឃ​លោក​បាន​បង្រៀន​យុវជន​ច្រើន អាច​និយាយ​បាន​ថា​គាត់​យល់​ច្រើន អ៊ីចឹង​គាត់​មាន​ការចូលរួម​ច្រើន​»​។

ដើមឡើយ​ពិធីបុណ្យ​សាសនា​បែប​នេះ​ត្រូវ​បាន​ក្មេង​ជំនាន់​ក្រោយ​យល់​ថា ជា​ឱកាស​ចូលរួម​សម្រាប់​តែ​មនុស្ស​ចាស់ៗ តែ​យុវសិស្ស ផាន់ កក្កដា មាន​ទស្សនៈ​ថា​យុវជន​ត្រូវ​តែ​យល់​ដឹង​ហើយ​ឆ្លៀត​ចំណាយ​ពេលវេលា ចូលរួម​បុណ្យជាតិ និង​បុណ្យ​សាសនា ។

ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នៅ​វត្ត​បាន​បន្ត​រហូត​ដល់​រំលង​ម៉ោង ៨ យប់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សិស្ស​វិទ្យាល័យ​ព្រែក​ថ្មី វ័យ ១៨ ឆ្នាំ​ដែល​បាន​មក​ជួយ​រៀបចំ​ពិធី​មាឃបូជា កាលពី​ថ្ងៃ​អង្គារ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ឆ្នាំ​ហ្នឹង​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​អី​យុវជន​នៅ​ម្តុំ​នេះ​គាត់​យល់​ដឹង​ច្រើន ព្រោះ​យើង​ជា​សាសនិកជន​ត្រូវ​មក​បូជា​អី​អស់​ហ្នឹង​មិន​ចាំបាច់​តែ​ចាស់ៗ​ទេ​។ យើង​ជា​យុវជន​ក៏​មាន​សិទ្ធិ​មក​ធ្វើ​បុណ្យ​ដែរ ដូច​ខ្ញុំ​ជា​សាសនិក​»​។

ព្រះតេជគុណ ប៊ុន សំបូរ ដែល​បាន​សាង​ផ្នួស​នៅ​ទឹកដី​ប្រទេស​ឥណ្ឌា និង​បាន​មក​ចូលរួម​ពិធីបុណ្យ​មាឃបូជា​នា​ថ្ងៃទី ១៩ ខែ​កុម្ភៈ​នេះ​បាន​មាន​សង្ឃដីកា​រៀបរាប់​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា​ថា​៖ «​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា​ទី​ ១ គឺជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូ​នៃ​យើង ព្រះអង្គ​បាន​ដាក់​អាយុសង្ខារ​មាន​ន័យ​ថា​ ៣ ​ខែ​ទៀត​ព្រះអង្គ​នឹង​ចូល​បរិនិពាន្វ​។ អត្ថន័យ​ទី​ ២ គឺជា​ថ្ងៃ​ដែល​​ព្រះសម្មាសម្ពុទ្ធ​បាន​ប្រកាស​នូវ​ឱវាទបាតិមោក្ខ​ដែល​ជា​បេះដូង​ធម៌​កិរិយា​មិន​ធ្វើ​នូវ​បាប​កិរិយា មិន​ធ្វើ​នូវ​កុសលកិរិយា ជម្រះ​ចិត្ត​ឲ្យ​ល្អ​ផូរផង់ និង​ជា​ថ្ងៃ​ប្រកាស​បង្កើត​សាសនាព្រះពុទ្ធ​ដែល​ក៏​មាន​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ ១ ​ទៀត​គឺ​មាន​ការជួបប្រជុំ​ភិក្ខុ​ទាំង ១២៥០ រូប​ដែល​ជា​ការជួប​ដោយ​ឯកឯង មិន​មាន​ការ​ណាត់​ទុក​ទើប​បាន​ជា​ព្រះអង្គ​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​ក្នុង​ពុទ្ធសាសនា​»​។

ព្រះអង្គ ប៊ុន សំបូរ បាន​ស្នើឲ្យ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​គួរ​តែ​ដើរ​តាម និង​បន្ត​ប្រតិបត្តិ​អំពើ​របស់​ចាស់ទុំ​ដែល​ជា​មាគ៌ា​នាំ​មក​នូវ​សេចក្តីសុខ និង​ត្រូវ​ចូលរួម​គាំទ្រ អភិរក្ស ការពារ​នូវ​ព្រះពុទ្ធសាសនា ដើម្បី​តាំង​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា​៖ «​កាលបើ​យើង​នាំ​គ្នា​ខ្វះ​សីលទាន ខ្វះ​សទ្ធា ខ្វះ​ការជឿជាក់​គោរព​ប្រតិបត្តិ ព្រះពុទ្ធសាសនា​ក៏​រលំរលាយ​តាម​ហ្នឹង​ដែរ​។ យ៉ាងណា​ពុទ្ធបរិស័ទ​នាំ​គ្នា​គោរព​បាន​មាំមួន ព្រះពុទ្ធសាសនា​ក៏​នឹង​រីកចម្រើន​ផង​ដែរ​»៕

ទិដ្ឋភាព​បុណ្យមាឃបូជា​នៅ​វត្ត​គល់​ទទឹង​ដែល​ល្បី​ប្រណិប័តន៍​វិន័យ​បាន​ល្អ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖