ភ្នំពេញ: លើកចង្អុលដៃដាក់លើបបូរមាត់ ជាសញ្ញាប្រាប់ឲ្យស្ងៀមស្ងាត់ និងយកចិត្ដទុកដាក់ស្ដាប់ការពន្យល់ណែនាំអំពីលក្ខខណ្ឌនៃការប្រកួត យុវជនវ័យ ២៣ ឆ្នាំ ក្នុងឯកសណ្ឋានអាវ យឺតក្រហមខោខ្មៅស្បែកជើងកីឡា ឈរកណ្ដាលវង់កុមារា និងកុមារីគ្រងឈុតកីឡាបាល់ទាត់ចម្រុះពណ៌ស្ថិតក្នុងបរិវេណសាលារៀន បាននិយាយប្រាប់ថា «មុននឹងស៊ុតបាល់បញ្ចូលទីគូប្រកួតក្រុមម្ខាងៗត្រូវបោះបាល់ទៅឲ្យសមាជិកក្រុមជានារីសិន»។
យុវជន ទិត្យ សុវណ្ណារ៉ា ជាអ្នករស់នៅក្នុងតំបន់ជម្រកបណ្ដោះអាសន្ន ឬសំណង់អនាធិបតេយ្យបឹងកក់ដែលល្បីស្អុយអសោចរឿងអំពើអបាយមុខ និងគ្រឿងញៀនបានពន្យល់ប្រាប់លក្ខខណ្ឌចំពោះការលេងបាល់ទាត់នោះថា៖ «ក្រុមនីមួយៗត្រូវមានសមាជិកទាំងស្រីនិងប្រុសហើយមុនពេលទាត់បញ្ចូលទីសមាជិកប្រុសស្រីត្រូវហុចបាល់ឲ្យគ្នាសិន ដោយមិនអាចប្រុសប៉ះបាល់ឲ្យប្រុស រួចស៊ុតនោះឡើយ»។
ក្រោមប្រធានបទកីឡា និងការអប់រំគម្រោង «Play to Progress» កាលពីដើមឆ្នាំ ២០១៨ ត្រូវបានបង្កើតឡើងដោយ សុវណ្ណារ៉ា ជាផ្លូវការ ដែលមានគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាសង្គម និងលើកកម្ពស់តម្លៃស្ដ្រីតាមរយៈកីឡាដល់កុមារា និងកុមារីរស់នៅក្នុងសហគមន៍មិនសូវមានលទ្ធភាពចំពោះឱកាសលេងកីឡា។
ដោយខ្លួនឯងជាអ្នកចូលចិត្ដលេងកីឡាតាំងពីកុមារភាពរហូតដល់ហក់ចេញផុតពីអន្ទាក់អបាយមុខ សុវណ្ណារ៉ា បានរំឭកថា៖ «ខ្ញុំស្រឡាញ់បាល់ទាត់ តែមិនសំខាន់ជាងការផ្ដល់ឱកាសឲ្យកុមារក្រីក្រអភិវឌ្ឍខ្លួននោះទេ។ វាទើបក្ដីសុបិនរបស់ខ្ញុំ។ កីឡាជាយានចម្លងខ្ញុំឲ្យសម្រេចជោគជ័យ។ កីឡាជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់ខ្ញុំហើយពេលនេះ វាក៏មានប្រសិទ្ធភាពចំពោះអ្នកដទៃផងដែរ»។
ផ្ដើមពីការចំណាយពេលវេលា កម្លាំងញើសឈាម និងប្រាក់ហោប៉ៅបន្ដិចបន្ដួច ផ្សែផ្សំមូលនិធិពីមិត្ដភក្តិ កីឡាករក្របខ័ណ្ឌពានពាក់កណ្ដាលអាជីព ដែលទើបលើកពាន KMH Champions League រូបនេះត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែង Beyond Sport Foundation លើកទី ១០ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា ខាងមុខនេះ។
ជាបេក្ខជនរបស់កម្ពុជាដំបូងបំផុតក្នុងចំណោមបេក្ខភាព ៤០០ នាក់មកពី ៣៣ ប្រទេស ២៣ ប្រភេទកីឡា និង ១០ ជំពូក អ្នកជាប់ក្នុងបញ្ជីសម្រាំងមកពីជុំវិញពិភពលោក ជាបុគ្គលជួយដល់សង្គមតាមរយៈកីឡាដោយប្រើវិធីសាស្ត្រច្នៃប្រឌិត និងលើកទឹកចិត្ដខ្ពស់។
កីឡាករបាល់ទាត់ពាក់កណ្ដាលអាជីព និងជាអ្នកសម្របសម្រួលផ្នែកកីឡានៅអង្គការរូបនេះ បានបន្ថែមថា៖ «វាជាជោគជ័យដ៏សម្បើម ដែលកុមារទាំងនេះបានយល់ដឹង និងអភិវឌ្ឍជីវិតពួកគេ។ ខ្ញុំនៅបន្ដកិច្ចការប្រចាំថ្ងៃធម្មតា តែខ្ញុំសង្ឃឹមថានឹងបន្ដអភិវឌ្ឍគម្រោង Play to Progress នេះទៀត។ ខ្ញុំមានមោទនភាពដែលត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងពានអន្ដរជាតិ»។
ស្ថិតក្នុងប្រភេទកីឡាលើកស្ទួយសុខភាព និងសុវត្ថិភាព (Promoting Health and Well-being through Inclusive Sport) កម្មវិធី «Play to Progress» បានដំណើរការ ៦ ខែបានបើកវគ្គបណ្ដុះបណ្ដាល ៦ ដងនៅក្នុងខេត្ដកំពត ក្រុងភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដកំពង់ស្ពឺ។ នៅខេត្ដកំពត ផ្ដោតលើចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ហើយនៅកំពង់ស្ពឺ កុមារតែ ២ នាក់ក្នុងចំណោម ៥ នាក់គិតថា ស្ដ្រីអាចមានសមត្ថភាពក្លាយជាមេដឹកនាំ។ ពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល ពួកគេបានយល់ដឹងកាន់តែច្រើន។
លោកបានបញ្ជាក់ទៀតថា៖ «មានវិធីជាច្រើនដែលសប្បុរសជនគ្រប់រូបអាចជួយយើងបាន។ បើលោកអ្នកស្គាល់សហគមន៍ក្នុងខេត្ដណាដែលមានកុមារខ្វះលទ្ធភាព អាចទាក់ទងមកយើងខ្ញុំ។ លោកអ្នកអាចជួយជាហិរញ្ញវត្ថុ និងស្ម័គ្រចិត្ដលើកម្មវិធី តាមរយៈហ្វេសប៊ុក www.facebook.com/playtoprogress»។
អង្គការមូលនិធិ Beyond Sport Foundation ជាអង្គភាពប្រារឰ គាំទ្រ ផ្សព្វផ្សាយចំណេះដឹង និងផ្ដល់មូលនិធិដល់អង្គការ និងស្ថាប័នដែលប្រើកីឡាជួយសម្រេចគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ៕