The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​កម្ពុជា បង្កើត​រ៉ូបូតមាន​សមត្ថភាព​ដូច​ទៅ​នឹង​មនុស្ស

យុវជន​កម្ពុជា បង្កើត​រ៉ូបូតមាន​សមត្ថភាព​ដូច​ទៅ​នឹង​មនុស្ស

Content image - Phnom Penh Post
Robotcam មាន​អាយុ ១ ​ឆ្នាំ​ទម្ងន់ ៤៥​គីឡូក្រាម និង​ចំណាយ​ថវិកា​ធ្វើ​ជិត ២ ​ម៉ឺន​ដុល្លារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យុវជន​កម្ពុជា បង្កើត​រ៉ូបូតមាន​សមត្ថភាព​ដូច​ទៅ​នឹង​មនុស្ស

ភ្នំពេញៈ វិស័យ​រ៉ូបូត​នៅ​កម្ពុជា​កំពុង​តែ​មាន​ការរីកចម្រើន​ជឿនលឿន​គួរ​ឲ្យ​កត់សម្គាល់ ទន្ទឹម​នឹង​នោះ​ក៏​មាន​ការបង្កើត​នូវ​ការប្រកួត​រ៉ូបូត​ជាច្រើន​សម្រាប់​សិស្សានុសិស្ស និង​និស្សិត​ដែល​សិក្សា​ជំនាញ​រ៉ូបូត​ផ្ទាល់ ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។

ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak) ជា​ប្រភេទ​រ៉ូបូត Humanoid ដែល​រូបរាង​ដូច​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ក្នុង​ការឆ្លើយឆ្លង និង​ធ្វើ​សកម្មភាព​ផ្សេងៗ​។

លោក សុភ័ណ វោហា អ្នកដឹកនាំ​ការផលិត​រ៉ូបូត និង​ជា​គ្រូបង្រៀន​ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កុសមៈ​បាន​ប្រាប់​ឲ្យ​ភ្នំពេញ-ប៉ុស្តិ៍​ដឹងថា​៖ «Robocam គឺជា humanoid ដែល​អាច​និយាយ​ឆ្លើយឆ្លង​ពេល​យើង​សួរ​សំណួរ ហើយ​វា​នឹង​ឆ្លើយ​មក​កាន់​យើង​វិញ​នៅក្នុង​ ២ ​ភាសា​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​វា​អាច​ចងចាំ​មុខ​មនុស្ស​បាន នៅពេល​វា​ឃើញ​មុខ​មនុស្ស​វា​ស្គាល់ វា​ហៅ​ឈ្មោះ​អ្នកនោះ​អាច​ងាក​ទៅ​តាម​មនុស្ស​បាន និង​អាច​ដើរ​បាន​»​។

លោក​បាន​បន្ថែម​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​បង្កើត​រ៉ូបូត​ហ្នឹង ដំបូង​ខ្ញុំ​ពិភាក្សា​ជាមួយ​ក្រុម ថា​ចង់​បង្កើត​រ៉ូបូត​ (Robot AI)​មួយ​ដោយ​ស្នាដៃ​ពួក​ខ្ញុំ ព្រោះ​បរទេស​គេ​ធ្វើ​វា​រួច​ហើយ អ៊ីចឹង​ពួកយើង​ក៏​ចាប់ផ្តើម​កាលពី​ជាង​ ១ ​ឆ្នាំ​មុន ដំណាក់កាល​ទី​ ១ ពួកខ្ញុំ Design ត្រឹម​តែ​ក្បាល​ទេ ហើយ​ពេល​នេះ​យើង​ក៏​បាន​បង្កើត robot ជា​រូបរាង​មនុស្ស​ទាំង​ស្រុង​តែ​ម្តង​»​។

Content image - Phnom Penh Post
រ៉ូបូត​នេះ​សម្រេច​បាន​ចំនួន ៩០ ​ភាគរយ​ហើយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

Robocam ចែកចេញ​ជា​ ៣ ​ផ្នែក​ដូចជា​៖ ក្បាល ខ្លួន និង​ជើង​។ ក្បាល​របស់​រ៉ូបូត​អាច​ងាក ឬ​ធ្វើ​ចលនា​បត់​ឆ្វេង ស្តាំ​ដូចជា​មនុស្ស​ទូទៅ ចំណែក​ភ្នែក​អាច​បើក និង​បិទ និង​មាន​កាមេរ៉ា​បង្កប់​លើ​ថ្ងាស​សម្រាប់​មើល រីឯ​មាត់​អាច​ធ្វើ​ការនិយាយ​ស្រប​ជាមួយ​ភាសា​ដែល​ខ្លួន​នឹង​និយាយ ទន្ទឹម​នឹង​នេះ​ផ្នែក​ក្បាល​ក៏​មាន​សក់ និង​ស្រោប silicon លើ​ក្បាល​មនុស្ស​យន្ត​ដែល​លក្ខណៈ​ដូចជា​មុខមាត់​មនុស្ស​។

ផ្នែក​ខ្លួន​នៅ​ត្រង់​កណ្តាល​ទ្រូង​មាន​អេក្រង់ (Screen) សម្រាប់​បង្ហាញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ ឬ​សម្រាប់​ការបន្ថែម​កម្មវិធី​ផ្សេងៗ ចំណែក​ដៃ​អាច​ធ្វើ​ចលនា​ចាប់​កាន់ និង​លើក​ចុះឡើង ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​ដូចជា​កាយវិការ​មនុស្ស​នៅ​ឡើយ​ទេ ជាមួយ​គ្នា​នេះ​រ៉ូបូត​នេះ​ក៏​មាន​អាវ​សម្រាប់​បិទបាំង​អេក្រង់ (Screen) និង​សម្រាប់​បង្កើត​នូវ​សោភណភាព​ផង​ដែរ​។

រីឯ​ផ្នែក​ជើង​របស់​រ៉ូបូត​អាច​ធ្វើ​ចលនា​ដើរ​បាន​ផងដែរ​។ រ៉ូបូត​នេះ​ក៏​មាន​ខោ​ផង​ដែរ តែ​មិន​មាន​ជា​សាច់​ក្រណាត់​ធម្មតា​នោះ​ទេ​គឺជា​ខោ​ដែល​នឹង​យក​មក​បិទ​លើ​លោហៈ ដើម្បី​បិទបាំង​គ្រឿង​ខាង​ក្នុង​របស់​រ៉ូបូត​។

ទាក់ទង​នឹង​ផល​លំបាក​លោក សុភ័ណ វោហា បញ្ជាក់ថា ក្រុម​របស់​លោក​សុទ្ធ​ជា​វិស្វករ​អគ្គិសនី និង​អេឡិចត្រូនិក ចំណែក​ផ្នែក​មេកានិក សមាជិក​របស់​លោក​ទាំងអស់​មិន​មាន​ជំនាញ​ឡើយ ដូចនេះ​លោក​ត្រូវ​ងាក​មក​សិក្សា​ជំនាញ​មេកានិក​បន្ថែម​រួម​ទាំង​ការរចនា (Design) រូបរាង និង​គំនិត​ក្នុង​ការធ្វើឲ្យ​ចលនា​របស់​រ៉ូបូត​ដំណើរការ​បាន​ល្អ និង​ចំណាយពេល​ធ្វើ​តេស្ត​ជាច្រើន​លើក​។

ចំណែក Program សម្រាប់​រ៉ូបូត​នេះ​ចែកចេញ​ជា​ ២ ​ផ្នែក​រួមមាន​៖ ផ្នែក program របស់​អេឡិចត្រូនិក​សម្រាប់​ប្រើ​លើ​ការបញ្ជា​ផ្នែក​ក្បាល និង​តួខ្លួន​ទាំងអស់​។ ចំណែក​មួយ​ទៀត​គឺ pragram ខាង​ផ្នែក IT​។

សមាជិក​មួយ​រូប​ទៀត​លោក ជ្រិន ជីវ៉ា គ្រូបង្រៀន​ផ្នែក Program Electronic បាន​បង្ហាញ​ពី​ការលំបាក​ទាក់ទង​នឹង​ Program ​ថា​៖ «​យើង​ប្រើ​ភាសា Python ធ្វើ​ម៉េចឲ្យ​រ៉ូបូត​ចេះ​គិត​ពិចារណា និង​ឆ្លើយឆ្លង​ជាមួយ​យើង​បាន​។ មួយ​ទៀត​បញ្ហា​ខាង​ភាសា​ខ្មែរ​គឺ​ពិបាក​ក្នុង​ការកំណត់​ឲ្យ​រ៉ូបូត​ទទួល​បាន​ព័ត៌មាន​ពី​មនុស្ស​ដែល​និយាយ​ភាសា​ខ្មែរ​បន្តិច ទាំង​សំឡេង និង​ការឆ្លើយឆ្លង តែ​បើ​អង់គ្លេស​អត់​មាន​បញ្ហា​ទេ​។ យើង​យក System របស់ google ដែល​ជា​សំឡេង​ស្រី​មក​ប្រើ តែ​យើង​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​សំឡេង​ប្រុស ហើយ​ខ្ញុំ​បង្កើត​វា​ដោយ​ខ្លួនឯង​»​។

រ៉ូបូត​ឈ្មោះ Robocam នេះ​មាន​អាយុ​ ១ ​ឆ្នាំ​ទម្ងន់ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤ ​នាក់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ និង​ចំណាយ​អស់​ជិត ២០០០០ ​ម៉ឺន​ដុល្លារ​។

រ៉ូបូត​នេះ​សម្រេច​បាន​ចំនួន​ ៩០ ​ភាគរយ និង​ត្រៀម​សម្រេច​ឲ្យ​បាន​ ១០០ ​ភាគរយ ដើម្បី​យក​ទៅ​តាំង​បង្ហាញ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​។

ទៅ​ថ្ងៃ​អនាគត​លោក វោហា គ្រោង​អភិវឌ្ឍ​រ៉ូបូត​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​រួម​ទាំង​លទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទំនាក់ទំនង ការដើរ និង​រូបរាង​ឲ្យ​បាន​ស្អាត​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍