ភ្នំពេញ: មនុស្ស​ភាគច្រើន​ច្បាស់​ជា​មិន​ដឹង​ថា ប្រាង្គ​ប្រាសាទតូចៗ​ចំនួន ៣ ក្នុង​ខេត្ដ​កំពង់ឆ្នាំង​ត្រូវ​បាន​កសាង​ឡើង​តាំងពី​សម័យ​ចេនឡា (​សតវត្សរ៍​ទី ៨) ហើយ​ក៏​មិន​ប្រាកដ​ថា ចេតិយ​មួយ​ក្នុង​អារាម​ភ្នៀត​សិម្ពលី​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​ ១៦ ដើម្បី​តម្កល់​ព្រះសព​ចៅអធិការ​វត្ដ​ឡើយ​។ ចុះ​កាហ្វេ​ផ្ទះ​បុរាណ​ដែល​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៣១?

បើ​អគារ​ចំណាស់ៗ​ទាំងនេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ អ៊ីចឹង​ឱកាស​បាន​ឃើញ​រូបថត​អគារ​បុរាណ​ជាច្រើន​សន្ធឹក​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​តែ​ ១ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ខាង​មុខ​នេះ​។

ពិព័រណ៍​រូបថត​អគារ​កេរដំណែល​ដែល​ត្រូវ​បាន​មើលរំលង ឬ (Underrated Heritage Buildings Photo Exhibition) ជា​ការប្រមែប្រមូល​រូបថត​អគារ​ចំណាស់​ចំនួន ៥០ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បណ្ណសារក្ស​អនឡាញ ស្រ៊ិន សុខមាន អាយុ ២៦ ឆ្នាំ​រយៈពេល ៣ ថ្ងៃ​នៅ​សាល​វិចិត្រ​ក្បាច់​នៅ Factory Phnom Penh ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​។

រោងភាពយន្ត គឹម សឹង សាងសង់​ចន្លោះ​ឆ្នាំ ១៩៣០-៤០​។ រូបថត សហការី

លោក សុខមាន ដែល​ធ្វើ​ដំណើរ​គ្រប់​ច្រកល្ហក​ដើម្បី​ផ្ដិត​យក​រូបភាព​អគារ​បុរាណ​បាន​និយាយ​ថា​៖ «​គោលបំណង​ចម្បង​របស់​ខ្ញុំ​គឺ​លើក​កម្ពស់​ដល់​មហាជន​អំពី​អគារ​កេរដំណែល​នៅ​កម្ពុជា​ទាំងអស់​ដែល​ត្រូវ​បាន​គេ​មើលរំលង និង​មិន​ផ្ដល់​តម្លៃ​។ អគារ​ទាំងនោះ​សុទ្ធតែ​មាន​តម្លៃ​ពិសេស​រៀងៗ​ខ្លួន តែ​ជា​អកុសល​ភាព​លេចធ្លោ​នៃ​អគារ​ភាគច្រើន​ត្រូវ​បាន​បិទបាំង ដោយសារ​តែ​ប្រជាប្រិយភាព​នៃ​គោលដៅ​ទេសចរណ៍​ល្បីៗ​ក្នុង​បណ្ដា​ខេត្ដ​ទាំងនោះ​។ តាមរយៈ​ការចូលរួម​ចំណែក​ផ្សព្វផ្សាយ​តាមរយៈ​កម្មវិធី​ពិព័រណ៍​នេះ​មរកត​ស្ថាបត្យកម្ម​ទាំងនោះ​ច្បាស់​ជា​នឹង​ត្រូវ​បាន​លើកស្ទួយ និង​អភិរក្ស​កាន់តែ​ល្អប្រសើរ​។ សង្ឃឹម​ថា​ភ្ញៀវ អ្នកស្រាវជ្រាវ និស្សិត​ស្ថាបត្យកម្ម និង​ផលិតករ​ភាពយន្ដ​នឹង​បន្ដ​ស្វែងរក​អគារ​ចាស់ៗ ហើយ​សហគមន៍​ជនបទ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​មក​វិញ​»​។

លោក​បាន​ប្រៀបធៀប​ការស្រាវជ្រាវ​រយៈពេល ១០ ឆ្នាំ​ របស់​ខ្លួន​ទៅ​នឹង​គម្រោង​សប្បុរសធម៌ ហើយ​លោក​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​បាន​ដឹង​អំពី​គម្រោង​សប្បុរសធម៌​ថ្មី​នេះ​ជា​ជាង​គិត​ដល់​តែ​ពី​ការប្រគំតន្ដ្រី​សប្បុរសធម៌​។

រោងចក្រ​ក្រដាស​នៅ​ខេត្ត​ក្រចេះ​។ រូបថត សហការី

លោក​បន្ដ​ថា​៖ «​យើង​នឹង​ផ្ដល់​ឱកាស​ដ៏យុត្ដិធម៌​នៃ​សប្បុរសធម៌​នេះ​ដល់​មនុស្ស​គ្រប់រូប​ដូចជា អ្នក​ស្ម័គ្រចិត្ដ​វ័យក្មេង សិល្ប​ករចាស់ៗ តារាវ័យក្មេង និង​អ្នកស្រាវជ្រាវ​មិន​ស្វែងរក​ចំណូល​ជាដើម​។ ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​យល់​ពី​គោលបំណង​របស់​ខ្ញុំ​កាន់តែ​ច្បាស់ និង​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សុខមាន ទទួល​បាន​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) និង​បញ្ចប់​ការសិក្សា​ផ្នែក​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ​ ២០១៤ មុនពេល​លោក​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ទស្សនាវដ្ដី SOVRIN និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​។ ក្នុង​ឆ្នាំ​ ២០១២ លោក​បាន​បង្កើត​ទំព័រ​វេបសាយ Amazing Cambodia ដើម្បី​ផ្ដល់​ជា​ចំណេះដឹង និង​ការចងចាំ​នៃ​រឿង​អតីត​តាមរយៈ​រូបភាព​អគារ​បុរាណ​ទាំងនេះ​។

ព្រះវិហារ Carmelite Chapel ដែល​មាន​អាយុកាល​ ១ ​សតវត្សរ៍​។ រូបថត សហការី

លោក​និយាយ​ថា​៖ «​ខ្ញុំ​ផ្ដើម​ប្រមែប្រមូល​ថតរូប​អគារ​ចាស់ៗ​តាំងពី​រៀន​នៅ​វិទ្យាល័យ ហើយ​ក្នុង​ឆ្នាំ​ ២០១៣ ខ្ញុំ​ចាប់ផ្ដើម​ដំណើរ​រុករក និង​ផ្ដិត​យក​រូបភាព​អគារ​ទាំងនោះ​តែ​ម្នាក់ឯង​តាមរយៈ​មធ្យោបាយ និង​ថវិកា​ផ្ទាល់​ខ្លួន​»​។

សុខមាន បាន​រៀបរាប់​ថា​រោង​ភាពយន្ដ​ គឹម សឹង ​ដំណើរការ​ចន្លោះ​ឆ្នាំ​ ១៩៣០-៤០ និង​ឆ្នាំ​ ១៩៧៥ នៅ​វិថី​ ១៤៤ ផ្សារកណ្ដាល កាហ្វេ​ផ្ទះ​បុរាណ កសាង​ក្នុង​ឆ្នាំ​ ១៩៣១ ផ្លូវជាតិ​លេខ ៥ ឫស្សីកែវ ចេតិយបុរាណ វត្ដ​ភ្នៀតសិម្ពលី​ក្នុង​រជ្ជកាល​ព្រះមហាក្សត្រ​ចន្ទរាជា (១៥១៦-១៥៦៦) ដើម្បី​តម្កល់​ព្រះសព​ចៅអធិការវត្ដ​ជាដើម​។

លទ្ធផល​នៃ​ការស្រាវជ្រាវ ១០ ឆ្នាំ​គឺជា​រូបភាព ៥០ សន្លឹក​ស្ដីពី​អគារ​បុរាណ ៥០ ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពត ត្បូងឃ្មុំ និង​ព្រៃវែង ដែល​សុទ្ធសឹង​កើត​ចេញ​ពី​ទឹកដៃ​ថត​របស់​លោក​ទាំងអស់​។

សំណង់​បេតិកភណ្ឌ​ដែល​នៅ​សេសសល់​ក្នុង​សភាព​ទ្រុឌទ្រោម​។ រូបថត សហការី

ជាមួយ​តម្លៃ​សំបុត្រ ៥ ​ដុល្លារ​អ្នកចូលរួម​នឹង​បាន​ឃើញ​រូបថត​អគារ​ចាស់ៗ ៥០ ជាមួយ​ការសម្ដែង​របាំ​បុរាណ​ពី​សិល្បករ​ឆ្នើម​។

ពិព័រណ៍​រូបថត​អគារ​កេរតំណែល​ដែល​ត្រូវ​បាន​មើលរំលង​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាលវិចិត្រ​ក្បាច់ ឯ​តាម​ផ្លូវ​ជាតិ​លេខ ២ ទល់​មុខ​វត្ដ​ចាក់អង្រែ​លើ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សុំ​ទាក់ទង​អ្នក​រៀបចំ​កម្មវិធី​តាមរយៈ លេខ ០៦៩ ៦៦៤ ៨៦៩៕