ភ្នំពេញ៖​ ​​គំនិត​គិតគូរ​បរិស្ថាន ដប និង​កែវ​ទឹក​ឫស្សី មិន​ត្រឹមតែ​ជួយ​​កាត់​បន្ថយ​សំរាម​ប្លាស្ទិក​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ។ ​​រចនាប័ទ្ម​​សិល្បៈ​ខ្មែរ​ជា​​​​រូប​ឆ្លាក់​ល្ខោន​​ខោល ល្ខោន​បាសាក់ ​យ័ន្ត និង​សំណេរ​ឈ្មោះ រឹត​តែ​បន្ថែម​សោភណភាព​​​ដល់​ផលិតផល​ពី​​ធម្មជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​បរិស្ថាន និង​ទាក់​ចិត្ត​យុវវ័យ​ឲ្យ​ជាវ​ ដប និង​កែវ​ឫស្សី​របស់​​​ Organic Lifestyle។

លោក​ ងឺ សុវណ្ណារិទ្ធ​ ស្ថាបនិក​ និង​អ្នក​ចាត់​ការ​ទូទៅ​ហាង​ Organic Lifestyle បាន​សម្រេច​ចិត្ត​​បើក​ហាង​លក់​​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ផលិត​ចេញ​​ពី​ឫស្សី​ ដើម្បី​​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​ចូលរួម​​ការពារ​បរិស្ថាន​​។

ម្ចាស់ហាង​លក់​ផលិតផល​គិត​គូរ​ដល់​បរិស្ថាន​រូប​នេះ​​​បាន​លើក​ឡើង​ថា៖ «ហាង​របស់​យើង​មាន​អាយុកាល​នៅ​ក្មេង​​ខ្ចី​​ណាស់​​ ព្រោះ​យើង​ទើប​​តែ​​បើក​បាន​ ១ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ បើ​​គិត​ពី​ថ្ងៃ​បើក​ដំបូង​នៅ​ខែ​តុលា​ ឆ្នាំ ​២០១៩ ហើយ​ផលិតផល​ដំបូង​របស់​យើង​គឺ​ ទុយោស្មៅ បន្ទាប់​មក​ទើប​យើង​​មាន​ផលិត​សម្ភារ​ប្រើប្រាស់​បែប​បរិស្ថាន​ផ្សេងៗ​ទៀត​​»។

ក្នុង​ដំណើរការ​ជាង ​១ ឆ្នាំ​នេះ ​ក្រុម​ការងារ​របស់​ ​សុវណ្ណារិទ្ធ​ បាន​​ផលិត​​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ដែល​គ្មាន​​សារធាតុ​ប្លាស្ទិក​ ​ដោយ​ផលិត​ពី​ឫស្សី​ដូច​ជា​ កែវទឹក ដបទឹក ​សម​ ស្លាបព្រា ចង្កឹះ​​ ច្រាស​ដុសធ្មេញ​ សាប៊ូ​ដុស​ខ្លួន​សរីរាង្គ​ ​​ទុយោ​ឫស្សី​ និង​ទុយោ​ផលិត​ពី​អង្ករ​។

ក្នុង​ចំណោម​ផលិតផល​ទាំង​នោះ ដប និង​កែវ​ទឹក​​​ឫស្សី ទទួល​បាន​ចំណាប់​អារម្មណ៍​គួរ​ឲ្យ​​កត់​សម្គាល់​ ដោយ​​មាន​ការ​​​ឆ្លាក់​បន្ថែម​​នូវ​ឈ្មោះ​ អក្សរ​ ពាក្យ​ស្លោក​ និង​រូបភាព​ផ្សេងៗ​​ ដូចជា​ រូប​យ័ន្ត​ តុក្តតា​ រូប​មនុស្ស​​។

ដើម្បី​ផ្សារ​ភ្ជាប់​ផលិតផល​ពី​ធម្មជាតិ​ទៅ​​​នឹង​កេរដំណែល​សិល្បៈ​​​ខ្មែរ លោក​បាន​នឹក​ឃើញ​ឆ្លាក់​​រូប​ល្ខោន​ខោល​ ល្ខោន​​បាសាក់ ​ជា​អត្តសញ្ញាណ​ខ្មែរ​នៅ​​​កែវទឹក​ និង​ដប​ទឹក​​ឫស្សី​ ទាំង​នោះ​​ក្នុង​គោល​បំណង​​​ចូលរួម​លើក​​តម្កើង​វប្បធម៌​បុរាណ​ខ្មែរ​​ពី​ដូនតា។ ​

ដបទឹកឫស្សី​ដែលអាចរក្សា​សីតុណ្ហភាព និង​កែវ​​រូប​ល្ខោន​បាសាក់​។ រូបថត សហ​ការី

ការច្នៃ​ប្រឌិត​ថ្មី​នេះ ក៏​រួម​ចំណែក​​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​អ្នក​ស្នេហា​បរិស្ថាន និង​សិល្បៈ​ ​ទទួល​បាន​​នូវ​របស់​​​ប្រើប្រាស់​​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ភាព​លេច​ធ្លោ​ប្លែក​ពី​គេ​​​។

លោក​​​បាន​និយាយ​ថា​​៖ ​«ការ​​យក​​តួអង្គ​ល្ខោន​ខោល​ ឬ​ល្ខោន​បាសាក់​មក​កែច្នៃ​ ឆ្លាក់​លើ​ដប​ទឹក​នេះ​ ដោយសារ​យើង​ចង់​ឲ្យ​ប្រជាជន​​បាន​ស្គាល់​កាន់​តែ​ច្រើន​ថែម​ទៀត​ ពី​កេរ​ដំណែល ​​ដែល​ដូនតា​យើង​បាន​បន្សល់​ទុក​មក​ ដើម្បី​ក្រើន​រំឭក​ឲ្យ​ប្រជាជន​ចូលរួម​ថែរក្សា​មរតក​ជាតិ​ ព្រោះ​ល្ខោន​ខោល​ ជាសិល្បៈ​ល្ខោន​មួយ​មាន​កំណើត​ចំណាស់​ជាង​គេ​នៅ​កម្ពុជា​»​​។

កែវ​ឫស្សី​ ចំណុះ ​៤៥០ មិល្លីលីត្រ មិន​​មាន​ឆ្លាក់​​ឈ្មោះ មាន​តម្លៃ​​ ១៣​ ដុល្លារ​​ និង​មាន​​ឆ្លាក់​ឈ្មោះ​តម្លៃ​ ១៦​ ដុល្លារ។ ​ដប​ទឹក​ឫស្សី​ ចំណុះ ​៥០០ មិល្លីលីត្រ អត់​មាន​ឈ្មោះ​ តម្លៃ ​១៦​ ដុល្លារ​ និង​មាន​ឆ្លាក់​ឈ្មោះ​ តម្លៃ ១៩ ដុល្លារ​។​ ដប​ទឹក​រូប​យ័ន្ត​ ចំណុះ​ ៥០០ ​ មិល្លីលីត្រ​​ អាច​រក្សា​សីតុណ្ហភាព​បាន​​ ២៤ ម៉ោង ​តម្លៃ​ ១៩ ​ដុល្លារ​។

តម្លៃ​កែវ​ទឹក​ឫស្សី​​រូប​ល្ខោន​ខោល​​មាន​​តម្លៃ​​ ៤,៩ ដុល្លារ​ មាន​បន្ថែម​ទុយោ​ឫស្សី​មួយ​។

ជាមួយ​​​ឆន្ទៈ​ចូលរួម​ ថែរក្សា​សិល្បៈ​ដូនតា​​មួយ​នេះ​ ម្ចាស់​ហាង Organic Lifestyle លោក សុវណ្ណារិទ្ធ​ ក៏​លៃលក​​ថវិកា​​មួយ​ចំនួន​ ដែល​បាន​ពី​ការ​​លក់​ដប​ទឹក​រូប​ល្ខោន​ខោល​ និង​ល្ខោន​បាសាក់​ ទៅ​​បរិច្ចាគ​ជូន​ក្រុម​សិល្បករ​​សិល្បការិនី​​លោ្ខន​​ ដើម្បី​ទ្រទ្រង់​ការ​សម្ដែង។

ក្នុង​នោះ​ថវិកា​ ចំនួន ​​០,៥​ ដុល្លារ​ពី​ការ​លក់​កែវ​​ទឹក​ឫស្សី​​រូប​ល្ខោន​ខោល​​នីមួយៗ​​នឹង​ត្រូវ​​បរិច្ចាគ​សម្រាប់​​ការ​សម្ដែង​ល្ខោន​ខោល​នា​ចុង​ឆ្នាំ​នេះ​។

អតិថិជន​ក៏​អាច​កុម្ម៉ង់​​ឆ្លាក់ឈ្មោះ​របស់ខ្លួន​នៅលើ​​កែវ និង​ដប​ឫស្សី។ រូបថត សហ​ការី

លោក ​វណ្ណារិទ្ធ ​បាន​រៀប​រាប់​ពី​ការ​ឆ្លាក់​រូប​នៅ​លើ​ដប​ទឹក​ថា​៖ «យើង​ចំណាយ​ពេល​យូរ​បន្តិច​ក្នុង​​ការ​ផលិត​រូប​​ទាំង​នេះ​ ជាក់​ស្តែង​ដូច​​​រូប​តួអង្គ​ហនុមាន​ នៃ​ល្ខោន​ខោល​នេះ​ យើង​ត្រូវ​ចំណាយ​ពេល​ប្រហែល​ ២ ​អាទិត្យ ​ក្នុង​ការ​ជ្រើសរើស​យក​តួអង្គ​ និង​សិក្សា​ទៅ​លើ​មកុដ​ ហើយ​ធ្វើ​ការ​រចនា​ឲ្យ​ប្រាកដ​ថា​ជា​បែបបទ​ខ្មែរ​សុទ្ធសាធ​ តែ​មាន​លក្ខណៈ​បែប​ទំនើប»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រោយ​ពី​ការ​រចនា​នៅ​លើ​កុំព្យូទ័រ​ យើង​ក៏​ត្រូវ​មើល​បន្ថែម​​នៅ​ពេល​ឆ្លាក់​ចេញ​ជា​រូបរាង​ពិត​នៅ​លើ​ដប​ទឹក​ជាក់​ស្តែង​ និង​ខាត់​កែ​ខៃ​វា​បន្ថែម​ទៀត​ ឲ្យ​មើល​ទៅ​មាន​រូបរាង​ស័ក្តិសម​ និង​មាន​សភាព​ស្រស់​ស្អាត​»។​

ដ្បិត​ហាង​ Organic Lifestyle មាន​វ័យ​ក្មេង​ខ្ចី​ក្នុង​អាជីវកម្ម​ តែ​មាន​សម្ទុះ​​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ ជា​ពិសេស​គឹ​​ ដប​ទឹក និង​កែវ​ទឹក​ឫស្សី​ ​រូប​ល្ខោន​ខោល​នេះ​តែ​ម្តង​។

ម្ចាស់​ហាង​​ផលិតផល​គិតគូរ​បរិស្ថាន​​​​រូប​នេះ​ បាន​បន្ត​ថា​៖ «មនុស្ស​សឹង​តែ​គ្រប់​វ័យ​ ធ្វើ​ការ​កុម៉្មង់​ និង​ទិញ​ដប​ទឹក​រូប​សិល្បៈ​ខ្មែរ​នេះ​ ហើយ​អតិថិជន​ ១ ភាគ​ធំ​ គឺ​ជា​យុវវ័យ​»។

លោក ​វណ្ណារិទ្ធ បាន​សម្ដែង​ចំណាប់​អារម្មណ៍​ទៀត​ថា៖ «យើង​រីករាយ​ខ្លាំង​ណាស់​ នៅ​ពេល​ឃើញ​ប្រជាជន​​ខ្មែរ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​យ៉ាង​ច្រើន​ដូច​នេះ​ មាន​ក្តី​ស្រឡាញ់​ និង​ការ​គាំទ្រ​ចំពោះ​ផលិតផល​មាន​រូប​ល្ខោន​ខ្មែរ​មួយ​នេះ»​។

ព័ត៌មាន​បន្ថែម ​សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេច​ @ Organic Lifestyle ជីវភាព​បែប​ធម្មជាតិ ឬ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ ០១៥ ២៥៣ ២៥៣​៕