ក្រុងតូក្យូ : ក្នុងផ្ទះបាយដ៏មមាញឹក ក្លិនឈ្ងុយភាយពេញច្រមុះ ខណៈមេចុងភៅ យូតុ ស៊ីណូហារ៉ា រៀបចំចម្អិនទឹកស៊ុបសម្រាប់មីរ៉ាមេន ដែលមិនមែនរម្ងាស់ពីសាច់ជ្រូក ឬមាន់។ អាថ៌កំបាំងនៃរសជាតិគ្រឿងផ្សំគឺជា ចង្រិត។
លោក ស៊ីណូហារ៉ា បានពន្យល់អំឡុងពេលកូរទឹកស៊ុបថា៖ «ក្នុងឆ្នាំងមួយនេះ យើងដាក់ចង្រិត ១ ម៉ឺនក្បាល ធ្វើជាទឹកស៊ុបសម្រាប់ ១០០ ចាន»។
មីស៊ុបរ៉ាមេន ផលិតដោយមេចុងភៅ ស៊ីណូហារ៉ា និងក្រុមកូនកាំបិន មានសម្រស់ និងក្លិនមិនខុសពីស៊ុបនៅតាមភោជនីយដ្ឋាននានាទូទាំងប្រទេសជប៉ុននោះទេ។
សរសៃមីពណ៌សនៅចំកណ្ដាលទឹកស៊ុប បន្ថែមដោយសាច់ជ្រូកប៉ុន្មានចំណិត និងជ្រក់ទំពាំងថែមទៀត។
អ្វីដែលខុសប្លែកតិចតួចនោះគឺថា មេចុងភៅវ័យ ២៦ ឆ្នាំ ស៊ីណូហារ៉ា ប្រើចង្រិតរម្ងាស់ជាទឹកស៊ុប ប្រេងធញ្ញជាតិ ទឹកស៊ីអ៊ីវ និងមី។
ចំណុចមួយទៀត ខុសត្រង់សត្វល្អិតលីងបន្ថែមជាគ្រឿងបន្ថែមរសជាតិ និងលម្អលើចានជាមួយស្លឹកមីស៊ូបា នៅលើចានស៊ុប។
លោក ស៊ីណូហារ៉ា មិនមែនជាមេចុងភៅជំនាញនោះទេ តាមពិត លោកគ្រាន់តែចាត់ទុកខ្លួនឯងជា «កុមារដី» ហើយវាជាអ្វីដែលលោកស្រឡាញ់គ្រប់ធម្មជាតិនៅលើដី រួមទាំង សត្វល្អិតផងដែរ។
ចុងភៅដែលមានទម្លាប់ទទួលទានសត្វល្អិតតាំងពីក្មេងរូបនេះ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «ខ្ញុំចង់ណែនាំនូវអារម្មណ៍ទទួលទានសត្វល្អិត។ ដូច្នេះសត្វល្អិតនឹងត្រូវបានចាត់ទុកដោយស្មើភាពទៅនឹងសត្វធំៗ និងរុក្ខជាតិដទៃទៀត»។
ខណៈបណ្ដាប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក អាមេរិកខាងត្បូង និងអូសេអានី មានប្រវត្តិទទួលទានសត្វល្អិតជាអាហារជាយូរលង់ណាស់មកហើយ មនុស្សជាច្រើន ជាពិសេសនៅបស្ចិមប្រទេស នៅតែខ្ពើមរអើមនឹងអាហារពីសត្វល្អិតនៅឡើយ។
អ្នកជំនាញបរិស្ថាន និងកសិកម្មបាន និងកំពុងព្យាយាមបំបែករនាំងទាំងនេះ ដោយផ្សព្វផ្សាយសត្វល្អិតជាធនធានសម្បូររ៉ែ និងប្រូតេអ៊ីនស្ទួយបរិស្ថាន។
លោកយល់ឃើញថា សត្វល្អិតជាអាហារឈ្ងុយឆ្ងាញ់ ដែលគួរតែដាក់ក្នុងបញ្ជីមុខម្ហូប ជាក់ស្ដែងមាន ដង្កូវមេអំបៅ ជាដើម។
ដង្កូវស្រោបស្លាបត្រូវបានចាត់ទុកជាសត្វល្អិនរំខានក្នុងប្រទេសជប៉ុន ដោយសារតែពួកវាមករោមបុប្ផាសាគូរ៉ារៀងរាល់ពេល។
យ៉ាងណាមិញ លោក ស៊ីណូហារ៉ា យល់ថា ដង្កូវមេអំបៅជាគ្រឿងផ្សំដ៏ពិសេស។
លោកបានប្រាប់ថា៖ «ពួកវាពិតជាឆ្ងាញ់ពិសា។ ពួកវាមានរសជាតិដូចបង្អែមជប៉ុន។ ដង្កូវទាំងនេះស៊ីតែស្លឹកសាគូរ៉ាប៉ុណ្ណោះ។ ដូច្នេះពួកវាពិតជាមានក្លិនឈ្ងុយ»។
លោក ស៊ីណាហារ៉ា និងក្រុមការងារមានគម្រោងបើកភោជនិយដ្ឋានសត្វល្អិតឈ្មោះ Antcicada នៅទីប្រជុំជនក្រុងតូក្យូ កាលពីខែមេសា តែត្រូវបង្ខំចិត្ដផ្អាកដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។
ផ្ទុយទៅវិញ ពួកគេរៀបចំមីស៊ុបរ៉េមេនចង្រិត ដែលអាចចម្អិននៅតាមផ្ទះ និងលក់តាមអនឡាញបានដល់ ៦០០ ឈុតកាលពីពាក់កណ្ដាលខែឧសភា។
លោក បានឲ្យដឹងថា៖ «អរគុណខ្លាំងណាស់ មីមួយឆ្នាំងចុងក្រោយនេះលក់អស់តែ ៣ ម៉ោងប៉ុណ្ណោះ»។
លោក ស៊ីណូហារ៉ា មានក្ដីរំពឹងខ្ពស់ចំពោះចង្វាក់ផលិតកម្មប្រើសត្វល្អិតនេះ រួមទាំង ស្រាបៀរផលិតពីសត្វចង្រិត និងទឹកតែច្នៃពីលាមកដង្កូវនាងផងដែរ។
លោកបានអះអាងថា៖ «ខ្ញុំមើលឃើញពីសក្ដានុពលយ៉ាងខ្លាំង»៕ AFP/HR