ភ្នំពេញ៖ នៅ​តែ​លើ​រទេះ​ជាង ២០ ​ឆ្នាំ​ ភាព​ពិការ​មិន​ត្រឹមតែ​មិន​ធ្វើ​ឱ្យ​លោក ប្រាក់ សុផាន់ណា​ រួញរា​ក្នុង​ការ​រស់នៅ​ចិញ្ចឹម​ខ្លួន​ឯង​នោះ​​ទេ​ លោក​ថែម​ទាំង​ចែក​រំលែក​ក្ដី​សង្ឃឹម​ដល់​​អ្នក​ដទៃ​តាមរយៈ​ចម្រៀង​​លើក​ទឹកចិត្ត​ការ​បង្រៀន​ភ្លេង​ និង​​សកម្ម-ភាព​​សប្បុរសធម៌​ដល់​កុមារ​ ព្រម​ទាំង​ចាស់​ជរា​ក្រខ្សត់​​​​ទៀត​ផង។

សុផាន់ណា​ ជា​កូន​ទី៣ ​ក្នុង​ចំណោម​បងប្អូន​ប្រុស ​៤ ​នាក់​ ដែល​កំព្រា​ឪពុកម្ដាយ​តាំង​ពី​អាយុ ​៨ ​ឆ្នាំ​ ដោយសារ​សោកនាដកម្ម​​ការ​ប្លន់​សម្លាប់​។

ខ្សែ​ជីវិត​របស់​លោក​រឹត​តែ​​គួរ​ឱ្យ​អភ័ព្វ​នៅ​ពេល​​ចម្រើន​វ័យ​​​ជិត ​១០ ​ឆ្នាំ​ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ​ហើយ​ជើង​​ក៏​លែង​ដំណើរ​ការ​ចាប់​ពី​ពេល​នោះ​។

បញ្ហា​សុខភាព​ធ្វើ​ឱ្យ​ សុផាន់ណា ​បង្ខំ​ចិត្ត​បញ្ឈប់​ការ​សិក្សា​​ហើយ​លោក​​ក៏​​បាន​ទទួល​ការ​មើលថែ​​ពី​ឪពុកម្ដាយ​ចិញ្ចឹម​ជា​ជនជាតិ​ថៃ​មួយ​រយៈ​ មុន​ពេល​ទៅ​រស់នៅ​មណ្ឌល​​​កុមារ​កំព្រា​នេហេមា​នៅ​ទឹកដី​​ខេត្ត​សៀមរាប។

យុវជន​​មាន​​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង និង​រស់នៅ​ទឹកដី​សៀមរាប រូបនេះ​បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «អំឡុង​​ឆ្នាំ ​២០០០ ខ្ញុំ​ចាប់​ផ្ដើម​ឈឺ​មាន​​អាការ​ក្ដៅ​ខ្លួន​ខ្លាំង គ្រូ​ពេទ្យ​នៅ​បាត់ដំបង​ប្រាប់​ថា ​ខ្ញុំ​មាន​បញ្ហា​ខួរ​ឆ្អឹង​ខ្នង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជើង​»។

សុផាន់ណា រំឭក​ប្រាប់​​​ថា៖ «ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី៥ ​ប៉ុណ្ណោះ ​ដោយសារ​ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ​រៀន​ឈឺៗ​។ ម្យ៉ាង​ការ​ជិះ​រទេះ​អង្គុយ​វិល​ទៅ​រៀន​ក្នុង​​​ផ្លូវ​ឆ្ងាយ​វា​ពិបាក​ដែរ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​ឈប់​រៀន​។ ​ខ្ញុំ​បាន​រៀន​ចំណេះ​ដឹង​ទូទៅ ​និង​ភាសា​អង់គ្លេស​ក្នុង​មណ្ឌល​»។

ការ​ធ្វើដំណើរ​របស់ សុផាន់ណា ដោយអាស្រ័យ​​ការ​ដេកតោង​កន្ទុយម៉ូតូ​មិត្តភក្ដិ​​​។ រូបថត សហ​ការី

អំឡុង​​ឆ្នាំ ២០១៥-២០១៦ លោក​​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​មណ្ឌល​​ក្រោម​ហេតុផល​ថា​៖ «ខ្ញុំ​ចង់​ប្រើ​ជីវិត​ដែល​មាន​សេរីភាព​នៅ​ខាង​ក្រៅ​ ​គឺ​ជីវិត​ដែល​ខំប្រឹង​ដោយ​ខ្លួន​ឯង​»។

ចាប់​តាំង​ពី​នៅ​ក្នុង​មណ្ឌល​រហូត​ដល់​វេលា​ចេញ​មក​ប្រឡូក​​ក្នុង​សង្គម​ខាង​​ក្រៅ​ លោក​​តែងតែ​ធ្វើ​ការ​​ស្ម័គ្រចិត្ត​​​នៅ​តាម​បណ្ដា​អង្គការ​នានា​ដោយ​បំពេញ​កិច្ចការ​មើលថែ​ បង្ហាត់​​ក្មេងៗ និង​​បង្រៀន​ភាសា​អង់គ្លេស​ជាដើម​។

ជាមួយ​ឧប្បនិស្ស័យ​​សិល្បៈ​លោក​ក៏​បាន​វិវឌ្ឍន​ខ្លួន​ជា​តន្ត្រីករ​ជា​អ្នក​និពន្ធ​ចម្រៀង​អូរីជីណល និង​ជា​គ្រូ​បង្រៀន​ហ្គីតា​នៅ The Global Child។

ពេល​ទទួល​បាន​ចំណូល ​លោក​បាន​បែងចែក​ថវិកា​​​ទិញ​របស់​របរ​ប្រើប្រាស់​​ចែក​កុមារ​ ​និង​ចាស់ជរា។

យុវជន សុផាន់ណា បាន​ប្រាប់​​ថា៖ «ខ្ញុំ​ធ្លាប់​បើក​បង្រៀន​ថ្នាក់​ភ្លេង​ខ្លួនឯង ច្រៀង​នៅ​ក្នុង​ផ្សារ​ផលិតផល​កម្ពុជា​​នៅ​​ខេត្ត​សៀមរាប​បាន​ចំណូល​ខ្លះៗ។ ខ្ញុំ​បាន​ដក​ចំណូល​ខ្លះ​សន្សំ​បូក​​នឹង​​ថវិកា​បាន​ពី​សប្បុរសជន​ខ្លះ និង​ពី​ឪពុក​ធម៌​ ដែល​តែង​លើក​ទឹក​ចិត្ត​ពេល​ឃើញ​ខ្ញុំ​ធ្វើ​សប្បុរសធម៌ ​និង​ចូលរួម​ផ្ដល់​ថវិកា​ឱ្យ​ខ្ញុំ​បន្ថែម​បាន​ធ្វើ​កិច្ចការ​ហ្នឹង​»។

ជា​អកុសល ​អំឡុង​ពេល​មាន​វិបត្តិ​​កូវីដ​ និង​ការ​​បិទ​ខ្ទប់​ស្ទើរ​គ្រប់​ទីកន្លែង​ លោក​មិន​អាច​ចេញ​ទៅ​ធ្វើ​កិច្ចការ​អ្វី​ក្រៅ​ពី​​នៅ​ផ្ទះ​​ចិញ្ចឹម​​មាន់ និង​ដាំ​ដំណាំ​តិចតួច​ ដើម្បី​ដោះស្រាយ​ជីវភាព​។

លោក​ក៏​សម្រេច​ចិត្ត​​ផ្អាក​ការងារ​សប្បុរសធម៌ ​ដោយ​ប្ដេជ្ញា​ថា​នឹង​បន្ត​ធ្វើ​ឡើង​វិញ​​ពេល​ស្ថានភាព​ប្រសើរ​ឡើង ហើយ​លោក​មាន​ការងារ​ជាថ្មី​​។

ជាមួយ​ទឹកចិត្ត​ចែក​រំលែក​ជាមួយ​​​​អ្នក​ដទៃ​ ​យុវជន​​​វ័យ ​៣០ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​ សូម្បី​តែ​រូប​លោក​ផ្ទាល់​ក៏​ធ្លាប់​ជា​មនុស្ស​បាក់​ទឹក​ចិត្ត ហើយ​​អស់​សង្ឃឹម​នឹង​ជីវិត​ខ្លួន​ឯង​ដែរ។

រយៈពេល ​២ ​ឆ្នាំ​នៅ​​​មណ្ឌល​​ជន​ពិការ​​ Handicap នៅ​​ក្រុង​បាត់ដំបង ​លោក​​ចាប់​ផ្ដើម​មើល​ឃើញ​ពី​តម្លៃ​ខ្លួន​ឯង​ ក្រោយ​ពី​មើល​ឃើញ​​​ជន​​ពិការ​ជាច្រើន​ពោរពេញ​ដោយ​ការ​តស៊ូ ដែល​​ជំរុញ​ឱ្យ​លោក​​ផ្ដើម​​អភិវឌ្ឍ​ខ្លួន​ឯង។ ​

ជាតន្ត្រីករ​ ១ រូប សុផាន់ណា ចង់​ឱ្យ​អ្នកដទៃក្រឡេក​មើលជីវិត​លោក ហើយ​ត្រូវ​ប្រឹង​ងើបឈរ​តស៊ូ​នឹង​ជីវិត​។ រូបថត សហ​ការី

លោក​និយាយ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជីវិត​ឱ្យ​មាន​តម្លៃ​សម្រាប់​ខ្លួន​ឯង​ និង​​​មនុស្ស​​ជុំវិញ​ខ្លួន​។ កុំ​ឱ្យ​គ្រាន់​តែ​កើត​មក​ពិការ​អ៊ីចឹង​ចាស់​ទៅ​ស្លាប់​ដោយ​ឥតប្រយោជន៍​»។

មេរៀន​នេះ​បាន​ធ្វើ​ឱ្យ​លោក​និពន្ធ​ចេញ​ជា​​បទចម្រៀង ​១ ​​មាន​ចំណង​ជើង​ថា «បរាជ័យ​ជា​មេរៀន» ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​លោក។

ក្នុង​ចំណោម​​​ចម្រៀង ​១០ ​បទ​ ​ដែល​លោក​បាន​ចេញ​ យុវជន សុផាន់ណា បាន​លើក​ឡើង​ថា៖ «នេះ​ជា​បទ​ដែល​ខ្ញុំ​តែង​ឡើង​លើក​ទឹក​ចិត្ត​ខ្លួន​ផ្ទាល់​​វា​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ដទៃ​ទៀត​ច្រើន​ដែរ​។ ខ្ញុំ​គិត​ថា ​រឿង​កាល​ពី​មុន​វា​ជា​ភាព​បរាជ័យ​ តែ​ភាព​ជោគជ័យ​គឺ​នៅ​ខាង​មុខ​រង់ចាំ​ខ្ញុំ​»​។

លោក​ថា ​អ្វី​ដែល​ជំរុញ​​ឱ្យ​លោក​ធ្វើ​អ្វីៗ​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ គឺ​ព្រោះ​តែ​លោក​ជា​គ្រិស្តប​រិស័ទ​ និង​បាន​​រៀន​ពី​សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះគម្ពី​រ។

សុផាន់ណា​ បាន​និយាយ​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​​ពុកម៉ែ​បងប្អូន​ទាំង​អស់​ ជាពិសេស​​បងប្អូន​ជន​ពិការ​ ​អ្នក​ធ្លាក់​ខ្លួន​ក្នុង​គ្រឿង​ញៀន​ ​អ្នក​​​មាន​កាយសម្បទា​គ្រប់គ្រាន់​​ហើយ​គិត​ថា​ជីវិត​​អត់​មាន​តម្លៃ ឬ​បាក់​ទឹក​ចិត្ត​ ខ្ញុំ​សូម​ឱ្យ​​គាត់​ក្រឡេក​មក​មើល​ជីវិត​ខ្ញុំ​ដែល​​ដេក​តែ​លើ​រទេះ​ សូម្បី​តែ​ឈរ​អង្គុយ​ក៏​ពិបាក​ តែ​​​ខ្ញុំ​នៅ​មាន​កម្លាំង​ចិត្ត​​រស់​ ​ទោះ​ជា​ពេល​ខ្លះ​បាក់​ទឹក​ចិត្ត​យើង​​ត្រូវ​ខំប្រឹង​ងើប​ឈរ​ឡើង​វិញ​»​៕