ក្រុងអូស្លូ៖ អ្នកនេសាទម្នាក់ចាប់បានសត្វសមុទ្រដ៏ចម្លែកស្រដៀងនឹងដាយណូស័រ ដោយវាមានភ្នែកធំៗដែលមិនស័ក្ដិសមនឹងមាឌដ៏តូចរបស់វាអីបន្ដិចសោះ។
យុវជនឈ្មោះ អូស្កា លុនដាល់ អាយុ ១៩ ឆ្នាំ ព្យាយាមប្រមាញ់ត្រីពណ៌ខៀវ ពេលលោកប្រទះឃើញត្រីចម្លែកនេះនៅក្បែរសន្ទូចលើឆ្នេរអានដូយ៉ា ប្រទេស ន័រវែស។
លោកបានប្រើសន្ទូចចំនួន ៤ លើខ្សែតែមួយលើផ្ទៃទឹកជិត ៨០០ ម៉ែត្រ ពេលលោកមានអារម្មណ៍ថាខ្សែសន្ទូចកន្ដ្រាក់ខ្លាំង និងបានចំណាយពេល ៣០ នាទី សម្រាប់ចាប់ត្រីនោះ។
យុវជន លុនដាល់ បានពន្យល់ប្រាប់ថា លោកហាក់ទទួលអារម្មណ៍ថា ផ្លែសន្ទូចជាប់ត្រីធំ តែក៏ភ្ញាក់ផ្អើលពេលបានឃើញត្រីដ៏ចម្លែកនេះ។
លោកបានប្រាប់ The Sun ថា៖ «ខ្ញុំមិនដែលឃើញសត្វអីចម្លែកបែបនេះឡើយ។ វាស្រដៀងដាយណូស័រអីតិច។ ខ្ញុំមិនស្គាល់ថា វាជាសត្វអ្វីឡើយ តែមិត្ដភក្ដិខ្ញុំបានស្គាល់»។
មគ្គុទ្ទេសក៍នេសាទនៅ Nordic Sea Angling បានអះអាងថា សត្វរូបរាងចម្លែកនោះ គឺជាត្រីកណ្ដុរ ជាអម្បូរឆ្លាម ដែលមានប្រវត្ដិតាំងពី ៣០០ លានឆ្នាំមុន។
ឈ្មោះជាភាសាឡាតាំងរបស់វាគឺ Chimaeras Monstrosa Linnaeus ដែលកម្លាយពីសត្វចម្លែកក្នុងព្រេងកថាក្រិក ដោយមានក្បាលជាតោ និងកន្ទុយជានាគ។ ត្រីនេះកម្រត្រូវបានប្រមាញ់ដោយអ្នកនេសាទ ដោយសារពួកវារស់នៅក្នុងទឹកជ្រៅ។ ភ្នែកធំៗរបស់វាអាចឲ្យវាមើលឃើញក្នុងទឹកជ្រៅនៃមហាសមុទ្រ។
លោកបានអះអាងថា ត្រីនេះបានងាប់ដោយសារតែវាប្រឈមនឹងសម្ពាធបរិយាកាសផ្លាស់ប្ដូរខ្លាំង ខណៈពេលវាត្រូវបានយកមកខាងលើផ្ទៃទឹក។ ដោយមិនចង់ខាតបង់ចំពោះការខិតខំ លោកក៏យកវាមកផ្ទះ និងបំពងភ្លាមៗ៕ HR