The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ឥណ្ឌា​ប្រកៀក​ស្មា​គ្នា​នាំយក​អុកស៊ីហ្ស៊ែន​ទៅ​បន្ត​ដង្ហើម​អ្នកជំងឺ​កូវីដ​ដ៏ច្រើនសន្ធឹក




យុវជន​ឥណ្ឌា​ប្រកៀក​ស្មា​គ្នា​នាំយក​អុកស៊ីហ្ស៊ែន​ទៅ​បន្ត​ដង្ហើម​អ្នកជំងឺ​កូវីដ​ដ៏ច្រើនសន្ធឹក

Content image - Phnom Penh Post
លោក សាណាវ៉ាស ហ្សៃក៍ (ស្ដាំ) បាន​ផ្ដល់​អុកស៊ីហ្ស៊ែន​ដោយ​ឥតគិតថ្លៃ​ដល់​មនុស្ស​រាប់ពាន់នាក់។ AFP

យុវជន​ឥណ្ឌា​ប្រកៀក​ស្មា​គ្នា​នាំយក​អុកស៊ីហ្ស៊ែន​ទៅ​បន្ត​ដង្ហើម​អ្នកជំងឺ​កូវីដ​ដ៏ច្រើនសន្ធឹក

ក្រុងម៉ុមបៃ៖ ការប្រឡង​បានបញ្ចប់​ហើយ និស្សិត​ស្រី ស្វាដា ប្រាសាដ បាន​បន្ដធ្វើ​ការងារ​ជាក់ស្ដែង ដោយ​ការស្វែងរក​អុកស៊ីហ្ស៊ែន ឱសថ​សង្គ្រោះ​ជីវិត និង​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​កូវីដ១៩ ខណៈ​ឥណ្ឌា​កំពុង​ទទួលរង​រលក​ទី ២ ដែល​បក់បោក​យ៉ាងខ្លាំង។

ស្របពេល​រដ្ឋាភិបាល​កំពុង​ពុះពារ​ក្នុង​ការទប់ស្កាត់​វិបត្ដិ​កូវីដ​សកល​នេះ យុវជន​ឥណ្ឌា​ស្ម័គ្រចិត្ដ​បាន​ចូលខ្លួន​មក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ក្នុង​ការផ្ដល់​ជំនួយ​ផ្នែក​ព័ត៌មាន ចែកចាយ​គ្រឿង​ផ្គត់ផ្គង់​សំខាន់ៗ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ដល់ជំនួយ​ដល់​អ្នកត្រូវការ​ចាំបាច់។

កញ្ញា ប្រាសាដ ជាមួយ​ក្រុម​ស្ម័គ្រចិត្ដ​ជាច្រើន​នាក់​ទៀត​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៩ ឆ្នាំ ជា​ផ្នែក​មួយ​នៃ​អង្គការ​យុវជន UNCUT ក្នុងការ​បង្កើត​ទិន្នន័យ​លើ​អនឡាញ​ដោយ​ផ្ដល់ព័ត៌មាន​អំពី​ធនធាន​វេជ្ជសាស្ដ្រ​ដែល​អាច​រកបាន​នៅ​ទូទាំង​ប្រទេស។

Content image - Phnom Penh Post
ពេលខ្លះ​យុវជន​ត្រូវធ្វើ​ដំណើរ​រាប់សិប​គីឡូម៉ែត្រ​ទៅរក​ប្រភព​អុកស៊ីហ្ស៊ែន​សម្រាប់​អ្នកជំងឺ។ AFP

វា​ជា​ប្រតិបត្ដិការ​គ្មាន​វេលា​ឈប់សម្រាក ដោយ​ក្រុម​យុវជន​ទាំងនេះ​ប្រើប្រាស់​ទូរស័ព្ទដៃ ខណៈ​ពួកគេ​បង្ហាញ​ពី​លទ្ធភាព​សម្ភារ​ផ្គត់ផ្គង់ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​តាម​ភាពជាក់ស្ដែង និង​ទទួល​ការហៅ​ចូល​ពី​សាច់ញាតិ​អ្នកជំងឺ។

និស្សិត​នៅ​ក្រុង​ម៉ុមបៃ​រូបនេះ​បាន​និយាយថា៖ «វា​ជា​កិច្ចការ​ដ៏នឿយហត់ និង​រយៈពេល​យូរ។ បើ​ខ្ញុំ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់ គ្មាន​ហេតុផល​អី​ដែល​ខ្ញុំ​ត្រូវ​រួញរា​ឡើយ»។

ដោយ​ពលរដ្ឋ​ជាង ២ ភាគ ៣ ចំណោម ១,៣ ពាន់​លាន​នាក់​អាយុ​ក្រោម ៣៥ ឆ្នាំ ឥណ្ឌា​ជា​ប្រទេស​សម្បូរ​ទៅដោយ​ទំពាំង តែ​យុវជន​របស់ខ្លួន​មិន​ធ្លាប់​ពួតដៃ​ប្រកៀក​ស្នា​គ្នា​ធ្វើអំពើ​ដ៏មាន​ប្រយោជន៍​បែបនេះ​ឡើយ។

ស្ថិត​ក្នុង​តំបន់​សំណង់​មិន​រៀបរយ​នៃ​ក្រុង​ម៉ុមបៃ សាណាវ៉ាស ហ្សៃក៍ បានផ្ដល់​អុកស៊ីហ្ស៊ែន​ដោយ​ឥតគិតថ្លៃ​ដល់​មនុស្ស​រាប់ពាន់នាក់។ ដោយ​ស្គាល់​ថា​ជា «បុរស​អុកស៊ីហ្ស៊ែន» បុរស​អាយុ ៣២ ឆ្នាំ​រូបនេះ​បាន​លក់​រថយន្ដ SUV សំណព្វចិត្ដ​របស់​ខ្លួន​កាលពី​ខែ​មិថុនា ដើម្បី​ផ្ដល់​មូលនិធិ​ក្រោយ​បងប្អូន​ជីដូនមួយ​របស់​មិត្ដភក្ដិ​ដែលមាន​ផ្ទៃពោះ​បាន​ស្លាប់​លើ​រ៉ឺម៉ក​កង់៣ ខណៈ​ព្យាយាម​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

លោក​បាន​ប្រាប់ AFP ថា៖ «គាត់​បាន​ស្លាប់​ ដោយសារ​គាត់​មិនអាច​ទទួលបាន​ខ្យល់​អុកស៊ីហ្ស៊ែន​ទាន់​ពេលវេលា។ យើង​ធ្លាប់​បានទទួល​ការហៅ​ទូរស័ព្ទ​ចូល​ប្រមាណ ៤០ ដង​ក្នុង ១ ថ្ងៃ​កាលពី​ឆ្នាំមុន តែ​ពេលនេះ​ជាង ៥០០ ដង​ឯនោះ»។

Content image - Phnom Penh Post
យុវជន​ឥណ្ឌា​ស្ម័គ្រចិត្ដ​ចូលខ្លួន​មក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ក្នុង​ការផ្ដល់​ជំនួយ​ផ្នែក​ព័ត៌មាន និង​ស្វែងរក​អុកស៊ីហ្ស៊ែន​ជួយ​អ្នកជំងឺ។ AFP

ក្រុម​ការងារ​របស់លោក ហ្សៃក៍ ដែលមាន​សមាជិក ២០ នាក់​ក៏​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​កង្វះ​ខ្យល់​អុកស៊ីហ្ស៊ែន ដោយសារ​មាន​មនុស្ស​ឆ្លៀត​កេងចំណេញ​ពី​ហេតុការណ៍​នេះ។

លោក​បាន​និយាយ ពេលខ្លះ​ត្រូវធ្វើ​ដំណើរ​រាប់សិប​គីឡូម៉ែត្រ​ទៅរក​ប្រភព​អុកស៊ីហ្ស៊ែន​សម្រាប់​អ្នកជំងឺ​ថា៖ «វា​ជា​ការសាកល្បង​ចិត្ដ​បុគ្គល​ម្នាក់»។

វិស្វករ​សូហ្វវែរ អ៊ូមេង ហ្គាឡៃយ៉ា បាន​ប្រាប់ AFP ថា ខណៈ​ទីក្រុងធំៗ​កំពុង​ជួប​ការរីករាលដាល​ខ្លាំង ការ​កំហិត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា កំពុង​ក្លាយជា​វិបត្ដិ​ថ្មី ខណៈ​វីរុស​បន្ដ​ជ្រាប​ទៅ​តាម​ភូមិឋានតូច។

បុរស​អាយុ ២៥ ឆ្នាំ​រូបនេះ​បាន​សួរថា៖ «បើ​យើង​អាច​ធ្វើ​វា​បាន​នៅ​រោងកុន ដើម្បី​បញ្ចៀស​ការលក់​សំបុត្រ​ច្រើន​ជ្រុល ចុះ​ហេតុអ្វី​យើង​មិន​អាច​ធ្វើ​វា​បាន​នៅ​មន្ទីរពេទ្យ?»។

បញ្ហា​ប្រឈម​ជំងឺ​ដ៏កាចសាហាវ និង​អត្រា​អ្នកស្លាប់​ច្រើន​ប្រចាំថ្ងៃ គឺជា​ការចាប់ផ្ដើម។

យុវតី​ក្រុង​ម៉ុមបៃ ប្រាសាដ បាន​ស្រែក​ឡើង​ស្អកក​ពេល​រំឭក​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ស្ដ្រី​វ័យ ៨០ ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់​បាន​ឱ្យ​ដឹងថា៖ «យើង​បាន​ខិតខំ​ខ្លាំងណាស់ តែ​យើង​មិនអាច​សង្គ្រោះ​នរណា​បានឡើយ»។

ថ្វីដ្បិតតែ​ពួកគេ​ឆ្លៀតពេល​សម្រាក និង​រៀបចំ​ជំនួប​តាម Zoom ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹង​កំពុង​កើនឡើង​ពេញបន្ទុក។

កញ្ញា​បាន​និយាយថា៖ «ឪពុកម្ដាយ​ខ្ញុំ​ពិតជា​បារម្ភ​ពី​ខ្ញុំ​ណាស់ ប៉ុន្ដែ​មិត្ដភក្ដិ​គាត់​ត្រូវការ​ជំនួយ ពួកគាត់​ក៏​ងាក​មករក​ខ្ញុំ​ដែរ»៕ HR

Content image - Phnom Penh Post
អ្នកជំងឺ​កូវីដ​នៅ​ឥណ្ឌា​ជាច្រើន​នាក់​បាត់បង់​ឱកាស​ដកដង្ហើម​ ព្រោះ​កង្វះ​អុកស៊ីហ្ស៊ែន។ AFP

Content image - Phnom Penh Post
បុរស​អាយុ ៣២ ឆ្នាំ​រូបនេះ​បាន​លក់​រថយន្ដ SUV របស់ខ្លួន​ ដើម្បី​ទ្រទ្រង់​គម្រោង​ផ្ដល់​អុកស៊ីហ្ស៊ែន​ដល់​អ្នកជំងឺ។ AFP

Content image - Phnom Penh Post
អ្នកជំងឺ​កូវីដ​នៅ​ឥណ្ឌា​ជាច្រើន​នាក់​បាត់បង់​ឱកាស​ដកដង្ហើម​ព្រោះ​កង្វះ​អុកស៊ីហ្ស៊ែន។ AFP

Content image - Phnom Penh Post
លោក សាណាវ៉ាស ហ្សៃក៍ បាន​ផ្ដល់​អុកស៊ីហ្ស៊ែន​ដោយ​ឥតគិតថ្លៃ​ដល់​មនុស្ស​រាប់ពាន់នាក់។ AFP

អត្ថបទគួរចាប់អារម្មណ៍