ភ្នំពេញៈ ក្រុម​យុវជន​ចំនួន ១២ រូប (​ស្រី​ ២ និង​ប្រុស ១០) មកពី​តំបន់​ខេត្ត​ឆ្ងាយៗ​នៃ​ប្រទេស​កម្ពុជា​រួមមាន​ខេត្ត​រតនគិរី មណ្ឌលគិរី និង​បន្ទាយមានជ័យ ដែល​បាន​មក​រៀន​វគ្គ​បណ្តុះបណ្តាល​ផលិត​កុន​ឯកសារ​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​អស់​រយៈពេល ១ ឆ្នាំ​ពេញ​នោះ​នឹង​វិលត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ នៅ​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ប្រើ​ចំណេះដឹង​របស់​ខ្លួន​ធ្វើ​កិច្ចការ​ចងក្រង និង​ផលិត​ភាពយន្ត​ឯកសារ​ជួយ​សហគមន៍​រៀងៗ​ខ្លួន​។

មាន​ការចាក់​បញ្ចាំង​ភាពយន្ត​ដំបូង​នៃ​គម្រោង «​ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង​» គឺជា​ប្រភេទ​ខ្សែភាពយន្ត​ឯកសារ​ចំនួន ១០ រឿង​ដែល​បង្ហាញ​ពី​ការតស៊ូ​ព្យាយាម​នៅក្នុង​ឆាកជីវិត និង​ជា​ស្នាដៃ​ដឹកនាំ​លើក​ដំបូង​ដោយ​ក្រុម​សិក្ខាកាម​ជា​យុវជន ១២ រូប​មកពី​ ៣ ​ខេត្ត​ផ្សេងៗ​គ្នា​ត្រូវ​បាន​ដាក់​បញ្ចាំង​ជូន​ទស្សនា​ជា​លើក​ដំបូង​កាលពី​ល្ងាច​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា ឆ្នាំ​ ២០១៩ កន្លង​មក​នៅឯ​មជ្ឈមណ្ឌល​បុប្ផា​ណា​នោះ​។

លោក ជា សុភាព ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា បង្ហើប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​គម្រោង​មាន​ឈ្មោះថា «​ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង​» ទទួល​បាន​ការឧបត្ថម្ភ​ពី VOICE តាមរយៈ​អង្គការ​អុកស្វាម​កម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​មូលនិធិ Heinrich Boll និង​ចូលរួម​សហការ​ពី Cambodia Film Commission (CFC)​។ ខណៈ​គម្រោង​ដំបូង​នេះ​គឺ​ចង់​បណ្តុះបណ្តាល​ដល់​យុវជន​ខ្មែរ​ប្រើ​ចំណេះដឹង និង​ជំនាញ​ផ្នែក​ផលិត​កុន​ឯកសារ ដើម្បី​ជួយ​ដល់​សហគមន៍​ផ្ទាល់​ពួកគេ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សង្គម​នានា ជាពិសេស​នោះ​បញ្ហា​សុខុមាលភាព​មាតា និង​កូន​របស់​ស្ត្រី​នៅ​សហគមន៍​ទាំង ៣ ខេត្ត​ដែល​ជា​ស្រុកកំណើត​របស់​យុវជន​ទាំង ១២ រូបនោះ​។ យើង​ចង់​ឲ្យ​ពួកគាត់​ប្រើ​ជំនាញ​ថត​វីដេអូ ដើម្បី​យក​សកម្មភាព​ទាំងឡាយ​នៅ​ក្នុង​សហគមន៍​មក​បង្កើត​ជា​ខ្សែ​ភាពយន្ត​ឯកសារ​ផ្សេងៗ​តាម​ភាពជាក់ស្តែង​ ក្រោយពី​បាន​រៀនចប់​នៅ​ទីក្រុង​ភ្នំពេញ​អស់​រយៈពេល ១ ឆ្នាំ​កន្លង​មក​នោះ​»​។

ទស្សនិកជន​ចូល​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ដែល​ផលិត​ដោយ​ក្រុម​យុវជន​ ១២ រូប​។ រូប Bophana Center

នាយក​ប្រតិបត្តិ​រូបនេះ​បន្ត​ថា​៖ «​នាពេល​កន្លង​មក​យើង​បាន​មើលឃើញ​នូវ​បញ្ហា​សង្គម​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ ជាពិសេស​ស្ត្រី​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​តែ​ម្តង ដោយ​ពួកគាត់​បាន​ជួប​នឹង​បញ្ហា​ច្បាប់​ប្រពៃណី​ដូចជា​ការរៀបការ​ទាំង​វ័យក្មេង​ពេក​ (​ចន្លោះ​វ័យ ១៥-១៦ ឆ្នាំ​) ដែល​នាំ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុខភាព និង​បញ្ហា​មួយ​ទៀត​ចង់​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ស្ត្រី​ដែល​គិតថា ស្ត្រី​មិន​បាច់​រៀនសូត្រ​ច្រើន​ពេក​ទេ​នោះ​ផងដែរ ខណៈ​បញ្ហា​នេះ យើង​ក៏​ចង់​ពន្យល់​ឲ្យ​ពួកគាត់​យល់​ថា ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ ដូច​បុរស​អ៊ីចឹង​ដែរ គឺថា​ពួកគាត់​ប្រៀប​បាន​ទៅ​នឹង​ឆ្អឹងខ្នង​នៃ​រាងកាយ​មនុស្ស​យើង​ដែរ​»​។

ឆ្នាំនេះ​មជ្ឈមណ្ឌល​បុប្ផាណា បាន​ដឹកនាំ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ផ្នែក​ផលិតភាព​យន្ត​ឯកសារ​ដែល​ចូលរួម​ពី​សិក្ខាកាម​ចំនួន ១២ រូប​មកពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ៣ ​ខេត្ត​គឺ​រតនគិរី មណ្ឌលគិរី និង​បន្ទាយមានជ័យ​ជាមួយ​គម្រោង​ភាពយន្ត​ដំបូង​ឈ្មោះ​ថា «​ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង​» ដោយ​ជោគជ័យ​។

លោក ជា សុភាព ក៏​បាន​បង្ហើប​ពី​គម្រោង​ក្រោយ​ដែរ​ថា​៖ «​សម្រាប់​គម្រោង​ក្រោយ​ទៀត យើង​នឹង​ផ្តោត​ទៅ​ការអភិរក្ស​វប្បធម៌ ឬ​បញ្ហា​សង្គម​ផ្សេងៗ​ទៀត ដោយ​យើង​នឹង​ងាក​ទៅ​រក​យុវជន ដែល​ស្ថិត​នៅ​ខេត្ត​នានា​ដូចជា​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​កោះកុង​ម្តង​»៕