ភ្នំពេញ៖ ក្រោយពីបានស្ម័គ្រចិត្តចំណាយពេលដើម្បីថែរក្សា និងអភិរក្សសត្វដំរីនៅកម្ពុជា និងប្រពៃណីហ្មដំរី ដែលមានតាំងពីបរមបុរាណ ខណៈបច្ចុប្បន្ននៅសេសសល់តិចក្នុងខេត្តភាគឦសានប្រទេសកម្ពុជា ក្នុងនាមជាទូតសុឆន្ទៈ តាំងពីមានមូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) បានបង្កើតកាលពី ៥ ឆ្នាំមុន ដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរ ទទួលបាននូវភាពស្និទ្ធស្នាលជាមួយនឹងសត្វដំរីចិញ្ចឹមក្នុងមជ្ឈដ្ឋាននៃបរិស្ថានព្រៃធម្មជាតិ។
យុវតីកូនកាត់ខ្មែរ-បារាំង ដែលមានម្តាយជាតិខ្មែរ និងឪពុកជាជនជាតិបារាំងសញ្ជាតិខ្មែរនោះ ម៉ារីយ៉ាន ក្លេ បច្ចុប្បន្ន ទើបមានវ័យ ១៧ ឆ្នាំ ហើយបានស្ម័គ្រចិត្តធ្វើជាតំណាងទូតសុឆន្ទៈនៃសមាគមអភិរក្សដំរីអៃរាវត្តា តាំងពីនៅមានវ័យត្រឹមតែ ១២ ឆ្នាំមកម្ល៉េះ។
នាពេលថ្មីៗនេះ យុវតី ម៉ារីយ៉ាន ក្លេ ក៏កំពុងតែបង្ហាញពីអារម្មណ៍សប្បាយចិត្ត ដ្បិតរូបខ្លួននឹងចូលរួមជួយលើកស្ទួយ អភិរក្សមរតក វប្បធម៌ខ្មែរ ១ ទៀត គឺក្បាច់គុនល្បុក្កតោ ដោយបានខិតខំហ្វឹកហាត់សម យ៉ាងសកម្មជាមួយនឹងគ្រូ និងក្រុមសិស្សគុនល្បុក្កតោ នៅឯខេត្តរតនគិរី។
បើតាមអ្នកស្រី ខៃ ចិន្តា ឬ ចិន្តា ក្លេ ដែលជាម្តាយ និងជាប្រធាននៃសមាគមអភិរក្សដំរីអៃរាវត្តា បានបង្ហើបឲ្យដឹងថា៖ «តាមពិតទៅ កូនស្រី ម៉ារីយ៉ាន មានចំណូលចិត្តកីឡាប្លែកៗច្រើនដូចជាកីឡាជិះម៉ូតូហោះ ហាត់ការ៉ាតេ យូដូ និងគុនល្បុក្កតោខ្មែរផងដែរ ក្រៅពីការងារសិល្បៈជាតារាម៉ូដែល និងជាទូតសុឆន្ទៈនៃអង្គការសមាគមអភិរក្សដំរីអៃរាវត្តានោះ»។
អ្នកស្រី ចិន្តា ក្លេ បានបន្តថា៖ «ចំពោះការហាត់ក្បាច់គុនល្បុក្កតោខ្មែររបស់គាត់នាពេលនេះ គឺដើម្បីសមយុទ្ធទុកត្រៀមសម្រាប់សម្តែងក្នុងកម្មវិធីនានានៅថ្ងៃខាងមុខ ស្របជាមួយនឹងការងារជាទូតសុឆន្ទៈនៃសមាគមអភិរក្សដំរីអៃរាវត្តានៅខេត្តរតនគិរី។
ម្យ៉ាងវិញទៀត ការស្ម័គ្រចិត្តចូលរួមជាមួយនឹងកីឡាគុនល្បុក្កតោនេះ ក៏ចង់បង្ហាញពីសមត្ថភាពរបស់ស្រ្តីខ្មែរ នាសម័យបច្ចុប្បន្ន ផងដែរថាយុវតី ឬស្រ្តីខ្មែរ ក៏មានភាពរឹងមាំ និងអាចចូលរួមសកម្មភាពជួយសង្គមនានាបានដូចជាការងារបុរសអ៊ីចឹងដែរ។ ហើយ ម៉ារីយ៉ាន ក៏ចង់យកទម្រង់ក្បាច់គុនខ្មែរល្បុក្កតោ ជាមរតកដូនតាខ្មែរយើងបង្ហាញនៅលើឆាកអន្តរជាតិបានស្គាល់ពីវប្បធម៌ដ៏យូរលង់របស់ខ្មែរទៀតផងដែរ៕