ភ្នំពេញៈ ដើម្បីថែរក្សា និងអភិរក្សសត្វដំរីនៅកម្ពុជា និងប្រពៃណីហ្មដំរី ដែលមានតាំងពីបរមបុរាណ ខណៈបច្ចុប្បន្ននៅសេសសល់ក្នុងខេត្តភាគឦសានប្រទេសកម្ពុជា មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) ក៏ត្រូវបានបង្កើតកាលពី ៤ ឆ្នាំមុនដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយសត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។
ដោយឡែកយុវតីកូនកាត់ខ្មែរ-បារាំងដោយមានម្តាយជាតិខ្មែរ និងឪពុកជាជនជាតិបារាំងសញ្ជាតិខ្មែរនោះ ម៉ារីយ៉ាន ក្លេ បច្ចុប្បន្នទើបមានវ័យ ១៦ ឆ្នាំ ខណៈខ្លួនក៏បានស្ម័គ្រចិត្តធ្វើជាតំណាងទូតសុឆន្ទៈនៃសមាគមអភិរក្សដំរីអៃរាវត្តារយៈពេលជិត ៤ ឆ្នាំមកហើយពោលចាប់តាំងពីនៅមានវ័យត្រឹមតែ ១២ ឆ្នាំ មកម្ល៉េះ។
យុវតីជាកូនកាត់ខ្មែរ-បារាំង ម៉ារីយ៉ាន ក្លេ ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដ្បិតខ្លួនចូលរួមជួយដល់សហគមន៍ជិត ៤ ឆ្នាំមកហើយដោយមានភារកិច្ចជាអគ្គរដ្ឋទូតសុឆន្ទៈនៃសមាគមអភិរក្សដំរីអៃរាវត្តានោះថា៖ «នាងខ្ញុំសប្បាយចិត្តនឹងកិច្ចការនេះ ហើយនាងខ្ញុំក៏ជួយផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិរក្សសត្វដំរីខ្មែរកំពុងតែនៅតិចមែនទែនក្នុងស្រុកខ្មែរតាមរយៈប្រាប់មិត្តភក្តិ និងបងប្អូននៅតាមសហគមន៍គឺឲ្យពួកគាត់មានចិត្តស្រឡាញ់ធម្មជាតិ និងសត្វដំរីនេះតែម្តង»។
ម៉ារីយ៉ាន ក្លេ ដែលជាកូនស្រីទី ២ អ្នកស្រី ខៃ ចិន្តា ជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តាក៏មានក្តីរំពឹង និងសំណូមពរដែរថានឹងមានការរួមចំណែកអភិរក្សព្រៃឈើដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរីនៅកម្ពុជាផងដែរក្រោយពីបានជ្រាបថា សព្វថ្ងៃធនធានសត្វដំរីនៅស្រុកខ្មែរគឺកាន់តែហោចទៅៗនោះ។
កញ្ញា ម៉ារីយ៉ាន ក្លេ ក៏បានបញ្ជាក់ថា៖ «នាងខ្ញុំសំណូមពរដល់ពលរដ្ឋខ្មែរគ្រប់រូបសូមចូលរួមអភិរក្សទាំងអស់គ្នានូវធនធានដំរីនៅស្រុកខ្មែរ ព្រោះថាសត្វដំរីកាន់តែមានចំនួនតិចណាស់ឥឡូវនេះ»។
ស្ថិតនៅចម្ងាយជិត ១០ គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរីតំបន់អភិរក្សដំរីអៃរាវត្តា គឺជាជំរំសត្វដំរីដែលផ្ដល់ឱកាសដល់ភ្ញៀវទេសចរបានជួបសត្វប្រមោយវែង និងហ្មរបស់វាជាជនជាតិភាគតិចនោះ។ ហើយក៏មានសកម្មភាពអេកូទេសចរណ៍ដទៃទៀត ដូចជា ការជិះដំរី ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) ជាមួយនឹងសត្វដំរីផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិដោយស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ដែលមានទំហំ ៣០០ ហិកតានៅក្នុងភូមិកាទៀង ខណៈឯតំបន់អៃរាវត្តាដែលនៅខេត្តរតនគីរីជាជម្រកធម្មជាតិនៃដំរីចិញ្ចឹម និងបន្ថែមដោយផ្ទៃដីកសិកម្មមានប្រមាណជាចំនួន ៦០ ហិកតាផងដែរ៕