កំពង់ឆ្នាំង៖ ​ជន្លេន​​រវីក​រវើកៗ ទំនង​ជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ញញើត និង​ខ្ពើម​រអើម។ ប៉ុន្តែ​សម្រាប់​​យុវតី​​ សុខ​ សុធារតន៍​ ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​ការងារ​ស្ម័គ្រ​ចិត្ត​ជួយ​ប្រជាកសិករ​​តាម​សហគមន៍ នាង​បាន​ប្រែក្លាយ​សត្វ​​ល្អិត​នេះ​ទៅ​ជា​ជីជួយ​ដល់​ការ​លូត​​​លាស់​​ដំណាំ​ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​​និរន្តរភាព។

ដើម្បី​មាន​ឱកាស​ចុះ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​​ប្រជាកសិករ​នៅ​តាម​បណ្តា​សហគមន៍​​​នានា​ យុវតី ​២៣ ឆ្នាំ រូប​នេះ ធ្លាប់​បាន​បម្រើ​ការងារ​​​ស្ម័គ្រចិត្ត​ជាមួយ​​អង្គការ​ផ្សេងៗ តាំង​ពី​នាង​រៀន​​នៅ​វិទ្យាល័យ។

នៅ​លើ​វិថី​ជា​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់ កញ្ញា​​យល់​ឃើញ​ថា កសិករ​នៅ​ប្រទេស ​កម្ពុជា ​មាន​កង្វះ​ចន្លោះ​ក្នុង​ការ​​អនុវត្ត​ការ​ប្រើប្រាស់​ជី​កំប៉ុស ទាំង​នៅ​​ជុំវិញ​ផ្ទះ​របស់​ពួក​គេ​មាន​កាក​សំណល់​ផ្សេងៗ​ គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជី​ប្រភេទ​នេះ​​មក​ប្រើប្រាស់​លើ​ដីស្រែ​ចម្ការ​​របស់​ខ្លួន។​

យុវតី​វ័យ ​២៣ ឆ្នាំ​ រូបនេះ​បន្ត​ថា​៖ «វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ ដែល​ប្រជាកសិករ​យើង​មើល​រំលង​ការ​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​ដែល​មាន​ ឲ្យ​ក្លាយ​ទៅ​ជា​​ប្រយោជន៍ ​ដូចជា​កសិករ​ក្នុង​ប្រទេស​ដទៃ​ទៀត​កំពុង​អនុវត្ត​»។

សុធារតន៍ ​​រៀប​រាប់​ពី​បទពិសោធន៍​នៅ​​ក្នុង​ឆ្នាំ ​២០១៧​ ក្នុង​ពេល​ដែល​នាង​មាន​ឱកាស​ទៅ​ចូលរួម​ការ​តាំង​ពិព័រណ៍​នៅ​ប្រទេស ​ថៃ ហើយ​វា​ជា​ពេល​ដែល​នាង​បាន​ចាប់​កាន់​សត្វ​ជន្លេន​​ជា​លើក​ដំបូង​។

នាង​បាន​លើក​ឡើង​ថា៖ «ដំបូង​ឡើយ​ នាង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​មិន​ស្រួល​ និង​រាង​ញញើត​នឹង​សត្វ​ជន្លេន​ទាំង​នោះ ​តែ​បន្តិច​ក្រោយ​មក​ ភាព​ញញើត​ញញើម​របស់​នាងខ្ញុំ ​បាន​រសាយ​​បាត់​ទៅ​វិញ​ម្តង​បន្តិចៗ​ បន្ទាប់​ពី​នាង​ខ្ញុំ​យល់​ថា​ ជន្លេន​ជា​សត្វ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​បរិស្ថាន។​ វា​មាន​សារៈសំខាន់​​ក្នុង​ការ​ផ្តល់​សន្តិសុខ​​ស្បៀង​អាហារ​ ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៅ​​តាម​ទី​ជនបទ​បាន​ផង​ដែរ»។

សុធារតន៍ ​បាន​ពាំនាំ​នូវ​គំនិត​ថ្មី​ដែល​​នាង​ទទួល​បាន​ពី​ដំណើរ​ទស្សនកិច្ច​លើក​នេះ ហើយ​យក​បទពិសោធ​ទាំង​នោះ​មក​ច្នៃប្រឌិត​​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ ដោយ​ផ្ដើម​ពី​ការ​​ចិញ្ចឹម​ជន្លេន​ប្រហែល​មួយ​គីឡូ​ក្រាម ​នៅ​មជ្ឈមណ្ឌល​ Harpswell Foundation ក្នុង​ទីក្រុង​ភ្នំពេញ​។

​ប្រជាកសិករ​ខេត្ដ​កំពង់ឆ្នាំងរៀបចំ​បង្កើត​ជីកំប៉ុស​ផ្សំពី​អាចម៍ជន្លេន​។ រូបថត សហ​ការី

អស់​រយៈ​ពេល​ ៦ ខែ​ នៃ​ការ​ចិញ្ចឹម​ និង​​ថែទាំ​សត្វ​ជន្លេន​ឃើញ​ថា ​ចំនួន​ជន្លេន​​មាន​ការ​កើន​ឡើង​ហួស​ពី​ការ​រំពឹង​​ទុក​ ហើយ​កញ្ញា​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​​ផលិត​ជី​សរីរាង្គ ដែល​សម្បូរ​​ជីវជាតិ​សម្រាប់​ដំណាំ​ផ្សេងៗ​ នោះ​​គឺ ​«ជី​អាចម៌​ជន្លេន​»។

សុធារតន៍​ បាន​ពន្យល់​ថា​៖ «Vermicomposting គឺជា​វិធីសាស្ត្រ​ថ្មី​មួយ​ ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​ និង​កែប្រែ​កាក​សំណល់​សរីរាង្គ​ ឲ្យ​ក្លាយ​ទៅ​ជា​ជី​កំប៉ុស។ ចំពោះ​ការ​ផលិត​ ជី​អាចមន៍​ជន្លេន​វិញ​ គឺ​ជា​ការ​ប្រើប្រាស់​ប្រភេទ​ពូជ​ជន្លេន​ពិសេស​ លាយ​បញ្ចូល​គ្នា​ជាមួយ​កាក​សំណល់​សរីរាង្គ​ ដែល​រក្សា​ទុក​ មក​ផលិត​ជា​ជី​អាចម៍​ជន្លេន»។

ជីនេះ​មាន​ផ្ទុក​អង់ស៊ីម​របស់​ជន្លេន​ និង​​មាន​សារធាតុ​ចិញ្ចឹម​ដែល​ផ្ទុក​ក្នុង​កាក​សំណល់​នោះ​ មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ដំណាំ​ផ្សេងៗ​។

ស្ថាបនិក​ជន្លេន​រូប​នេះ​លើក​ឡើង​ថា​៖ «វត្ថុ​ធាតុ​ដើម​សំខាន់​ក្នុង​ការ​ផលិត​​ជី​អាចម៍​ជន្លេន​ គឺ​ជន្លេន ​ហេតុ​នេះ​ទើប​នាង​ខ្ញុំ​ដាក់​ឈ្មោះ​ការ​រក​ឃើញ​ថ្មី​ ក៏​ដូចជា​គម្រោង​ថ្មី​នេះ​ថា​ “​ជន្លេន”​​។

គំនិត​ច្នៃ​ប្រឌិត​នៃ​គម្រោង​ជន្លេន​នេះ​ បាន​ឈ្នះ​រង្វាន់​ផ្សេងៗ​ ដូចជា​ Honda Foundation Award និង Dak Dam Incubation Program ក្នុង​ឆ្នាំ ​២០១៩​ និង​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ជន្លេន​ក៏​បាន​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ YSEALI Incubation program, 2020 ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស ​ឡាវ​ ដោយ​មាន​ការ​ចូលរួម​ពី​ ១១​ ប្រទេស​ផ្សេង​ទៀត​។

គោលដៅ​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ​ គឺ​ព្យាយាម​ប្រែក្លាយ​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ ទៅ​ជា​កសិកម្ម​បែប​ពាណិជ្ជកម្ម​ដែល​ជួយ​កសិករ​រក​ចំណូល​បាន​ច្រើន​​ជាង​មុន​ និង​បង្កើត​ឲ្យ​មាន​ការ​ធ្វើ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​​។

គម្រោង​ជន្លេន​ ត្រូវ​បាន​ណែនាំ​ទៅ​កាន់​​កសិករ​នៅ​​ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់​ឆ្នាំង​ ជាទី​ដែលមាន​ប្រជាជន​ងាយ​រងគ្រោះ ​ដោយ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​ កង្វះ​​​​អាហារ​ បញ្ហា​សុខភាព​ និង​​ចំណាក​ស្រុក​​ព្រោះ​កត្តា​​ជីវភាព។

ការ​អនុវត្ត​​ចិញ្ចឹម​ជន្លេន​​​ជាមួយ​នឹង​សហគមន៍​កសិករ​ធ្វើ​កសិកម្ម​ខ្នាត​តូច​អស់​រយៈពេល​ ២ ឆ្នាំ​ មក​នេះ​ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​គម្រោង​ជន្លេន ​គឺ​ការ​ចំណាយ​ថវិកា​ដើម​ទុន​​តិច​ និង​ប្រើប្រាស់​ពេល​ត្រឹម​តែ​ ២​ ទៅ ​៣ ​ខែ តែ​​ទទួល​​បាន​លទ្ធផល​។

​គម្រោង​ជីអាចម៍ជន្លេន​ បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទាំង​នៅ​ក្នុង​ស្រុក និងឆាក​អន្ដរជាតិ​​​។ រូបថត សហ​ការី

យុវតី​វ័យ​ក្មេង​រូប​នេះ​បាន​រៀបរាប់​ពី​គុណប្រយោជន៍​​ទៀត​ថា​៖ «ជី​អាចម៍​ជន្លេន​ ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ដំណាំ​ផ្សេងៗ​ដូចជា​ ជួយ​ឲ្យ​រុក្ខជាតិ​​មាន​ការ​លូតលាស់​ល្អ​ ទប់ស្កាត់​​មិន​ឲ្យ​មាន​ជំងឺ​លើ​ដំណាំ​ ជួយ​ជួសជុល​ដី ធ្វើ​ឲ្យ​ដី​ធូរ​មាន​ជីវជាតិ​ និង​ជួយ​ឲ្យ​រុក្ខជាតិ​ស្រូប​ទឹក​បាន​ល្អ​ និង​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដី​ផង​ដែរ​»។

យ៉ាង​ណា​មិញ​ ជន្លេន​ក៏​នៅ​ជួប​បញ្ហា​​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ក្នុង​ការ​គ្រប់គ្រង​​កាក​សំណល់​ និង​ភាព​ខ្ពើម​រអើម​របស់​ពួក​គេ​ចំពោះ​សត្វ​ជន្លេន។

បើ​ទោះ​​បីជា​មាន​បញ្ហា​ប្រឈម​កើត​ឡើង​យ៉ាង​ណា​ក៏​ដោយ​ ក៏​យុវតី​រូប​នេះ​នៅ​តែ​មាន​គោល​គំនិត​សុទិដ្ឋិនិយម​ថា ​គម្រោង​​ជន្លេន​នឹង​ត្រូវ​បាន​​បន្ត​អនុវត្ត​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​រហូត ​ដល់​សហគមន៍​ទាំង​មូល​ ដែល​មាន​សហគមន៍​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​ជា​​ជំរូ​ស្រាប់​។

លើស​ពី​នោះ​ កញ្ញា​ សុធារតន៍ ​​បាន​បង្ហាញ​គោល​ជំហរ​​ថា៖ «នាង​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ពង្រឹង និង​ពង្រីក​​ទស្សន​វិស័យ​នៃ​គម្រោង​​​ជន្លេន​ ដូចជា​ ត្រួត​ពិនិត្យ​គុណភាព​ជី​អាចម៍​ជន្លេន​ រៀបចំ​ផែន​ការ​​ទីផ្សារ​ ​ក៏​ដូចជា​​ការ​ដឹក​ជញ្ជូន​ផលិតផល​​នេះ​ទៅ​ដល់​ដៃ​​អតិថិជន​ជាដើម»​។

យុវតី​រូប​នេះ​​​​និយាយ​ទាំង​ញញឹម​ថា៖ «ការ​គាំទ្រ​កសិករ​ខ្នាត​តូច​ គឺ​ជា​ឆន្ទៈ​ និង​បំណង​របស់​នាង​ខ្ញុំ​ ហើយ​វា​បាន​ជំរុញ​ឲ្យ​នាង​ខ្ញុំ​ បង្កើត​គម្រោង​ឈ្មោះ​​ថា​ជន្លេន​នេះ​ឡើង​។​ នាង​ខ្ញុំ​ជឿជាក់​​ថា គម្រោង​ជន្លេន​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចាប់​ផ្តើម​អនុវត្ត​ចេញ​ពី​កសិករ​ម្នាក់​ទៅ​ម្នាក់​ទៀត​រហូត​ត្រូវ​បាន​​អនុវត្ត​ក្នុង​សហគមន៍​ក៏​ដូចជា​ប្រទេស​ជាតិ​យើង​ផង​ដែរ»​៕