ភ្នំពេញ៖ ខណៈ​​ព្រឹត្តិការណ៍​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០២០ ​(Miss Universe Cambodia 2020) នៅ​ពុំ​ទាន់​មាន​​ដំណឹង​​​ច្បាស់​លាស់​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ឡើយ​នោះ ស្រាប់​តែ​មាន​ការ​បង្ហោះ​រូបភាព​ និង​សារ​ បញ្ជាក់​អំ​ពី​​លក្ខណ​សម្បត្តិ​​របស់​បេក្ខនារី​មួយ​ចំនួន​ ដើម្បី​​បន្ថែម​ជា​​ល្បោយ​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​ភាព​​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ដល់​អ្នក​លេង​បណ្តាញ​​​សង្គម ឬ​ក្រុម​ប្រិយមិត្ត​ដែល​និយម​គាំទ្រ​​សម្រាប់​វិស័យ​​ប្រកួត​ប្រជែង​ជ្រើសរើស​សម្រស់​​​មួយ​នេះ។

ជាក់​​ស្តែង​​មហាជន​ភ្ញាក់​ផ្អើល​ចំពោះ​លក្ខណ​សម្បត្តិ​​របស់​​យុវតី​ម្នាក់​មាន​ឈ្មោះ​ថា កញ្ញា សាន្ត កុសុមៈ​ ដែល​មាន​សមត្ថភាព​ចេះ​ដល់​ទៅ​​ ​៤​ ភាសា ហើយ​ទំនង​ជា​បេក្ខនារី​ដាក់​ពាក្យ​ចូល​​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០២០ នេះ​ផង​ដែរ​។ ​​

តាម​គេហទំព័រ​មួយ​ឈ្មោះ Miss Cambodia បាន​សរសេរ​សារ និង​រូបភាព​របស់​កញ្ញា​ សាន្ត កុសុមៈ ដោយ​បង្ហោះ​​ថា​៖ «Road to Miss Universe Cambodia 2020 ​នាង​មាន​ឈ្មោះ​ថា សាន្ត ​កុសុមៈ វ័យ ២០ ឆ្នាំ មាន​កម្ពស់ ១,៧ ម៉ែត្រ​។ នាង​មាន​​មុខ​របរ​គ្រប់គ្រង​​សណ្ឋាគារ​មួយ​កន្លែង និង​ធ្វើ​ជា​អ្នក​បក​ប្រែ។ ​ចំពោះ​ការ​​សិក្សា​បាន​​បញ្ចប់​កម្រិត​វិទ្យាល័យ និង​បន្ត​ការ​សិក្សា​នៅ​សាកល​​​វិទ្យាល័យ​ផ្នែក​អក្សរសាស្រ្ត​​អង់គ្លេស​។ កញ្ញា​ចេះ​​​និយាយ ភាសា​ខ្មែរ​ អង់គ្លេស កូរ៉េ និង​ចិន។ ទេពកោសល្យ​វិញ​នាង​​ ចេះ​​ច្រៀង​​ចម្រៀង​​​​យ៉ាង​ពីរោះ ទាំង​ភាសា​ជាតិ និង​អន្តរជាតិ​។ កុំ​ភ្លេច​គាំទ្រ​រូប​កញ្ញា​ផង​​ នាង​​ក៏​មិន​ធម្មតា​នោះ​ដែរ ទាំង​ការ​​ឆ្លើយ​នូវ​​សំណួរ និង​​ការ​​ដើរ​ម៉ូដ​នោះ!​»។

បើ​តាម​ការ​​បង្ហើប​ឲ្យ​ដឹង​​ពី​លោក ម៉ែន​ និមលរ័តន៍​ អតីត​​ប្រធាន​​ប្រតិបតិ្ត​​នៃ​ ​Arise- Agency​ ដែល​​ទទួល​បន្ទុក​​​បណ្តុះបណ្តាល និង​​បញ្ជូន​បេក្ខភាព​កញ្ញាឯក​​កម្ពុជា​ប្រចាំ​ឆ្នាំ​កន្លង​មក​ តែ​រូប​​លោក​ក៏​បាន​ដឹង​ពី​​ព័ត៌មាន​ខ្លះ​​នៃ​ការ​ដំណើរការ​ប្រកួត​ប្រជែង​​ជ្រើសរើស​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០ ​នេះ​ដែរ​ ដោយ​បាន​បង្ហើប​​ថា៖ «បើ​តាម​ខ្ញុំ​បាន​ដឹង​នោះ កម្មវិធី​ប្រកួតប្រជែង​​រក​បេក្ខនារី​ Miss Universe Cambodia 2020 នៅ​ពុំទាន់​កំណត់​ប្រកួត​នៅ​ឡើយ​នោះ​ទេ​សម្រាប់​ឆ្នាំ ​២០២០​ នេះ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ ​១៩ នៅ​មិន​​ទាន់​អនុញ្ញាត​ឲ្យ​អ្នក​​រៀបចំ​កម្មវិធី​អាច​ដំណើរការ​វា​បាន។ ដូច្នេះ សម្រាប់​​​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​រឿង​ប្រកួត​ ឬ​បេក្ខនារី​នានា​នោះ ក៏​ទំនង​ជា​​មិន​មាន​​​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​ដែរ»។​

គួរ​រំឭក​ដែរ​ថា បេក្ខនារី​ជា​​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ នា​ឆ្នាំ​កន្លង​មក​នោះ រួម​មាន​​កញ្ញា សំណាង អេលីណា ជា​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៩ កញ្ញា រឿន ណាត ​ជា​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៨ និង​កញ្ញា ប៊ី សុធារី កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៧៕