ភ្នំពេញ៖ ជាមួយ​កាយវិការ​ក្រមិចក្រមើម​បកស្រាយ​ពី​ពាក្យ​ពេចន៍​វេយ្យាករណ៍ យុវតី​ដ៏​ស្រស់​សោភា Jennica កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម ចំពោះ​វីដេអូ​​បង្រៀន​ភាសា​​​​​អង់គ្លេស​របស់​កញ្ញា។

ផ្អែក​ទៅ​លើ​បទពិសោធ​ជា​សិស្ស​​​ធ្លាប់​មាន​​ការ​ងឿង​ឆ្ងល់​ច្រើន កញ្ញា Jennica បាន​បង្កើត​វីដេអូ​បង្រៀន​ភាសា​អង់គ្លេស ​ដើម្បី​ចែក​រំលែក​ពី​ចំណេះដឹង និង​បច្ចេកទេស​​ក្នុង​ការ​រៀន​របស់​ខ្លួន​ជាមួយ​អ្នក​តាម​ដាន​ទំព័រ​ហ្វេសប៊ុក​​ English With Jennica ជាង ៧២ ០០០ នាក់​ និង​ចំនួន Subscribe នៅ​ក្នុង​យូធូប​ប្រមាណ ២,១៤ K។

យុវតី​ធ្វើ​វីដេអូ​បង្រៀន​ភាសា​អង់គ្លេស​​រូប​នេះ​បាន​និយាយ​​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យ​ដឹង​ថា៖​ «ដោយសារ​កាល​ពី​រៀន​អង់គ្លេស​ពេល​នៅ​ក្មេង​ ចូលចិត្ត​ឆ្ងល់​ពី​វេយ្យាករណ៍​ និង​ពាក្យ​អង់គ្លេស​ខ្លះៗ ហើយ​អត់​ចូល​ចិត្ត​សួរ​លោក​គ្រូ​ អ្នក​គ្រូ​ទេ ចូល​ចិត្ត​ស្រាវជ្រាវ​រក​ចម្លើយ​ដោយ​ខ្លួន​ឯង​ ហើយ​សម្រាប់​ការ​រៀន​ពាក្យ​វិញ​ គឺ​ខ្ញុំ​ចូល​ចិត្ត​រក​ទិចនិក​ឲ្យ​ខ្លួន​ឯង​ចាំ​ពាក្យ​បាន​ងាយ​ស្រួល​ អ៊ីចឹង​ហើយ​ក៏​គិត​ថា​ គ្នា​យើង​ខ្លះ​ប្រហែល​អាច​មាន​ចម្ងល់​ និង​មាន​ផល​លំបាក​ក្នុង​ការ​ចាំ​ពាក្យ​ដែរ ទើប​ខ្ញុំ​ធ្វើ​វីដេអូ​ ចង់​ចែក​រំលែក​ពី​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ និង​ទិចនិក​ខ្លះៗ​ក្នុង​ការ​រៀន​ ព្រោះ​គិត​ថា​ជា​ផ្នែក​តូច​មួយ​អាច​ជួយ​អ្នក​ទាំង​អស់​គ្នា​បាន​»។

កញ្ញា Jannica ដែល​បញ្ចប់​ការ​សិក្សា​ពី​​​​​​​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) និង​កំពុង​​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​រូប​នេះ ទើប​តែ​ចាប់​ផ្ដើម​​នៅ​ខែធ្នូ ឆ្នាំ ២០១៩ ដោយ​លើក​យក​មេរៀន​មក​បក​ស្រាយ​ទាក់ទិន​នឹង​​​វេយ្យាករណ៍​ ​ពាក្យ​គន្លឹះ​ ​គ្រាម​​ភាសា​​ និង​​វាក្យ​សព្ទ មក​បង្ហាញ​ក្នុង​វីដេអូ​នីមួយៗ​ក្នុង​រយៈពេល​ពី ៥ ទៅ ១៥ នាទី។

កញ្ញា Jennica ដែលបញ្ចប់ការ​សិក្សា​ពី​វិទ្យាស្ថានភាសាបរទេស កំពុង​បន្តការ​សិក្សា​នៅ​ក្រៅស្រុក និង​ឆ្លៀត​ធ្វើវីដេអូចែករំលែក​បទពិសោធ និង​ទិចនិក​រៀនភាសាអង់គ្លេស​របស់ខ្លួន​។ រូបថត សហ​ការី

យុវតី​មុខ​ឃ្យូត នឹង​លេង​ស្តាយ​សម្លៀក​បំពាក់​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖​ «​​ប្រធានបទ​ដែល​ខ្ញុំ​បាន​លើក​យក​មក​និយាយ​ក្នុង​វីដេអូ​ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្ងល់​ ឬ​ក៏​ចំណុច​មេរៀន​ណា​ដែល​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រឡំ​ ហើយ​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ ដោយ​គិត​ថា​ គ្នា​យើង​ក៏​ប្រហែល​ជា​អាច​នឹង​​ច្រឡំ​ដូច​គ្នា​ ទើប​គិត​ថា​វីដេអូ​ខ្ញុំ​ខ្លះ​អាច​ជួយ​ឲ្យ​ពួក​គាត់​ងាយ​យល់​ និង​ឆាប់​ចាំ​បាន​​ងាយ​ស្រួល​ជាង​មុន​ហើយ​អាច​ឲ្យ​ឈប់​ច្រឡំ​ច្រើន​ក្នុង​ការ​រៀន​ភាសា​មួយ​នេះ​បាន​ (ភាសា​អង់គ្លេស)»។

ក្នុង​រយៈពេល ២ ខែ​កន្លង​មក​នេះ Jennica បាន​បង្ហោះ ១៣ វីដេអូ​ នៅ​ទំព័រ​ហ្វេសប៊ុក ​និង​ ១០ វីដេអូ​ នៅ​លើ​បណ្តាញ​យូធូប​ ជាមួយ​ការ​​​ចែក​ចាយ​បន្ត​រាប់​ពាន់នាក់​​ ដោយ​អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​វ័យ​ចាប់​ពី​ ១៥ ឆ្នាំ រហូត​ដល់ ២៥ ឆ្នាំ ចូល​ទស្សនា​វីដេអូ​ ជាពិសេស​​​អ្នក​មាន​​មូលដ្ឋានគ្រឹះ​ភាសា​អង់គ្លេស​​កម្រិត​ទាប​​។

កញ្ញា Jennica បាន​រៀប​រាប់​ថា៖ «ប្រសិន​បើ​គាត់​ធ្លាប់​រៀន​ភាសា​អង់គ្លេស​បាន​ខ្លះ វីដេអូ​ខ្ញុំ​ក៏​ប្រហែល​ជា​អាច​ជួយ​គាត់​បាន​ច្រើន​ ប៉ុន្តែ​ប្រសិន​បើ​គាត់​មាន​មូលដ្ឋាន​គ្រឹះ​អង់គ្លេស​ច្រើន​មក​ហើយ​ នោះ វីដេអូ​នេះ​ប្រហែល​ជា​អាច​មាន​ប្រយោជន៍​សម្រាប់​​គាត់​​​តិច​តួច​ប៉ុណ្ណោះ​ ហើយ​ចំណុច​តិចតួច​នេះ​អាច​ជា​​គន្លឹះ​ ឬ​ជា​ចំណុច​​ពិសេសៗ​ក្នុង​មេរៀន​ ដែល​អាច​​ជា​អ្វី​ដែល​អ្នក​គ្រប់​គ្នា​​មើល​រំលង​»។

ក្នុង​ការ​ធ្វើ​វីដេអូ​បក​ស្រាយ​ពី​មេរៀន​ក្នុង​ភាសា​អង់គ្លេស​នេះ​ កញ្ញា Jennica ត្រូវ​​​រក​នឹក​ឃើញ​ប្រធាន​បទ​ដែល​នឹង​យក​មក​បកស្រាយ ប៉ុន្តែ​កញ្ញា​មិន​បាន​រៀបចំ script ក្នុង​ការ​ថត​នោះ​ទេ។

កញ្ញា Jennica ដែលបញ្ចប់ការ​សិក្សា​ពី​វិទ្យាស្ថានភាសាបរទេស កំពុង​បន្តការ​សិក្សា​នៅ​ក្រៅស្រុក និង​ឆ្លៀត​ធ្វើវីដេអូចែករំលែក​បទពិសោធ និង​ទិចនិក​រៀនភាសាអង់គ្លេស​របស់ខ្លួន​។ រូបថត សហ​ការី

កញ្ញា​បាន​លើក​ហេតុផល​ថា៖ «ខ្ញុំ​និយាយ​យក​តែ​ម្តង​ ដោយ​អត់​មាន​ script ទេ ព្រោះ​និយាយ​តាម​ script ចេះ​តែ​ភ្លេច​ ហើយ​ត្រូវ​រក​នឹក ​អ៊ីចឹង​ហើយ​មើល​ទៅ​វា​អត់​ចេញ​មក​ពី​ធម្មជាតិ​ផង​ ទើប​មិន​ចូល​ចិត្ត​មាន​ script»។

រី​ឯ​បច្ចេកទេស​កាត់​ត​ អ្នក​គ្រូ​មុខ​ឃ្យូត និង​កាយវិការ​បង្រៀន​គួរ​ឲ្យ​ស្រឡាញ់​រូប​នេះ​បាន​​បង្ហើប​ប្រាប់​​ថា​៖​ «​មាន​អ្នក​ឆាត​សួរ​ច្រើន​ដែរ ពី​ការ​កាត់​ត​ ថា​កាត់​តាម​អ្វី? គឺ​ខ្ញុំ​កាត់​តាម​ទូរស័ព្ទ​​ ធម្មតា​ទេ​ អ៊ីចឹង​ហើយ​រាង​ចំណាយ​ពេល​យូរ​បន្តិច​ ប៉ុន្តែ​បើ​មេរៀន​និយាយ​ពី​ពាក្យ (Vocabulary) ​កាត់​បាន​លឿន​ត្រឹម​ ២ ម៉ោង​អី​អាច​បាន​ ១ វីដេអូ​ហើយ​​ ប៉ុន្តែ​បើ​​និយាយ​ពី​វេយ្យាករណ៍​វិញ​ ស៊ី​ពេល​ខ្លាំង​ណាស់​»។

ទន្ទឹម​នឹង​ប្រជាប្រិយភាព​ជា​អ្នក​គ្រូ​ភាសា​អង់គ្លេស​មុខ​ឃ្យូត​នោះ​​ វីដេអូ​ចែក​រំលែក​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​​កញ្ញា ក៏​​ធ្លាប់​រង​ការ​រិះគន់​​ខ្លះ​ផង​​ដែរ។

តប​នឹង​មតិ​ទាំង​នេះ​ Jennica និយាយ​ថា៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​នៅ​មិន​ទាន់​ល្អ​ប្រសើរ​​ខ្លាំង​ចំពោះ​ការ​បញ្ចេញ​សំឡេង​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ខ្លះៗ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ធ្វើ​វីដេអូ​បក​ស្រាយ​រួច​ហើយ​ដែរ។

ខ្ញុំ​អាច​មាន​កំហុស​ក្នុង​ការ​បញ្ចេញ​សំឡេង​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ជឿ​ជាក់​ថា​ទោះ​តិច​ ឬ​ក៏​ច្រើន​ អ្នក​ទស្សនា​នឹង​ទទួល​បាន​ចំណេះដឹង​បន្ថែម​ខ្លះ​ដែល​ជា​ Main Content ដែល​ជា​ប្រធានបទ​ចម្បង​ក្នុង​វីដេអូ​ខ្ញុំ​នីមួយៗ»។

ក្នុង​រយៈពេល ​១ ខែ​ចុង​ក្រោយ​នេះ ​​ការ​ផលិត​វីដេអូ​ក៏​​ហាក់​​​មាន​ការ​យឺតយ៉ាវ​ ដោយ​ត្រូវ​ចំណាយ​​ពេល​ចាប់​ពី​ ១ អាទិត្យ​ ឬ ១០ ថ្ងៃ​ ទើប​មាន​ការ​​​បង្ហោះ​វីដេអូ ​១ ទៀត។

យុវតី Jennica បាន​ប្រាប់​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ធ្វើ​វីដេអូ​បង្រៀន​ពី​ភាសា​អង់គ្លេស​ដូច្នេះ​​ទៀត​ថា​៖​ «​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ពិត​ជា​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​ចូល​ចិត្ត​ និង​គាំទ្រ​កន្លង​មក​ ហើយ​សង្ឃឹម​ថា​ បងប្អូន​យើង​នឹង​នៅ​តែ​ចូល​ចិត្ត​ និង​រង់ចាំ​មើល​វីដេអូ​បន្ត​ទៀត​ ទោះបី​ជា​ចេញ​រាង​យូរ​បន្តិច​ក៏​ដោយ​ ព្រោះ​ថា​​ខ្ញុំ​នៅ​មាន​ប្រធាន​បទពិសេសៗ​ប្លែកៗ​ច្រើន​ទៀត​ណាស់​ ដែល​ចង់​ចែក​រំលែក​ទៅ​អ្នក​ទាំង​អស់​គ្នា​»៕