
វិចិត្រករអូទីសឹម អាយុ ១៧ឆ្នាំ រំលេចស្នាដៃគំនូរពីវីរបុរសជួរមុខ។ រូបថត AFP
ក្រុងប៉ារីស៖ សិល្បៈបានជួយយុវវ័យមួយចំនួនឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃការបិទប្រទេស និងស្ថានភាពសុខភាព អំឡុងពេលរស់នៅអាផាតមិនតូចៗ។
យុវតី វ៉ាន ចាមីឡា វ៉ាន សៃហ្វុល បារី ជាជាងគំនូរអូទីសឹមអាយុ ១៧ ឆ្នាំ មកពីម៉ាឡេស៊ី បានចំណាយពេលរបស់នាងច្នៃគំនូរស៊េរី «វីរបុរសយើង» ឬ Our Heroes ជូនចំពោះបុគ្គលិកបម្រើការជួរមុខ។
យុវតីបានប្រាប់ AFP ពីស្ទូឌីយោនៅផ្ទះក្រៅក្រុងគួឡាឡាំពួថា៖ «ខ្ញុំប្រមែបម្រូលសាច់រឿងទាំងអស់ដែលខ្ញុំបានឃើញក្នុងជីវិតប្រចាំថ្ងៃអំពីដំណឹងទាក់ទងជំងឺកូវីដ ១៩»។
យុវតីរូបនេះបង្ហាញពីផ្ទាំងគំនូរមួយរបស់ខ្លួនយ៉ាងមានជំនឿចិត្ដ ដោយរំលេចនូវរូបភាពមនុស្សគ្រងឈុតខៀវ កែវភ្នែកធំៗខ្មៅ ក្នុងទឹកមុខពាក់ម៉ាស់បង្ហាញពីក្ដីបារម្ភ។ ស្នាដៃមួយរបស់នាងត្រូវបានជ្រើសរើសសម្រាប់ជាយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងរបស់ក្រសួងសុខាភិបាល។

រូបភាពមនុស្សគ្រងឈុតខៀវ ក្នុងទឹកមុខពាក់ម៉ាស់បង្ហាញពីក្ដីបារម្ភ។ រូបថត AFP
ស្ថិតនៅចម្ងាយជាង ១ ម៉ឺនគីឡូម៉ែត្រពីភាគខាងជើងម៉ាសេដ្វាន រីឯយុវតីម្នាក់ទៀត អេវ៉ា ស្ដូសេវស្កា បានរកឃើញវិធីផ្ដល់ភាពរស់រវើកដល់សិល្បៈ ទោះបីការសម្ដែង និងមហោស្រពនានាត្រូវបានលុបចោលក្ដី។
យុវតីវ័យ ១៦ ឆ្នាំ មកពីទីក្រុងស្កុបជេ និងមិត្ដភក្ដិបានរៀបចំកម្មវិធីមហោស្រពវប្បធម៌ប្រចាំឆ្នាំរបស់សាលាលើហ្វេសប៊ុកជំនួសទីកន្លែងមានមនុស្សច្រើនទៅទស្សនាផ្ទាល់។
ជាមួយអ្នកចូលទស្សនាជាង ៤ ម៉ឺនដង និងបានផ្ដល់ការកោតសរសើរ យុវតីរូបនេះ បាននិយាយថា៖ «វាទទួលបានចំណាប់អារម្មណ៍ច្រើនលើសពីការរំពឹងទុក»៕ AFP/HR