ក្រុងរ៉ូម៖ ខណៈមិត្តភក្តិកំពុងតែលង់លក់ក្រោយស្រវឹងជោក វេននីសា ផេឌូហ្ស៊ី វ័យ ២៣ ឆ្នាំ បានក្រោកពីព្រលឹមទៅដល់កសិដ្ឋាន ដើម្បីត្រួតពិនិត្យសត្វចិញ្ចឹមរបស់ខ្លួនរួចជាស្រេច។ កញ្ញាជាម្ចាស់កសិដ្ឋានអ៊ីតាលីវ័យក្មេងម្នាក់ ដែលចាប់អាជីពនៅលើកសិដ្ឋានចិញ្ចឹមសត្វ។
កញ្ញា ផេឌូហ្ស៊ី បានប្រាប់ទីភ្នាក់ងារ AFP ខណៈដើរកាត់ស្ពានឈើក្រាសស្មៅលើបឹងកូម៉ូភាគខាងជើងប្រទេសអ៊ីតាលី ដើម្បីបង្ហាញអគារដែលនាងបានដំឡើងបន្ដិចម្ដងៗឲ្យកា្លយជារោងចិញ្ចឹមសត្វថា៖ «វាជាការងារដែលនឿយហត់ និងចំណាយកម្លាំងច្រើន តែខ្ញុំពេញចិត្ត»។
កញ្ញាបន្តថា៖ «ខ្ញុំជ្រើសរើសជីវិតបែបនេះ។ កន្លែងដែលខ្ញុំចង់នៅ ហ៊ុមព័ទ្ធដោយធម្មជាតិ និងសត្វ»។
កញ្ញា ផេឌូហ្ស៊ី ជាមេចុងភៅហាត់ការ ប៉ុន្ដែនាងបានលះបង់មកធ្វើជាអ្នកបង្កាត់ពូជសត្វលា និងគោនៅ ភ្នំអេព បេតដូឡូ កម្ពស់ប្រមាណ ៨១៣ ម៉ែត្រ លើនីវ៉ូទឹកសមុទ្រ ក្បែរព្រំដែនប្រទេសស្វ៊ីស ជំនួសវិញ។
កញ្ញានិយាយទាំងអស់សំណើចថា៖ «កាលពីឆ្នាំមុន ខ្ញុំចាប់ផ្ដើមជាមួយលាតូចៗ ២ គ្មានដី គ្មានក្រោល តែខ្ញុំមានមិត្តភក្តិយល់ព្រមឲ្យខ្ញុំប្រើវាលស្មៅ។ ស្ថានភាពពេលនោះពិតជាលំបាក»។
ពេលនេះ យុវតីអ៊ីតាលីម្នាក់នេះមានលា ២០ ក្បាល ដោយ ១៥ ក្បាលកំពុងផើម រួមទាំងគោ ១០ ក្បាល កូនគោ ៥ ក្បាល និង មេគោ ៥ ក្បាល។
លោក ចាកូផូ ហ្វន់តេនេតូ មកពីសហជីពកសិកម្មដ៏សំខាន់របស់អ៊ីតាលី Coldiretti បាននិយាយថា៖ «បន្ទាប់ពីជីវិតនៅលើភ្នំគ្មានអ្នកចាប់អារម្មណ៍អស់រយៈពេលជាច្រើនឆ្នាំចំពោះពលរដ្ឋអ៊ីតាលីទូទៅ យើងមើលឃើញការត្រឡប់មកវិញរបស់យុវជនក្នុងរយៈកាលពី ១០ ទៅ ២០ ឆ្នាំក្រោយនេះ»។
សហជីពកសិកម្ម Coldiretti បានឲ្យដឹងក្នុងការសិក្សាអំពីទិន្នន័យកាលពីឆ្នាំមុនថា មានការកើនឡើងចំនួន ១២ ភាគរយនៃចំនួនប្រជាជន អាយុក្រោម ៣៥ ឆ្នាំ ដែលធ្វើជំនួញលើវិស័យកសិកម្មក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ទិន្នន័យដដែលបានបង្ហាញថា ស្ដ្រីមានចំនួនជិត ១ ភាគ ៣ នៃម្ចាស់ជំនួញកសិកម្មទាំងអស់។
វិស័យនេះត្រូវបានគេមើលឃើញថា «សម័យនៃការច្នៃប្រឌិត» និងធ្វើការលើដីស្រែ «លែងត្រូវបានចាត់ទុកជាចំណតចុងក្រោយរបស់អវិជ្ជាទៀតហើយ» តែជាអ្វីដែលឪពុកម្តាយគួរមានមោទនភាព។
ទោះជាយ៉ាងណា លោក ហ្វន់តេនេតូ បានសារភាពថា៖ «វាមិនមែនជាជម្រើសងាយស្រួលទេ»។
លោកនិយាយថា ជំនួសឲ្យការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬម៉ាស៊ីនគិតលុយ អ្នកធ្វើការនៅលើវាលស្មៅដាច់ស្រយាល គយគន់ទេសភាពទីឋានជនបទដ៏ស្រស់ត្រកាលដូចក្នុងក្ដីសុបិន ប៉ុន្តែវាក៏ជា «ជីវិតពោរពេញដោយការលះបង់» ដែលមានឱកាសតិចតួចសម្រាប់ភាពសប្បាយពេលរាត្រីនៅទីក្រុង។
យុវជនក៏អាចជួយធ្វើទំនើបកម្មលើវិជ្ជាជីវៈតាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ឬវិនិយោគតាមអនឡាញ។
បច្ចុប្បន្ន កញ្ញា ផេឌូហ្ស៊ី លក់សត្វ និងសាច់ ប៉ុន្តែនាងសង្ឃឹមថា ទៅថ្ងៃមុខនាងនឹងអាចពង្រីកអាជីវកម្មច្របាច់ទឹកដោះគោ និងលា ក៏ដូចជាផលិតឈីសផងដែរ៕ AFP/RS