ភ្នំពេញ៖ សិស្សានុសិស្ស​​ចំនួន ៦២៧ នាក់ ដែល​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពី​សិស្សានុសិស្ស​សរុប​ចំនួន ១ ៤០០ នាក់ មក​ពី​សាលា​ចំណេះដឹង​​ទូទៅ​ទាំង​​សាលា​រដ្ឋ និង​សាលា​ឯកជន​​ជាង ៥០ សាលា ទាំង​​នៅ​ក្នុង​រាជធានី​​​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស ​កម្ពុជា នឹង​ត្រូវ​ទៅ​ចូលរួម​​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​គណិតវិទ្យា​​​ពិភព​លោក​លើក​ទី ​៣ នៅ​ក្នុង​ឆ្នាំ ​២០២០ ​(2020 ​World Mathematics Invitational-WMI) ខាង​មុខ​នេះ។​

បើ​តាម​លោក ហ៊ុង ស៊ាងប៊ុង ដែល​ជា​​អ្នក​សម្របសម្រួល​​​ផ្នែក​ខាង​​​នាំ​សិស្ស​​ទៅ​ចូលរួម​​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​​សមត្ថភាព​​គណិតវិទ្យា​ពិភព​លោក​ឈ្មោះ​ ​World Mathematics Invitational (WMI) ដែល​ជា​​កិច្ច​សហការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Global Education Network Cambodia និង​សាលា​ចំណេះដឹង​ទូទៅ​​​អន្តរជាតិ​វេស្ទើន (Western​ International School)។​

យុវសិស្ស​ខ្មែរ​​ដែល​ធ្លាប់​​ទៅ​ចូលរួម​កម្មវិធី​​ប្រកួត​ប្រជែង​សមត្ថភាព​​គណិតវិទ្យា​ពិភព​លោក​ WMI នេះ បាន​ចំនួន ២ លើក​រួច​មក​ហើយ ដោយ​លើក​​ទី ​១​ បាន​ធ្វើ​នៅ​ប្រទេស ​កូរ៉េ​​ខាង​​ត្បូង នៅ​ថ្ងៃទី ​១៣ ខែ ​កក្កដា ​​ឆ្នាំ ​២០១៨ និង​​​លើក​​ទី​២​​ បាន​ធ្វើ​នៅ​​ទីក្រុង​​ហ្វូគុ​អូកា កាល​ពី​ថ្ងៃ​ទី ​១៨ ខែ ​កក្កដា ឆ្នាំ ​២០១៩ ​ប្រទេស ​ជប៉ុន​ ខណៈ​នៅ​​ឆ្នាំ ​២០២០​នេះ ​ប្រទេស​ ​កម្ពុជា​ នឹង​​ចូលរួម​ជា​លើក​ទី ​៣ ដែល​​ធ្វើ​នៅ​ទីក្រុង​​គូឡាឡាំពួ​ ប្រទេស ​​ម៉ាឡេស៊ី​​។

យុវតី ណារិទ្ធ កញ្ញារ័ត្ន សិស្សថ្នាក់ទី ១១D នៃសាលាវេស្ទេីនអន្តរជាតិ ដែលឈ្នះពាន​ ១ ក្នុង​ WMI ឆ្នាំ​ ២០១៩​។ រូបថត សហ​ការី

លោក ហ៊ុង ស៊ាងប៊ុង បាន​បង្ហើប​ឲ្យ​​ដឹង​ថា៖ «នា​​ថ្ងៃទី ​១៧-២១ ខែ ​កក្កដា ឆ្នាំ ​២០២០ ខាង​​​មុខ​នេះ សម្រាប់​ជា​​ទិន្នន័យ​​បឋម​ នៃ​ចំនួន​សិស្សានុសិស្ស​ខ្មែរ​យើង​ចំនួន​ ៦២៧​ នាក់ ដែល​ជា​សិស្សានុសិស្ស​​ ទើប​​តែ​​បាន​​​ឆ្លង​កាត់​ប្រកួត​ជ​ម្រុះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា កាល​​​ពី​ថ្ងៃទី ​៨ ខែ ​កុម្ភៈ ឆ្នាំ ​២០២០ កន្លង​មក​នៅ​ក្នុង​​ចំនួន​​សរុប​​ចូល​រួម​ ១ ៤០០ នាក់ នោះ ​នឹង​ត្រូវ​​ទៅ​ចូលរួម​ការ​ប្រកួត​​​សមត្ថភាព​គណិតវិទ្យា​​​លក្ខណៈ​​ពិភព​លោក​​ WMI ឆ្នាំ ២០២០ ជា​លើក​ទី ៣​ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស ​ម៉ាឡេស៊ី​។ កាល​​ពី​ថ្ងៃទី ​១៨ ខែ ​កក្កដា ឆ្នាំ ​២០១៩ កន្លង​មក​ ដែល​ជា​ការ​ចូលរួម​លើក​ទី ២ ​នោះ កម្ពុជា​យើង​បាន​នាំ​សិស្ស​ចំនួន​​ជាង ១០០ នាក់ ទៅ​ចូលរួម​ប្រកួត​​នៅ​ក្នុង​ទីក្រុង​​ហ្វូគុ​អូកា ប្រទេស ​ជប៉ុន និង​​​លទ្ធផល​យើង​មាន​សិស្ស​​ចំនួន ៥០ រូប ទទួល​ជ័យជម្នះ​។

ចំណែក​លើក​ទី ​១ ដែល​ធ្វើ​នៅ​ទីក្រុង​សេអ៊ូល ប្រទេស ​កូរ៉េ​ខាង​ត្បូង នោះ យើង​បាន​​នាំ​សិស្សានុសិស្ស​ចំនួន ៥៥ នាក់ និង​​លទ្ធផល​​បាន​ជ័យជម្នះ​ចំនួន​ ២១ នាក់»។​ ​

អ្វី​គួរ​​​ឲ្យ​កត់​សម្គាល់​នោះ សម្រាប់​ការ​​ប្រកួត​​​​សមត្ថភាព​គណិត​វិទ្យា ​ដែល​ជា​លក្ខណៈ​​​ពិភព​លោក​ WMI កាល​ពី​ឆ្នាំ ​២០១៩ នៅ​ប្រទេស ​ជប៉ុន ​នោះ យុវតី​​ស្រស់សោភា ណារិទ្ធ កញ្ញារ័ត្ន ដែល​ជា​សិស្ស​រៀន​ថ្នាក់​ទី ​១១D នៅ​សាលា​អន្តរជាតិ​វេស្ទើន​បាន​បង្កើត​នូវ​​​កំណត់ត្រា​ថ្មី​ ​គឺ​ទទួល​​បាន​​ពាន​​រង្វាន់​​លំដាប់​កំពូល​ពិភព​លោក​នេះ​ដែរ​ពី​ការ​ប្រឡង​​​គណិតវិទ្យា​លំដាប់​ពិភព​​លោក​វគ្គ​ផ្តាច់ព្រ័ត្រ​ ដែល​មាន​ចំនួន​បេក្ខជន-បេក្ខនារី ជា​យុវសិស្ស​ចូលរួម​ប្រឡង​ចំនួន ១ ៤០៤ នាក់ ​មក​ពី ២៣ ប្រទេស។

យុវជន​ រាត់ កំរងជេដ្ឋា​ ​សិស្សសាលា​វេស្ទេីន​អន្តរ​​ជ​ាតិ​ ដែលជា​ម្ចាស់​មេ​ដាយ​មាស២ជំនាន់​ក្នុង​​កម្ម​វិធី​ប្រកួត ​WMI។ រូបថត សហ​ការី

ដោយ​ឡែក​សម្រាប់​ខ្មែរ​យើង​ដដែល​​​​ក៏​មាន​​យុវជន​ឈ្មោះ​ រាត់ កំរងជេដ្ឋា​ ជា​សិស្ស​រៀន​នៅ​សាលា​វេស្ទើន​អន្តរជាតិ​ ថ្នាក់ទី ១១ ដែល​រូប​គេ​គឺ​​ជា​ម្ចាស់​មេដាយ​​មាស​ ២ ជំនាន់​ នៅ​ក្នុង​​ការ​ប្រឡង​សមត្ថភាព​គណិតវិទ្យា​លំដាប់​ពិភព​លោក​​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​​សេអ៊ូល​ ប្រទេស ​កូរ៉េ​ខាង​​ត្បូង​ កាល​ពី​ថ្ងៃទី ១៣ ខែ កក្កដា​ ២០១៨​ នៅ​​ទីក្រុង​ហ្វូគុអូកា​ ប្រទេស ជប៉ុន​ កាល​​ពី​ថ្ងៃទី ១៨​ កក្កដា​ ឆ្នាំ ​២០១៩ កន្លង​​​​​​មក​​​​នេះ។

ចំពោះ​កម្មវិធី​​ប្រកួត​សមត្ថភាព​​គណិតវិទ្យា​​លំដាប់​ពិភព​លោក​​ WMI នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​​នៃ​ការ​អប់រំ​​​ស្មារតី​​ផ្នែក​គណិត​វិទ្យា​ និង​​បង្កើត​ប្រជាប្រិយភាព ដែល​មាន​កម្រិត​​ចាប់​ពី​ថ្នាក់​មតេយ្យ​ជាន់​ខ្ពស់​​ដល់​ថ្នាក់​ទី ​១២ ខណៈ​ប្រទេស ​កម្ពុជា ​បាន​​ចូលរួម​ប្រកួត​ជា​លើក​​ដំបូង ​នៅ​ក្នុង​ឆ្នាំ​ ​២០១៨ ដោយ​មាន​ការ​ជួយ​​សម្រប​​​សម្រួល​​ពី​ក្រុមហ៊ុន​ Global Education Network Cambodia​ និង​សហការ​ជាមួយ​សាលា​វេស្ទើន។

លោក ហ៊ុង ស៊ាងប៊ុង​ បាន​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​​ក្រុមហ៊ុន​ Global Education ​Network Cambodia ក៏​កំពុង​តែ​ជួយ​សម្រួល​​ក្នុង​ការ​បើក​​វគ្គ​​បំប៉ន​​សិស្ស​ខ្មែរ​ សម្រាប់​ផ្នែក​​គណិតវិទ្យា​​នេះ ដោយ​បាន​អញ្ជើញ​​គ្រូ​ឯកទេស​​​គណិតវិទ្យា​ និង​គរុកោសល្យ​មក​​ពី​ក្រសួង​អប់រំ​ ដើម្បី​បង្រៀន​សិស្ស​ខ្មែរ​ផង​ដែរ​ មុន​នឹង​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​ពិភព​លោក​»។

បច្ចុប្បន្ន​សមាជិក​​ចូលរួម​កម្មវិធី​ប្រឡង​ WMI មាន​ប្រទេស ​អាមេរិក ចិន កូរ៉េ កម្ពុជា ថៃ នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី ម៉ាកាវ ហុងកុង ម៉ាឡេស៊ី​ ហ្វីលីពីន តៃវ៉ាន់ អ៊ីរ៉ង់ ឡាវ ឥណ្ឌា កាហ្សាក់ស្ថាន ប្រេស៊ីល មីយ៉ាន់ម៉ា វៀតណាម​ អូស្រ្តាលី ម៉ុងហ្គោលី៕​

វីដេអូ៖