ភ្នំពេញ៖ នៅទីបំផុតបានរកឃើញក្រុមជយលាភី ៣ ក្រុមចុងក្រោយ ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេស កម្ពុជា នៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីលើកទី ១១ ឆ្នាំ ២០១៩ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីចុងសប្តាហ៍មុន។
សិស្សានុសិស្សវិទ្យាល័យទាំង ៣ ក្រុម ដែលមានចំនួនសរុប ៩ រូបនោះ នឹងត្រូវបានអញ្ជើញទៅកាន់ប្រទេស ជប៉ុន ក្រោមកម្មវិធី JENESYS2019 ដើម្បីប្រកួតជាមួយនឹងសិស្សមកពីបណ្តាប្រទេសអាស៊ានទាំង ១០ ព្រមទាំងមានប្រទេស ចិន ម៉ុងហ្គោលី កូរ៉េខាងត្បូង តៃវ៉ាន់ ទីម័រខាងកើត និងជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងមិណាមិអាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេស ជប៉ុន នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៩។
បើតាមសេចក្តីប្រកាស នៅក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នៅប្រទេស កម្ពុជា នោះ ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នោះ បានឲ្យដឹងថា៖ «ប្រធានបទដែលត្រូវបកស្រាយក្នុងឆ្នាំនេះគឺ «តើអ្នកយល់យ៉ាងណាចំពោះការបង្កបញ្ហាដល់អ្នកដទៃ? តើត្រឹមត្រូវទេ សម្រាប់តែផលប្រយោជន៍ផ្ទាល់? តើអ្នកអាចគិតដល់អ្នកដទៃផងបានដែរ ឬទេ?»។ សម្រាប់ការប្រកួតមានភាពយន្តចំនួន ៦៩ រឿង ដែលផលិតដោយក្រុមសិស្ស ៣៤ វិទ្យាល័យទូទាំងប្រទេស កម្ពុជា បានដាក់ពាក្យចូលរួម ហើយក្នុងចំណោមនោះមានភាពយន្ត ១៥ រឿង ត្រូវបានសម្រិតសម្រាំង ដើម្បីចាក់បញ្ចាំងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
ការប្រកាសលទ្ធផលចុងក្រោយបានបន្តឲ្យដឹងពី ៣ ក្រុមជាម្ចាស់ជយលាភីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីលើកទី ១១ ឆ្នាំ ២០១៩ នៅក្នុងប្រទេស កម្ពុជា ដែរថា៖ «ក្រុមជយលាភីលេខ ១ បានទៅលើសិស្សមកពីវិទ្យាល័យព្រះមុនីវង្ស ដែលផលិតរឿងខ្លីមានចំណងជើងថា «លោកឪពុក» មានគ្នា ៣ នាក់ គឺយុវជន សុខ កែវទិត្យវិជ្ជា យុវជន តាំង លីឃុន និងយុវជន ឃន ប៉េងលាភ។ ចំណែកជយលាភីលេខ ២ បានទៅលើក្រុមសិស្ស ដែលផលិតរឿងមានចំណងជើងថា «កម្មផល» ដែលមកពីវិទ្យាល័យផ្សេងគ្នាគឺមានយុវជន ឆន ច័ន្ទតារាឈុនហួរ មកវិទ្យាល័យទួលទំពូង យុវជន ម៉ៅ សុវណ្ណាគង់ និងយុវជន នៅ រក្សាបុត្រ ដែលមកពីសាលាឯកជន គឺសាលារៀនអន្តរទ្វីបអាមេរិកាំង។ ចំណែកឯជយលាភីលេខ ៣ បានទៅលើក្រុមសិស្សរៀននៅវិទ្យាល័យព្រះមុនីវង្សទៀត ដែលផលិតរឿងខ្លីមានចំណងជើងថា «ការសម្រេចចិត្ត» គឺមានផលិតករមានយុវតី ហាប់ ម៉ូនីកា យុវតី ស៊ិន ពេជ្រម៉ាលី និងយុវជន គូ សុវឌ្ឍនៈ»។
គួរបញ្ជាក់ដែរថា កម្មវិធីមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីនេះ បានចាប់ផ្តើមនៅប្រទេស ជប៉ុន តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក គឺមហោស្រពនេះ បានចាប់ផ្តើមប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំណែកឯសិស្សានុសិស្សកម្ពុជាវិញ ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងមហោស្រពនេះ ចាប់តាំងពីឆ្នាំ ២០០៩ មកផងដែរ៕