ភ្នំពេញៈ ទន្ទឹម​នឹង​មោទនភាព​ពី​ស្នាដៃ​ច្នៃ​ដ្រូន​ដែល​ត្រូវ​បាន​យក​ទៅ​តាំង​បង្ហាញ​នៅ​សាលា​តិចណូ អាកាសយានដ្ឋាន​កងទ័ព​អាកាស និង​នៅ​វិមាន​ឈ្នះ-ឈ្នះ ក្រុម​សិស្ស​ថ្នាក់​ទី​ ៨ នៃ​វិទ្យាល័យ​ជំនាន់​ថ្មី​ក៏​កំពុង​ធ្វើការ​សិក្សា​អំពី​ការផលិត​យន្តហោះ​មួយ​ប្រភេទ​ធ្វើ​ពី​ស្នោ​ជំនួស​ហ្វាយប៊័រ​អាស្រ័យ​ទៅ​តាម​លទ្ធភាព​ថវិកា​។

យុវសិស្ស​វ័យក្មេង​ថា្នក់​ទី​ ៨ នៃ​វិទ្យាល័យ​ជំនាន់​ថ្មី (​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​) ១ ​ក្រុម​នេះ​មាន​សមាជិក​ ៦ ​នាក់​រួមមាន រង្ស៊ី ចន្ទចេស្តា មុន្នី គន្ថធុរ ណាន់ សុវណ្ណសាន ង៉ែត វិសុទ្ធ ម៉េង សុវណ្ណមុនិន្ទ និង​កុសល ករុណា បាន​កែ​ច្នៃ​ដ្រូន​ចេញ​ជា​រូបរាង​ល្អ​ស្អាត​ដែល​អាច​ហោះ​បាន​រយៈពេល​ជាង​ ២០ ​នាទី​។

សមាជិក​ក្រុម​មួយ​រូប​យុវជន រង្ស៊ី ចន្ទចេស្តា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹងថា​៖ «​គំនិត​ក្នុង​ការបង្កើត​ដ្រូន​ហ្នឹង​មាន​តាំង​ចុង​ឆ្នាំ​​ ២០១៧ នៅពេល​ដែល​ខ្ញុំ​ឃើញ​គេ​បង្ហោះ​ដ្រូន​មុន​ដំបូង ទើប​ខ្ញុំ និង​មិត្តភក្តិ​ម្នាក់​ទៀត​ក៏​ចាប់​សិក្សា​ពី​ការ​ធ្វើ​ដ្រូន​ហ្នឹង តែ​ពួកយើង​បាន​បោះបង់​ទៅវិញ ដោយសារ​តែ​ពេល​ហ្នឹង​ពួកយើង​មាន​គ្នា​តិច ណា​មួយ​អត់​ច្បាស់លាស់​ទៀត រហូត​ពួកខ្ញុំ​បាន​ឡើង​ដល់​ថ្នាក់​ទី​ ៨ ក៏​នឹកឃើញ​គំនិត​ហ្នឹង​ដដែល​ទៀត​ទើប​ពួក​ខ្ញុំ​រក​សមាជិក​ដើម្បី​បង្កើត​ក្រុម​ធ្វើការ​សិក្សា​ដ្រូន​ហ្នឹង​ទៅ​»​។

ក្រៅពី​ការដាក់ទុន​ពេលវេលា​ស្រាវជ្រាវ​មេរៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​យក​មក​អនុវត្ត និង​ជួសជុល​ក្រោម​ការណែនាំ​ពី​រៀមច្បង ការកែច្នៃ​​ដ្រូន​នេះ​ត្រូវ​បាន​ចំណាយ​ប្រាក់​ជាង ១ ​លាន​រៀល និង​ប្រើ​រយៈពេល​ជាង ១ ​ខែ លើ​ការសិក្សា និង​ធ្វើ​តេស្ត​ជា​ហូរហែ ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​។

ដ្រូន​កែច្នៃ​ដោយ​យុវសិស្ស​អាច​ហោះហើរ​បាន​រយៈពេល​ប្រមាណ ២០ ​នាទី​។ហេង ជីវ័ន

ទាក់ទិន​ការកែច្នៃ​ដ្រូន​នេះ​យុវ​សិស្ស មុន្នី គន្ថធុរ បាន​បញ្ជាក់​ថា​៖ «​ដ្រូន​ហ្នឹង​មិនមែន​ជា​ការបង្កើត​ថ្មី​នោះ​ទេ​គឺជា​ការកែច្នៃ​ដ្រូន​ចាស់​ដែល​បាន​ខូច​ស្ទើរតែ​ទាំង​ស្រុង​គឺ​ដំបូង​ឡើយ​ពួកយើង​មាន​គំនិត​ថា​ប្រមូល​លុយ​ទិញ​ផ្នែក​នានា​នៃ​ដ្រូន​មក​ផ្គុំ​ឡើង តែ​វា​អស់​លុយ​ច្រើន​ពេក ហើយ​ចៃដន្យ​ពួកយើង​មាន​មិត្តភក្តិ​ម្នាក់​មាន​ដ្រូន​ចាស់​ដែល​ខូច​ហើយ​ពួកយើង​ក៏​បាន​ទិញ​ដ្រូន​ហ្នឹង​ពី​គាត់​តម្លៃ ៩០ ​ដុល្លារ​បាន​ពួកយើង​ចាប់ផ្តើម​សិក្សា​ថា វា​ខូច​អី​សិក្សា​ផ្នែក​នីមួយៗ​នៃ​ដ្រូន និង​តួនាទី​របស់​វា​ហើយ​ក៏​រកឃើញ​ហើយ យើង​ក៏​ចាប់​ធ្វើ​វា​ទៅ​»​។

ដោយ​មាន​ភាព​មមាញឹក​ក្នុង​ការសិក្សា​តាំងពី​ព្រឹក​រហូត​ដល់​រសៀល យុវជន​មួយ​ក្រុម​តែងតែ​យក​ពេល​ទំនេរ​នាពេល​យប់​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ថ្ងៃ​ចុង​សប្តាហ៍ ពួកគេ​តែង​ជួបជុំ​ពិភាក្សា​បញ្ចេញ​គំនិត​រៀងៗ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការកែច្នៃ​ដ្រូន​នេះ​។

ចន្ទចេស្តា បន្ថែម​ថា​ដ្រូន​ដែល​បាន​យក​មក​កែច្នៃ​គឺ​មាន​ការពិបាក​ណាស់​ដោយសារ​​ដ្រូន​នេះ​មាន​ចំណុច​ខូច​ធំៗ​រួមមាន​រូបរាង និង​ប្រព័ន្ធ​បច្ចេកទេស​។ កង្វះ​ឧបករណ៍​ទំនើប​ក្នុង​ការកាត់​សម្បក​ដ្រូន​តម្រូវ​ឲ្យ​ពួកគេ​ប្រើ​រណារ ម៉ាស៊ីន​កាត់​កាត និង​ស្វានវីស​ដោយ​ផ្ទាល់ដៃ​។ រីឯ​ផ្នែក​បច្ចេកទេស​វិញ ពួកគេ​ធ្លាប់​បាន​តខ្សែ​ខុស​ជាច្រើន​លើក​ដែល​ធ្វើឲ្យ​កង្ហារ​ដ្រូន​រត់​មិន​ត្រូវ​គ្នា និង​ជួនកាល​គាំង​ធា្លក់​ចុះ​មក​ដី​ក៏​មាន​។

ក្រោយ​សម្រេច​បាន​សមិទ្ធផល​ប្រើការ​បាន​យុវសិស្ស​ទាំង ៦ ​នាក់​នេះ​ទទួល​បាន​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​ក្រុមគ្រួសារ មិត្តភក្ដិ និង​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​ជា​កម្លាំង​ជំរុញ​ឲ្យ​ពួកគេ​បន្ត​ផលិត​អ្វី​ដែល​ថ្មី​បន្តទៀត​។

មក​ដល់​ពេល​នេះ​ក្រុមសិស្ស​វិទ្យាល័យ​ដដែល​កំពុង​ធ្វើការ​សិក្សា​អំពី​ការផលិត​យន្តហោះ​មួយ​ប្រភេទ​ដែល​ហៅថា អាមិច​ដែល​ធ្វើ​អំពី ហ្វាយប៊ឺ តែ​ដោយសារ​ថវិកា​មាន​កំណត់​ក្រុម​សិស្ស​ច្នៃ​ដ្រូន​បាន​លើកឡើង​ថា​៖ «​ពួកយើង​ធ្វើ​ពី​ស្នោ​វិញ​ដែល​នេះ​ជា​គំនិត​ច្នៃប្រឌិត​មួយ​ទៀត​របស់​កូន​ខ្មែរ​»​។

ពួកគេ​ក៏​អំពាវនាវ​ផង​ដែរ​ថា​៖ «​សំណូមពរ​ដល់​រដ្ឋាភិបាល​ក៏ដូចជា​សាលា​នានា​គួរតែ​បង្កើត​កន្លែង​សិក្សា​ស្រាវជ្រាវ​ដល់​សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​ស្រាវជ្រាវ​រក​របកគំហើញ​ថ្មី និង​ស្នើឲ្យ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្នាដៃ និង​ការស្រាវជ្រាវ​របស់​សិស្ស​និស្សិត​ផងដែរ​»៕