ភ្នំពេញៈ តារា​សម្តែង និង​ចម្រៀង យូ​ឌី​ស្កូ ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ​ហើយ ខណៈ​ស្ថានភាព​នៃ​ការ​ព្យាបាល​ជំងឺ​ខូច​ក្រលៀន​របស់​លោក​នៅ​ប្រទេស​ឥណ្ឌា បាន​ផល​ធូរ​ស្បើយ​ច្រើន​មក នេះ​បើ​យោង​តាម​អ្នក​នាង ទូច ស្រី​លក្ខណ៍ ដែល​ជា​មិត្ត​ស្និទ្ធ​ស្នាល​បង្ហើប​ប្រាប់​នា​ពេល​ថ្មី។

ក្រោយពី​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ពី​ចុងឆ្នាំ ២០១៧ ខណៈ​រូបរាងកាយ​លោក​មាន​ភាពស្គម​ស្គាំង​ខ្លាំង​ដោយសារ​តែ​ជំងឺ​ត្រូវ​ប្តូរ​ឈាម​ជា​ច្រើន​ដង​ក្នុង​មួយខែៗ ហើយ​បន្ទាប់​ពី​ទទួល​បាន​ជំនួយ​សប្បុរសធម៌​ពី​មហាជន និង​មិត្ត​អ្នក​សិល្បៈ​រួម​ផ្សំ​ធនធាន​គ្រួសារ​លោក ជំរុញ​ឲ្យ​ទៅ​ព្យាបាល​នៅ​ឥណ្ឌា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

បើ​យោងតាម​អ្នកនាង ទូច ស្រី​លក្ខណ៍ តារាចម្រៀង​ស្រី​យេយេ ដែល​ក៏​ទើបតែ​បាន​វិល​ត្រឡប់​មក​ប្រឡូក​សិល្បៈ​ចម្រៀង​វិញ​ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​ដោយ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នឹង​ស្វាមី​បរទេស បង្ហើប​ថា៖ «បើ​តាម​ការ​សាក​សួរ​សុខ​ទុក្ខ​របស់ខ្ញុំ​ចំពោះ​គាត់​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ គាត់ [យូឌីស្កូ] ថា បាន​ធូរ​ស្បើយ​ច្រើន​ហើយ និង​ឮថា​ក៏​ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ​ផង​ដែរ​គឺ​ឆាប់ៗ​នេះ​តែ​ម្តង»។

ចំពោះ​បន្ទុក​ចំណាយ​ប្រាក់​ព្យាបាល​ជំងឺ​ខូច​ក្រលៀន​របស់​តារា​សម្តែង និង​ចម្រៀង​ប្រុស​ស្របាលៗ​គ្នា​លោក អេឡិច ចាន់ត្រា លោក ខៀវ សំភេទ លោក ញ៉ែម សុគន្ធ អ្នកនាង ទូច ស្រី​លក្ខណ៍ អ្នក​នាង អ៊ិត ស្រីពីន អ្នកនាង ឈួន ស្រីម៉ៅ កាល​នៅ​ជា​ក្រុម​តារា​ចម្រៀង​នៃ​ផលិតកម្ម​រៃមាស​នោះ ក៏​ត្រូវ​បាន​អ្នក​នាង ទូច ស្រី​លក្ខណ៍ បន្តថា៖ «សម្រាប់​ថ្លៃ​ចាយ​វាយ​ព្យាបាល​ជំងឺ​ដូចជា​បាន​ពី​ខាង​ក្រុម​គ្រួសារ​ខ្លះ និង​ផ្សំ​ពី​ជំនួយ​របស់​ក្រុម​មិត្ត​អ្នក​សិល្បៈ និង​មហាជន​នោះ​ឯង»។

តារា​សម្តែង​លោក យូ​ឌី​ស្កូ មួយ​រំពេច​នោះ​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ខ្មែរ​អស់​រយៈពេល​ជាង​មួយ​ខែ​ដោយសារ​ជំងឺ​ទឹក​នោម​ប្រៃ ឬ​ជំងឺ​ខូច​ក្រលៀន និង​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ចាំបាច់។ ក្រោយ​ពី​ស្ងប់​ស្ងាត់​សកម្មភាព​សស្រោក​សស្រាំ​នៃ​ក្រុម​សិល្បៈ​រួម​អាជីព បាន​ចាត់​ចែង​ជា​ជំហរ​ជ្រោម​ជ្រែង​ក៏មាន​អ្នក​សិល្បៈ​ខ្លះ​បង្ហើប​ថា ស្ថានភាព​ជំងឺ​លោក យូឌីស្កូ នឹង​មិន​ទាន់​អាច​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការ​ជួយ​ព្យាបាល​ដូរ​ក្រលៀន ឬ​លាង​ឈាម​បាន​គ្រប់​តាម​ចំនួន​នោះ​ទេ។

ខណៈ​ស្ថាន-ភាព ជំងឺ​តារា​សម្តែង យូ​ឌី​ស្កូ នាគ្រា​ស្ងប់ស្ងាត់ ក៏មាន​ការ​បំផុស​ចលនា​រួម​ចំណែក​សម្រាល​អម្រែក​ពី​អ្នក​នាង ចនច័ន្ទ​លក្ខិណា ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ​ដោយ​បាន​ឲ្យ​ដឹង​ថា៖ «ស្ថានភាព​ជំងឺ​ទឹក​នោម​ប្រៃ យូឌីស្កូ បណ្ដាល​ឲ្យ​ទៅ​ខូច​ដល់​ក្រលៀន និង​ត្រូវ​លាង​ឈាម​ជា​ចាំបាច់​ផង​នោះ ពេល​នេះ​ជំងឺ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បារម្ភ​នៅ​ឡើយ» កាល​ដែល​លោក យូឌីស្កូ កំពុង​តែ​នៅ​សម្រាក​ឯ​ពេទ្យ​ធំ ក្នុង​ស្រុក​ខ្មែរ​នោះ៕