ភ្នំពេញ៖ ក្រៅ​ពី​​មាន​ភាព​​​ស្និទ្ធស្នាល​​ក្រៅ​ឆាក​បណ្តើរ​គ្នា​ត្រសង​ក្នុង​កម្មវិធី​នានា​នោះ តារា​សម្តែង​​​​ស្រី​រូប​​ស្រស់​កញ្ញា ស៊ីន យូប៊ីន និង​តារា​ប្រុស​រូប​សង្ហា​​លោក ខាត់ វ៉ៃហាំង ​នឹង​មាន​ឱកាស​ផ្អែម​ល្ហែម​​បន្ថែម​ទៀត​ក្នុង​​ការ​សម្តែង​កុន​ដុំ​ខ្នាត​​ធំ​រឿង​ «ប្រមាញ់​ប្រវត្តិសាស្រ្ត»​ ​របស់​ផលិតកម្ម ​DL ដែល​គ្រោង​បើក​ពិធី​ក្រុង​ពាលី​នៅ​​ចុង​ខែ​កក្កដា​ ឆ្នាំ ​២០២០​ នេះ​ហើយ​។​

តារា​សម្ដែង​ស្រី​ដែល​​​មាន​សំនៀង​ពី​រោះ​មិន​ចាញ់​តារា​ចម្រៀង​​​អាជីព កញ្ញា ស៊ីន យូប៊ីន ​ក៏​​ទើប​​តែ​បាន​​​សម្តែងជា​តួឯក ​ចាប់​ដៃគូ​សម​ឥត​ខ្ចោះ​ជាមួយ​​នឹង​​តារា​​​​សម្ដែង​ប្រុស​សង្ហា ខាត់ វ៉ៃហាំង ​ដែល​ទើប​បាន​​បញ្ចប់​ការ​ថត​រឿង​ថ្មី​ឲ្យ​ទូរទស្សន៍​ភីអិនអិន​ក្នុង​​រឿង «​អាថ៌​កំបាំង​ត្រីសូល៍​» នា​​ពេល​​ថ្មីៗ​នេះ​ដែរ​។

កញ្ញា ស៊ីន យូប៊ីន ដែល​មាន​ភាព​មមាញឹក​​ខ្លាំង​ក្នុង​ការ​សម្តែង​កុន​ភាគ​ជាច្រើន​បន្តបន្ទាប់ និង​មាន​ការ​អញ្ជើញ​ចូលរួម​កម្មវិធី​តូច​ធំ​ជាច្រើន​មិន​ដាច់​​ដូច​គ្នា ជាមួយ​នឹង​តារា​ប្រុស​ដៃគូ​លោក ខាត់ វ៉ៃហាំង​ ហើយ​​តែង​​តែ​​​បង្កើត​​រលក​ព័ត៌មាន​លេច​​ឮ​ជា​រឿយៗ​​ពី​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ តែ​អ្នក​ទាំង ២ ​ក៏​រមែង​​បដិសេធ​រឿង​នេះ​ផង​ដែរ​។

តារាសម្ដែងរូបស្រស់​កញ្ញា ស៊ីន យូប៊ីន។ ហុង មិនា

អារម្មណ៍​ពី​ការ​ចាប់​ដៃ​គ្នា​ធ្វើ​តួឯក​ជា​ថ្មី​របស់​តារា​​សម្តែង​ទាំង ២ ភ្នំពេញ ប៉ុស្តិ៍​ មិន​អាច​ទទួល​បាន​ការ​បក​ស្រាយ​​ពី​កញ្ញា យូប៊ីន និង ​វ៉ៃហាំង អំពី​ការ​បាន​លាភ​ថ្មី​​ក្នុង​ការ​ថត​រឿង ​«ប្រមាញ់​ប្រវត្តិសាស្រ្ត»​ ​ របស់​ផលិតកម្ម ​DL ដែល​ទើប​​តែ​​បាន​បង្កើត​ឡើង​ថ្មី​សន្លាង ហើយ​មិន​ទាន់​មាន​ស្នាដៃ​ថត​កុន​នោះ​ទេ។​

គួរ​បញ្ជាក់​ឲ្យ​ដឹង​​ដែរ​ថា​រឿង​​​ ​«ប្រមាញ់​ប្រវត្តិសាស្រ្ត​»​ នេះ​​ត្រូវ​បាន​​ប៉ាន់​ប្រមាណ​ថា ​នឹង​មាន​​ខ្ទង់​ចំណាយ​​ជាង ​១ លាន​ដុល្លារ​ ​លើ​សម្ភារ​​បុរាណ ​និង​​ការ​តុបតែង​​ប្លង់ ​ពន្លឺ​ និង​បច្ចេកទេស​ ក្នុង​​​ការ​​ផលិត​ ហើយ​ក៏​មាន​​​​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​បាន​​ចូលរួម​​​​​ឧបត្ថម្ភ​​ក្នុង​ការ​ផលិត​​​នេះ​​​​ដែរ​ ទើប​​ផលិតកម្ម​ ​DL អាច​ផលិត និង​ដំណើរការ​​ទៅ​បាន​រលូន​។

បើ​តាម​លោក​ ជិន ជ័យណារ៉ា ​​​ជា​អ្នក​និពន្ធ ​​ដឹកនាំ​​ផលិត​​ខ្សែ​​ភាពយន្ត និង​អ្នក​គ្រប់គ្រង​​ការ​ផលិត​​ទូទៅ​បាន​​​ឲ្យ​​​ដឹង​ថា​៖ «​រឿង​​ដែល​​​​​យើង​​កំពុង​តែ​​ផលិត​​នេះ គឺ​​ជា​រឿង​បែប​​សម័យ​ ដែល​​និយាយ​ពី​​ក្រុម​បុរាណវិទ្យា​មួយ​​ក្រុម បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​​​​តំបន់​អង្គរ រួច​ពួក​គេ​ក៏​បាន​មើល​ឃើញ​រូបភាព​ពី​​អតីតកាល​​មួយ​ ​ដែល​ផុស​ចេញ​ពី​សិលា​ចារឹក ​ឬ​​រូប​​បដិមា ​ដែល​ជា​​កំណាយ​​​​​​បុរេប្រវត្តិ​​ គេ​បាន​​ឃើញ​​ចម្បាំង និង​រឿង​រ៉ាវ​​វប្បធម៌ និង​​​សិល្បៈ​​គ្រប់​ទម្រង់​ ដែល​បាន​​ផ្សារ​ភ្ជាប់​គ្នា ដើម្បី​​បង្ហាញ​​​​​​​​អ្នក​ទស្សនា​​បាន​​​​យល់​ដឹង​ពី​​សិល្បៈ​គ្រប់​ទម្រង់​ ហើយ​​​តួអង្គ​សំខាន់ៗ​​​នៅ​ក្នុង​ការ​​​​ថត​កុន​ដុំ​រឿង​ «ប្រមាញ់​ប្រវត្តិសាស្រ្ត»​ ​នេះ​មាន​ដូចជា​ លោក ខាត់ ​វ៉ៃហាំង កញ្ញា​​ ស៊ិន​ យូប៊ីន លោក លាង ​​ឆេ តារា​ចម្រៀង​​​​​ប្រុស​​ អាន គុណកូឡា លោក DJ milk​ លោក អេង​​ លីហ៊ួ និង​​​តារា​​​​​រលក​​ថ្មី​​​ ​ហើយ​​​ក៏​មាន​​ក្រុម​តន្ត្រី​បុរាណ​ និង​របាំ​ប្រពៃណី​ជា​ច្រើន​រូប​ទៀត»​​​៕​