ភ្នំពេញ: ទោះ​គ្មាន​តម្លៃ​ខ្ពស់​សម្រាប់​ជា​ចំណែក​ជួយ​ផ្គត់ផ្គង់​ជីវភាព​ធំ​ដុំ​យ៉ាង​ណា​ក៏ដោយ ក៏​ការ​ចាក់​រូប​គំនូរ​អំបោះ​នៅ​តែ​ជា​ទម្លាប់​ដ៏​ជក់​ចិត្ដ​ចំពោះ​ស្ដ្រី ដែល​ស្រឡាញ់​នូវ​រូបភាព​ស្នាដៃ​ផ្ទាល់​ខ្លួន​ស្អាតៗ ជាមួយ​ភាព​អំណត់​អត់​ធ្មត់ និង​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទំនេរ​ឥត​ប្រយោជន៍។

ក្រោយពី​បំពេញការងារ​នៅតាម​ក្រុមហ៊ុន រោងចក្រ ការលក់ដូរ កិច្ចការ​ផ្ទះ ចង្ក្រាន ជើង​ឆ្នាំង ពេល​ទំនេរ​បន្ដិច​បន្ដួច ស្ដ្រី​មួយ​ចំនួន​មិន​ភ្លេច​ទាញ​យក​ក្រណាត់​រំលេច​ពណ៌​ចម្រុះ​មក​អង្គុយ​ដោត​អំបោះ​ដេរ ១ ម្ជុល​ម្ដងៗ​រាប់​ពាន់​រាប់​ម៉ឺន​កាយវិការ​រហូត​ដល់​ទទួល​បាន​សមិទ្ធផល​គួរ​ជាទី​គាប់​ចិត្ដ​សម្រាប់​ដាក់​ទាំង​ក្នុង​បន្ទប់ ជូន​បងប្អូន និង​លក់​ដូរ​បាន​កម្រៃ​ទ្រនាប់​ហោប៉ៅ។

ដោយ​លើកឡើង​ពី​កំណើត​សិល្បៈ​គំនូរ​អំបោះ​ក្នុងសង្គម​ខ្មែរ​យ៉ាងតិច ១០ ឆ្នាំមុន អ្ន-ស្រី ណៃ គីម អាយុ ២៧ ឆ្នាំ ម្ចាស់​ហាង «លក់​រូប​ចាក់​ដុំ និង​រាយ» លើ​អនឡាញ អសយដ្ឋាន​ម្ដុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ​ដែល​លក់​ក្រណាត់​ចាក់​រូប ធ្វើ​ឡូហ្គោ រចនា​រូបថត​ជា​រូប​ចាក់ ឬ​រូប​បិទ​ត្បូង បាន​និយាយ​ថា៖ «អ្នក​ចាក់​រូប​ដូច​មាន​តែ​ស្ដ្រី ចាប់​ពី​សិស្ស និស្សិត អ្នក​ធ្វើការ​នៅ​ការិយាល័យ អ្នក​បម្រើ​ការ​នៅ​រោងចក្រ អ្នក លក់ដូរ និង​ស្ដ្រី​មេផ្ទះ»។

អ៊ំស្រី ឡេង សុខគង់ ឆ្លៀតចាក់រូបបណ្ដើរអំឡុងពេលលក់ភេសជ្ជៈ។ ផា លីណា

អ្នកស្រី ឡេង សុខ​គង់ ដែល​ចំណាយពេល​ពី ៧ ទៅ ៨ ម៉ោង​ក្នុង ១ ថ្ងៃ ទទួល​លទ្ធផល​បាន ២០ ផ្ទាំង​លើ​រយៈពេល​ជាង ១ ឆ្នាំ បាន​ប្រាប់​ថា៖ «អ៊ំ​ទទួល​ចាក់​រូប​ឲ្យ​គេ។ រូប​ធំ​ប្រវែង​ជាង ២ ម៉ែត្រ​គុណ ១ ម៉ែត្រ​ជាង អ៊ំ​យក​តែ ៨០ ដុល្លារ និង​ចំណាយ​ពេល​ចាក់​ដល់ ១ ខែ ២០ ថ្ងៃ។ អា​ទំហំ ១ ម៉ែត្រ​គុណ ៦ តឹក បាន​ឈ្នួល ៥០ ដុល្លារ ប្រើ​ពេល ១ ខែ»។

ដោយមាន​ពេលទំនេរ​ច្រើន​ពី​ការលក់​ភេសជ្ជៈ​នៅ​ច្រកចូល​ភ្នំពេញ​សេន​ធ័​រ តាំងពី​ព្រលឹម​ទល់​ព្រលប់​រហូត​ដល់​យប់ ស្ដ្រី អាយុ ៥៦ ឆ្នាំ រូប​នេះ ភ្នែក​រំពៃ​មើល​តែ​រូបភាព​លើ​ក្រណាត់ ខណៈ​ដៃ​ធ្វើ​កិច្ចការ​ដោយ​ចិត្ដ​អំណត់​បំផុត។

កំពុង​ចាក់​រូប​ខ្លា​មួយគូ អ៊ំស្រី ប្រាប់ថា៖ «អ៊ំ​មាន​ពេល​អង្គុយ​ចាក់​រូប​ច្រើន។ រូប​មួយ​បាន ៥០ ដុល្លារ​រយៈពេល ១ ខែ វា​គ្មាន​អ្វី​ចំណេញ​ទេ។ ប៉ុន្ដែ​ជា​ជាង​ទំនេរ ហើយ​ចាក់​យូរៗ​ទៅ ជក់​ចិត្ដ មិន​ចង់​ឈប់»។

អ្នកស្រី វី រស់នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រយៈពេល​ជាង ២ ឆ្នាំ​មកនេះ អ្នក​ស្រី​ចំណាយ​ពេល​ពី ៣ ទៅ ៥ ម៉ោង​ក្នុង ១ ថ្ងៃ ចាក់​រូប​បាន​ជិត ២០ ផ្ទាំង។

​ក្រោយ​ចាក់​រួច គំនូរ​អំបោះ​ត្រូវយក​ទៅបោក​ទឹក និង​រំលេច​ពន្លឺ​ចាំង​ព្រាក​ៗ​​។ ផា លីណា

ស្ដ្រី​មេផ្ទះ អាយុ ៣៧ ឆ្នាំ មាន​រូប​តាំង​ក្នុងផ្ទះ ៣ ផ្ទាំង​រូបនេះ​និយាយថា៖ «ខ្ញុំ​ចូល​ចិ​ត្ដ ចេះ​តែ​ចាក់ៗ​ទៅ។ បើ​មាន​គេ​រក​ទិញ ខ្ញុំ​ក៏​លក់។ ពី​មុន​រូប​ធម្មតា [១០០x៦០] តម្លៃ ៧០ ដុល្លារ ឥឡូវ​បាន​តែ ៥០ ដុល្លារ មក​ពី​មាន​គេ​ចាក់​ច្រើន»។

អ្នកស្រី​ណៃ គីម ជា​អ្នក​ជក់ចិត្ត​ន​សិល្បៈ​រូប​ចាក់ និង​បិទ​ត្បូង​ម្នាក់​ឲ្យ​ដឹង​ពី​តម្លៃត្រួសៗ​ថា រូប​ចាក់ ១១០ x ៦០ សង់​ទីម៉ែត្រ តម្លៃ ៨ ដុល្លារ ខណៈ​ទំហំ​ដូចគ្នា ចំពោះ​រូប​ចាក់​រួច តម្លៃ ៧០ ដុល្លារ។ រូប​ចាក់​រួច ទំហំ ១១០ x ៥៥ សង់​ទីម៉ែត្រ តម្លៃ ១២០ ដុល្លារ ឬ​រូប​ចាក់​រួច ១៥០x៦០ តម្លៃ ៨០ ដុល្លារ។

អ្នកស្រី ណៃ គីម បញ្ជាក់ថា រូប​ចាក់​អំបោះ​ធម្មតា និង​រូប​បំប្លែង​ពី​រូបថត​សុទ្ធតែ​មានតម្លៃ​ថ្លៃ​ជាង​រូប​បិទ​ត្បូង​ចំពោះ​ទំហំ​ប៉ុនៗ​គ្នា ហើយ​សម្រាប់​ផលិតផល​សម្រេច រូប​ចាក់​ដោយ​អំបោះ​សុទ្ធ​គឺ​ថ្លៃ​ខ្ពស់​ជាង​គេ ទាំង​អស់ ពីព្រោះ​វា​ត្រូវ​ប្រើ រយៈពេល​យូរ៕