ភ្នំពេញ៖ ទើប​តែ​រសាយ​រឿង​មន្ទិល​ពី​មហាជន​សង្ស័យ​ថា តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​លើ​កញ្ញា យូរី និង​​បុរស​សង្ហា​ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេ​ លោក Bmo Trapz ដែល​តែងតែ​និពន្ធ​បទ​ចម្រៀង ជា​ច្រើន​ឲ្យ​នាង​ច្រៀង​នោះ​សោះ ស្រាប់​តែ​មក​រង​​ដំណឹង​ខ្សិបខ្សៀវ​ថា កំពុង​បង្កាត់​ភ្លើង​នឹង​​បុរស​ម្នាក់​ជា​ថៅកែ​ហាង​មួយ។

បើ​តាម​ប្រភព​អ្នក​ស្និទ្ធស្នាល​នឹង​តារា​ចម្រៀង​ស្រី​​ក្នុង​សង្គម​សិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ម្ចាស់​បទ «ចាក់​ទឹក​ដូង» កញ្ញា​ យូរី មាន​​ទំនាក់ទំនង​នឹង​បុរស​ម្នាក់​មាន​ឈ្មោះ នី ដែល​គេ​ស្គាល់​ថា ​ជា​ថៅកែ​ហាង​ផឹកស៊ី​មួយ​នាពេល​ថ្មីៗ​នេះ អ្នក​ទាំង ២ ក៏​បាន​​មក​បដិសេធ​​ព្រមៗ​​គ្នា​ដែរ​ថា៖ «ពួក​គេ គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ​»។

បើ​តាម​ប្រភព​អ្នក​តាម​​ដាន​​ជីវិត​ឯកជន​របស់​តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​កញ្ញា យូរី ព្រលយ​បែប​ខ្សិបខ្សៀវ​ថា​ ពេល​ថ្មីៗ​នេះ គេ​ឃើញ​កញ្ញា យូរី បាន​ជិះ​​រថយន្ត​ទំនើប​របស់​លោក​​ថៅ​កែ​នោះ​​ម៉ាក Landcruiser V8 ពណ៌​ខ្មៅ ទៅ​ច្រៀង​​នៅ​តាម​ឆាក​ប្រគំ​តន្រ្ដី​ផ្សេងៗ​ទៅ​វិញ​ ដែល​នេះ​គេ​ក៏​​កត់​សម្គាល់​​​ថា ​ចំណង​ស្នេហា​​​ខុស​​​វ័យ ១ គូ នេះ​ នៅ​តែ​​ធ្វើ​ឲ្យ​​គេ​មាន​ការ​សង្ស័យ​ដដែល​​ថា ទំនាក់​ទំនង​រវាង​កញ្ញា​ និង​ថៅកែ នោះ​​​​ពិត​ជា​​ស្និទ្ធស្នាល​​ខុស​​ពី​ធម្មតា​មែន។​

ម្យ៉ាង​វិញ​​ទៀត​ទំនាក់ទំនង​​​រវាង យូរី និង​​លោក នី ក៏​កាន់​តែ​ត្រូវ​គេ​សង្ស័យ​ខ្លាំង ដោយសារ​​មាន​ឃើញ​អ្នក​ទាំង​ ២ ធ្លាប់​ជិះ​​រថយន្ដ​ជាមួយ​គ្នា​កាល​ពី​រាត្រី​ថ្ងៃ​ទី ៩ ខែ មករា ក្នុង​ឆ្នាំ ​២០២០ កន្លង​មក​ ដើម្បី​ទៅ​ចូលរួម​ពិធី​ឡើង​​ផ្ទះ​ថ្មី​របស់ នាយ​ ចឺម នៅ​ឯ​ខេត្ត​កំពង់ស្ពឺ មាន​​ចម្ងាយ​ប្រមាណ ​៧០ គីឡូ​ម៉ែត្រ​ចេញ​ពី​ភ្នំពេញ​នោះ​។

តែ​អ្នក​ទាំង ២ ក៏​ធ្លាប់​ច្រាន​ចោល​​ដំណឹង​ដ៏​រសើប​នេះ​ដែរ​ ខណៈ​ពេល​​នោះ​បុរស​ជា​ថៅកែ​ហាង​ឈ្មោះ នី បាន​បកស្រាយ​​ថា លោក រាប់​អាន​កញ្ញា យូរី ដូច​ជា​ប្អូន​ស្រី​អ៊ីចឹង ហើយ​លោក​​បញ្ជាក់​ថា មិន​ដែល​ជិះ​រថយន្ត ២ នាក់​ នឹង​កញ្ញា ​យូរី នោះ​ឡើយ ​គឺ​មាន​តែ​ជិះ​រថយន្ដ​មាន​គ្នា​ច្រើន​ម្តង។

ដោយ​ឡែក​បើ​តាម​ការ​​សង្កេត​មួយ​ទៀត​របស់​​មហាជន​ ឃើញ​ថា​​ក្រោយ​ពើប​ប្រទះ​​​នឹង​​រឿង​​បង្កាត់​ភ្លើង​​ស្នេហ៍​ជា​មួយថៅ​កែ​ហាង​នោះ​កញ្ញា​ យូរី ក៏​​ចេញ​បទ​ថ្មី​ដែល​មាន​​​ចំណង​ជើង​ថា​ ​«​ស្នេហ៍​ប្រុស​ចាស់​»​ និង​បទ «ធំ​ម៉េស» ជា​ដើម ដែល​ក្បាច់​រាំ​​របស់​នាង​កាន់​តែ​សាហាវ និង​រស់រវើក​ជាង​មុន ធ្វើ​ឲ្យ​អ្នក​ទស្សនា​កាន់​តែ​ក្នាញ់​នាង​​ថែម​ទៀត​ផង ​ ហើយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​​​នេះ គេ​មិន​បាន​​ឃើញ​កញ្ញា យូរី​ ទៅ​ចាប់​ដៃ​គូច្រៀង​ជាមួយ​លោក ប៊ីម៉ូ ដូច​មុន​ទៀត​ក្រោយ​ពី​​រង​​​​មន្ទិល​រឿង​ស្នេហា​ដែរ​​។ ​មហាជន​ក៏​ចាំមើល​ថា តើ​​ យូរី និង​​ថៅកែ​ហាង​ពិត​ជា​ធម្មតាៗ​មែន ឬ​ក៏​មិន​ធម្មតា៕