The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យូរី រយាល​ចេញ​បទចម្រៀង​ទោះ​ចូល​ហង្ស​មាស​បាន​កន្លះ​ឆ្នាំ​ហើយ​ក្ដី




យូរី រយាល​ចេញ​បទចម្រៀង​ទោះ​ចូល​ហង្ស​មាស​បាន​កន្លះ​ឆ្នាំ​ហើយ​ក្ដី

Content image - Phnom Penh Post
កញ្ញា យូរី បានមក​ជ្រកកោន​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ហើយ។ ហ្វេសប៊ុក

យូរី រយាល​ចេញ​បទចម្រៀង​ទោះ​ចូល​ហង្ស​មាស​បាន​កន្លះ​ឆ្នាំ​ហើយ​ក្ដី

ភ្នំពេញ៖ តារាចម្រៀង​ស្រី​សាច់​សខ្ចី សម្បូរ​ក្បាច់​រាំ​រស់រវើក កញ្ញា យូរី ទើបតែ​បាន​ដូរ​ទ្រនំ​ចាស់​ផលិតកម្ម​សាន់ដេ​មក​ជ្រកកោន​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស​ប្រមាណ​ជា​កន្លះ​ឆ្នាំ​សោះ​មើល​ទៅ​ហាក់ដូចជា រាងខ្សត់​បទចម្រៀង​ចំណី​អារម្មណ៍ ឬ​ពិបាក​រិះរក​បទ​ចម្រៀងថ្មីៗ ដើម្បី​ធ្វើជា​ចំណី​អារម្មណ៍​ប្រិយមិត្ត​ខ្លួន។

បើ​ផ្អែក​តាម​ដែល​តារាចម្រៀង​ស្រីស្រស់​និយម​ប្រើ​ក្បាច់​រាំប្លែកៗ​រំលេច​ក្នុង​បទចម្រៀង​ខ្លួន កញ្ញា សេន យូរី បង្ហោះ​សារ​របៀប​ធ្វើការ​ស្នើ​សួរ​យោបល់​ទៅ​អ្នកគាំទ្រ​នាពេល​ថ្មីៗ​ថា៖ «ដល់​វគ្គ សុំ​យោបល់​ពី​បងប្អូន​ឆាប់ៗ​នេះ​នាង​ខ្ញុំ​ចង់​ចេញ​បទចម្រៀង​ថ្មី​តើ​គួរ​ចេញ​បទ​ប្រភេទ​ណា​ដែរ​ចា៎?» នា​ដើមខែ​ឧសភា​ឆ្នាំ ២០២១ នេះ​តែម្តង។

ជាការ​គួរឱ្យ​កត់សម្គាល់ វត្តមាន​របស់​កញ្ញា​ យូរី ​បាន​មកដល់​ទ្រនំ​ថ្មី​ហង្សមាស​តាំងពី​ចុងឆ្នាំ ២០២០ រហូតមកដល់​ពេលនេះ​កញ្ញា​មាន​បទចម្រៀង​ប្រមាណ ៣-៤ បទ​តែប៉ុណ្ណោះ ដែល​បទចម្រៀង​ដំបូង​គេ​មាន​ចំណងជើង​ថា«ផាំង» បទ« I LOVE FOOTBALL» និង​បទ «មនុស្ស​ស្មោះ​នៅ​ណា?» ហើយ​បទ​ទាំងនេះ​សុទ្ធតែ​ជា​បទចម្រៀង​មាន​ចង្វាក់​ញាក់​រំលេច​ដោយ​ក្បាច់​រាំប្លែកៗ​ទៀត​ផង។

Content image - Phnom Penh Post
តារាចម្រៀង​ស្រី​សាច់​សខ្ចី សម្បូរ​ក្បាច់​រាំ​រស់រវើក កញ្ញា យូរី។ ហ្វេសប៊ុក

ទំនង​ជា​ដឹងខ្លួន​ផង​មើលទៅ​ថា​ខ្លួន​សម្បូរ​តែ​បទចម្រៀង​បែប​ញាក់ ដូច្នោះ​ហើយ​ទើប​បាន​ជា​នាពេល​ថ្មីៗ​ចុងក្រោយ​នេះ កញ្ញា យូរី ក៏​រំលេច​ជា​សំណួរ​សួរ​ទៅ​មហាជន​គាំទ្រ​នោះ។

យ៉ាងណា​ក៏មាន​ប្រិយមិត្ត​និយម​គាំទ្រ​តារាចម្រៀង​សិចស៊ី​សាច់​សខ្ចី​កញ្ញា​ យូរី បាន​ឆ្លើយតប​ជាការ​លើកឡើង​តាម​ចំណូលចិត្ត​រៀងៗ​ខ្លួន ដែលមាន​ច្រើន​ជម្រើស​សម្រាប់ Idol ទទួលយក​ទុក​ក្នុង​ចិត្ត​ផងដែរ។មាន​អ្នកខ្លះ​ស្នើថា៖ «ចេញ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ញាក់ខ្លាំងៗ​មក​បង» និង​ខ្លះទៀត​លើកឡើងថា៖ «បទសំឡេង​រាង​ឃ្យូតៗ​បែប​សប្បាយៗ​អាយដល​ ឬ​បទ​មនោសញ្ចេតនា រវាង​ឪពុកម្តាយ​ និង​កូនតូចៗ​ដែល​ត្រូវ​បែក​គ្នា​ ដោយសារ​កូវីដ​ក្នុងពេល​ទៅ​ព្យាបាល»។

សម្រាប់​ឱកាស​ដ៏ល្អ​កញ្ញា យូរី ពេល​មកកាន់​ទ្រនំ​ថ្មី​ហង្សមាស​នេះ គឺថា​ចំ​ពេល​ដែល​អវត្តមាន​តារាចម្រៀង​ស្រី​សម្បូរ​ក្បាច់រាំ​ប្រចាំ​ផលិត​កាលពី​មុន​គឺ​កញ្ញា ទេព បូព្រឹក្ស ដោយ​កញ្ញា​ស្រូប​បាន​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​ជា​យុវវ័យ​យ៉ាងច្រើន។

Content image - Phnom Penh Post
កញ្ញា យូរី គឺជា​តារាចម្រៀង​ស្រី ដែល​ទទួលបាន​ប្រជាប្រិយភាព​ពី​យុវវ័យ​ខ្លាំង និង​មាន​ក្បាច់​រាំ​យ៉ាង​ជក់ចិត្ត។ ហ្វេសប៊ុក

ខណៈ​ពេល​បង្ហាញខ្លួន​នៅ​ទ្រនំ​ថ្មី​ហង្សមាស​ភ្លាមនោះ មហាជន​ជា​អ្នកគាំទ្រ​ក៏​លើកឡើង​ដែរ​ថា៖ «វត្តមាន​កញ្ញា យូរី ហាក់ដូចជា​មក​បំពេញ​ទីកន្លែង​ទំនេរ​របស់​កញ្ញា ទេព បូព្រឹក្ស អ៊ីចឹង​ដែរ ព្រោះថា​អ្នក​ទាំង ២ នេះ​សុទ្ធ​តែមាន​ទេពកោសល្យ​ស្រដៀង​គ្នា​គឺ​រឿង​សម្បូរ​ក្បាច់​រាំប្លែកៗ និង​សិចស៊ី»។

ហើយ​រឿង​ដែល​មហាជន​ប្រៀបធៀប​នោះ​កញ្ញា យូរី បាន​បំភ្លឺ​ដូច្នេះ​ថា៖ «មហាជន គឺ​អាចមាន​សិទ្ធិ​បញ្ចេញ​នូវ​មតិ​បាន​ចំពោះ​អ្នកសិល្បៈ តែ​នាង​ខ្ញុំ​យល់ថា អ្នកសិល្បៈ​ត្រូវតែ​មាន​ស្ទីលប្លែកៗ​រៀង​ខ្លួន ដើម្បី​ទាក់ទាញ​អារម្មណ៍​បងប្អូន​ប្រិយមិត្ត។ សម្រាប់​រឿងនេះ [ស្ទីល​ក្បាច់​រាំ​ប្លែក] ក្បាច់​រាំ​របស់ យូរី គឺ យូរី មិនអាច​ដូចគ្នា​បានទេ»។

គួរបញ្ជាក់​ផងដែរ​ថា កញ្ញា យូរី គឺជា​តារាចម្រៀងស្រី​ដែល​ទទួលបាន​ប្រជាប្រិយភាព​ពី​យុវវ័យ​ខ្លាំង និង​មាន​ក្បាច់​រាំ​យ៉ាង​ជក់ចិត្ត មិន​ចាញ់​តារាចម្រៀង​ស្រី​នៅ​ថោន​កញ្ញា រ៉ាប៊ី ឬ​អតីត​ជា​តារាចម្រៀង​នៅ​ហង្សមាស​កញ្ញា ទេព បូព្រឹក្ស ឡើយ ខណៈ​ធ្លាប់មាន​បទចម្រៀង​ផ្ទុះ​ខ្លាំង​លើ​បណ្តាញ​សង្គម​យូធូប​ជាមួយ​នឹង​បទ «ចាក់ទឹកដូង» កាលពី​នៅ​ច្រៀង​ឯ​ផលិតកម្ម​សាន់ដេ​នោះ៕

Content image - Phnom Penh Post
តារាចម្រៀង​ល្បី​បទញាក់​កញ្ញា​យូរី​លើ​ឆាក​ប្រគំ​តន្ត្រី​កន្លងមក។ ហ្វេសប៊ុក

Content image - Phnom Penh Post
កញ្ញា យូរី បាន​លា​ទ្រនំ​សាន់ដេ​មក​ជ្រកកោន​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស ប្រមាណ​ជា​កន្លះ​ឆ្នាំ​ហើយ។ ហ្វេសប៊ុក

អត្ថបទគួរចាប់អារម្មណ៍