ភ្នំពេញៈ អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប និង​ជា​ម្ចាស់​ពានរង្វាន់​ជាង ១០ ស្នាដៃ​សាស្ត្រចារ្យ​អក្សរសាស្ត្រ​ខ្មែរ​លោក យូ សុភា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នកនិពន្ធ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ពានរង្វាន់​ច្រើន​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។

ជាមួយ​ជំនាញ​និពន្ធ​ជាង ២០ ឆ្នាំ​សាស្ត្រចារ្យ​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា​ចំនួន​អ្នកនិពន្ធ​កម្ពុជា​បច្ចុប្បន្ន​គឺ​មាន​ការកើនឡើង​ច្រើន​បើ​និយាយ​ពី​ការបោះពុម្ព​ជា​សៀវភៅ​គឺ​មាន​តិចតួច ប៉ុន្តែ​បើ​និយាយ​ពី​កម្រិត​នៃ​ការ​តែង​និពន្ធ​បង្ហាញ​តាម​ហ្វេសប៊ុក ឬ​តាម​អនឡាញ​អី​ផ្សេងៗ​ទៀត​មាន​ការកើនឡើង ដោយសារ​តែ​បើ​ទោះបី​ជា​យុវជន​ទាំងនោះ​គាត់​អត់​មាន​ធនធាន​ក្នុង​ការបោះពុម្ព​តែ​គាត់​អាច​យក​ស្នាដៃ​របស់​គាត់ បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​»​។

លោក​ក៏​សម្គាល់​ដែរ​ថា​៖ «​ចំពោះ​គុណភាព យើង​អាច​និយាយ​បាន​ថា​មាន​បរិមាណ​ច្រើន​ប៉ុន្តែ​គុណភាព​គឺ​នៅ​មាន​កម្រិត​ផង​ដែរ​ក្នុង​នោះ​ក៏​មាន​គេ​អ្នក​ល្អៗ​ច្រើន​ក៏​នៅ​មាន​អ្នកមធ្យម និង​អ្នក​ខ្វះខាត​តែ​បើ​តម្រូវ​ឲ្យ​មាន​គុណភាព​ខ្ពស់​យើង​មិន​ទាន់​អាច​ឆ្លើយតប​បាន​ទេ​»​។

លោក យូ សុភា ជា​អ្នកនិពន្ធ​ទទួល​បាន​រង្វាន់​ច្រើន​។ រូបថត Yousos Apdoulrashim

យ៉ាងណា​មិញ​ម្ចាស់​ពានរង្វាន់​ជាង​ ១០ ស្នាដៃ​រូបនេះ​ជំរុញ​ឲ្យ​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន បើ​ទោះបី​ជា​នៅ​មាន​កម្រិត​ក៏ដោយ និង​ចូលរួម​ក្នុង​ការប្រកួតប្រជែង​តែង​និពន្ធ​នានា​ព្រោះ​ថា​ការចូលរួម​ប្រកួត​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការសរសេរ​របស់​អ្នកនិពន្ធ​ និង​ធ្វើឲ្យ​មហាជន​ទទួលស្គាល់​ផង​។

សាស្ត្រាចារ្យ​រូប​នេះ​បន្ត​ថា​ប្រសិន​បើ​អ្នកនិពន្ធ​មិន​បាន​ចូលរួម​ប្រកួតប្រជែង​នោះ​ទេ អ្នកនិពន្ធ​គួរតែ​បោះពុម្ព​ផ្សាយ​ស្នាដៃ​របស់​យើង ឬ​ផ្សាយ​ស្នាដៃ​របស់​ខ្លួន​នៅ​កន្លែង​ណា​មួយ​ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​នឹង​មាន​ឈ្មោះ​ជា​អ្នកនិពន្ធ តែ​បើ​អ្នកនិពន្ធ​មិន​បញ្ចេញ​ស្នាដៃ​ទេ​នោះ​មិន​អាច​ហៅថា​អ្នក​និពន្ធ​ឡើយ​។

អ្នកនិពន្ធ យូ សុភា ក៏​បាន​ប្រាប់​ពី​គន្លឹះ​ក្នុង​ការតែង​និពន្ធ​រឿង​ឲ្យ​មាន​គុណភាព​ថា​៖ «​គឺ​អ្នកនិពន្ធ​ត្រូវ​គិត​ទៅ​ដល់​ខ្លឹមសារ​របស់​រឿង​គំនិត​អប់រំ និង​ត្រូវមាន​លក្ខណៈ​កម្សាន្ត​ផ្តល់​ចំណេះដឹង​ឲ្យ​អ្នកអាន​។ នៅពេល​ដែល​មើល​រឿង​យើង​ចប់​គេ​ទទួល​បាន​ចំណេះដឹង​ហើយ​បន្ទាប់​មក​ទៀត​គេ​អាច​យក​ខ្លឹមសារ​រឿង​ហ្នឹង​យក​ទៅ​អនុវត្ត​បាន​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ​។ នៅ​ចុងក្រោយ​គឺ​អាច​ធ្វើឲ្យ​គេ​ផ្លាស់ប្តូរ​ឥវិយាបថ​បាន​គេ​ផ្លាស់ប្តូរ​ពី​អត្តចរិត​មិន​ល្អ​មក​ជា​ល្អ​វិញ ហើយ​គេ​អាច​យក​គំនិត​របស់​យើង​យក​ទៅ​អភិវឌ្ឍ​សង្គម​ជាតិ​ឲ្យ​ផ្លាស់ប្តូរ​មាន​ការរីកចម្រើន អ៊ីចឹង​ទើប​រឿង​របស់​យើង​មាន​ខ្លឹមសារ និង​គេ​មើល​ទៅ​ហើយ​គឺ​មិន​អត់​ប្រយោជន៍​»​។

គួរ​បញ្ជាក់​ថា​លោក យូ សុភា ចាប់ផ្ដើម​ក្លាយ​ជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក​នៅក្នុង​ឆ្នាំ ២០០០ ដោយ​ស្នាដៃ​ល្បីៗ​រួមមាន​រឿង​កញ្ញា​ម្ទេសខ្មាំង រឿង​រាជកញ្ញា រឿង​បើ​បេះដូង​ជាប់​ឈាម រឿង​បង​ជា​ស្វាមី​ក្រៅ​បេះដូង រឿង​ជា​កំណប់​ស្នេហ៍​អូន​ថែ​ជូន​បង រឿង​សច្ចៈ​សីលគុណ រឿង​កុំ​ផ្តាច់​និស្ស័យ​កុំ​ប្រល័យ​ស្នេហ៍​បង រឿង​ទុក​បរិញ្ញាបត្រ​ឲ្យ​មេឃ​មើល រឿង​ស្ពាន​កោះពេជ្រ​ផ្តាច់​ស្នេហ៍ រឿង​ព្រលឹង​ខ្មោច​ស្រី​បំបែក​ក្តី​ឃាតកម្ម រឿង​ស្អប់​អូន​ចុះ​បើ​បង​ដឹង និង​រឿង​ខ្លីៗ​ជាច្រើន​ចុះ​ផ្សាយ​តាម​ទស្សនាវដ្ដី​នានា​៕