ភ្នំពេញ៖ ​ការ​ហាត់​យោគៈ​ជាមួយ​សម្លាញ់​ជើង ​៤ ដុះ​រោម​ពេញ​ខ្លួន​ គឺ​ជា​ទិដ្ឋភាព​ដ៏​កម្រ​នៅ​ប្រទេស​​កម្ពុជា ហើយ​​​នេះ​អាច​ជា​លើក​ទី១ នៅ​កម្ពុជា​ដែល​អ្នកនាង​ ​ចចជា ម័រហ្វី (Georgia Murphy)​ ម្ចាស់​ហាង​កាហ្វេ Ministry of Cat នៅ​រាជធានី​ភ្នំពេញ ​បាន​រៀបចំ​កម្មវិធី​ហាត់​យោគៈ​ជាមួយសត្វ​ឆ្មា​នៅ​ហាង​កាហ្វេ។

ស្ត្រី​ជនជាតិ​អូស្ត្រាលី​វ័យ ​៣២ ​ឆ្នាំ​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា​៖ «ពួក​យើង​មាន​គំនិត​បង្កើត​កម្មវិធី​នេះ​ឡើង​ ព្រោះ​វា​ជា​របស់ ​២ យ៉ាង​ដែល​យើង​ស្រឡាញ់​ទាំង​យោគៈ​ និង​សត្វ​ឆ្មា​ ហើយ​ក៏​ជា​ឱកាស​ ដើម្បី​ឱ្យ​មនុស្ស​បាន​ស្គាល់​ពី​សត្វ​ឆ្មា​​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​យើង​ផង​ដែរ»​។​

នេះ​​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ ដែល​​ស្រឡាញ់​សុខភាព​ និង​ចង់​ធ្វើ​លំហាត់​ប្រាណ​ជាមួយ​សម្លាញ់​ឆ្មា។

អ្នកនាង ចចជា បាន​បន្ត​ទៀត​ថា៖ «ពួក​យើង​បាន​ឃើញ​ថា​ យោគៈ​ជាមួយ​សត្វ​ឆ្មា​នៅ​បណ្ដា​​ប្រទេស​ផ្សេងៗ​បាន​ពង្រឹង​ចំណង​មិត្តភាព​រវាង​​មនុស្ស​​ និង​ឆ្មា​។ ដូច្នេះ​យើង​គិត​ថា​វា​អាច​ជួយ​ឱ្យ​អតិថិជន​ដែល​ចូលរួម​​ជាមួយ​ពួក​យើង​ មាន​ចិត្ត​ក្នុង​ការ​ចង់​យក​វា​ទៅ​ចិញ្ចឹម​»។

ស្នាក់​អាស្រ័យ​នៅ​​កម្ពុជា​ជាង ​៥ ​ឆ្នាំ​មក​នេះ​ អ្នកនាង ចចជា និង​សហស្ថាបនិក​ហាង​កាហ្វេ​​ម្នាក់​ទៀត បាន​បង្កើត​ហាង​ ​Ministry of Cat តែ​វា​មិនមែន​គ្រាន់​តែ​ជា​ហាង​កាហ្វេ​ធម្មតា​ តែ​វា​ជា​ផ្ទះ​សម្រាប់​​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​​​អនាថា ដោយ​មាន​ការ​ចូលរួម​សហការ​​ជាមួយ​អង្គការ​​ជួយ​សង្គ្រោះ​សត្វ​នៅ​កម្ពុជា​ (Animal Rescue Cambodia)។

អ្នក​នាង​បាន​​​បញ្ជាក់​ថា​​ បើ​សិន​ជា​កម្មវិធី​ហាត់​​យោគៈ​ជាមួយ​សត្វ​ឆ្មា​លើក​ទី១ ​នេះ​ជោគជ័យ​ អ្នកនាង​នឹង​​ដាក់​កម្មវិធី​អនុវត្ត​​​ប្រចាំ​។

អតិថិជននៅ​​ហាង​កាហ្វេ​រីករាយ​នឹង​​លេង​ជាមួយ​សត្វ​ឆ្មា​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង​កាហ្វេ​​រូប​នេះ​​​ក៏​នឹង​មាន​គម្រោង​សម្រាប់​ការ​បង្កើត​យោគៈ​ឆ្មា​ជាមួយ​ក្មេង​តូចៗ​ផង​ដែរ​។​

អ្នកនាង ចចជា បាន​និយាយ​​ថា៖ «យើង​គិត​ថា​វា​នឹង​ជា​ឱកាស​ដ៏​ល្អ​ដែល​អាច​ឱ្យ​ក្មេងៗ​ទាក់ទង​ជាមួយ​សត្វ​នៅក្នុង​ការ​ហាត់​យោគៈ​បាន​យ៉ាង​ធូរ​ស្រាល​»។

ជា​លំហាត់ប្រាណ​​​សម្រួល​ចលនា​រាង​កាយ ផ្លូវ​ដង្ហើម និង​​ផ្លូវ​ចិត្ត​​ដ៏​​មាន​អាយុកាល​​រាប់​សិប​​សតវត្សរ៍ ​​យោគៈ​បាន​សាយភាយ​មែក​ធាង​​​ជា​​ប្រភេទ​​ប្លែក​ពី​គ្នា​ដូចជា យោគៈ​អង្រឹង យោគៈ​​ក្នុង​ទឹក យោគៈ​បែប​កាយ​សម្ព័ន្ធ និង​យោគៈ​ហាត់​ជាមួយ​សត្វ។

យោគៈ​ហាត់​ជាមួយ​សត្វ​​​រួម​មាន ឆ្កែ ឆ្មា និង​ពពែ​ទទួល​បាន​ប្រជាប្រិយភាព​ច្រើន ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​។

សម្រាប់​​លំហាត់​ប្រាណ​យោគៈ​នៅ Ministry of Cat នេះ​ អ្នក​គ្រូ​បង្វឹក​យោគៈ​ Mytro ពី Surya Rooftop Yoga Studio នឹង​​​បង្ហាញ​ក្បាច់​ហាត់​ដល់​​​អ្នក​ចូលរួម​​ដោយ​​កំណត់​​ត្រឹមតែ​ ៨ ​នាក់​ប៉ុណ្ណោះ​ ហើយ​ក្នុង​នោះ​មាន​ការ​​កក់​ទុក ​៤ ​កន្លែង​រួច​​ទៅ​ហើយ។​

សត្វ​ឆ្មា​នៅ Ministry of Cat ត្រូវ​បាន​​ចាក់ថ្នាំ​បង្ការ និង​រក្សាអនាម័យ​បានល្អ​។ រូបថត សហ​ការី

តម្លៃ​​ហាត់​យោគៈ​ជាមួយ​ឆ្មា​ម្នាក់​​ ​១០ ដុល្លារ​។ អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​យក​កម្រាល​​ហាត់​មក​រៀងៗ​ខ្លួន។

ឆ្មា​ចិញ្ចឹម​នៅ​ក្នុង​ហាង និង​ឆ្មា​ដែល​គេ​យក​មក​ផ្ញើ​នៅ​ហាង គឺ​អាច​ចូលរួម​បាន​ក្នុង​លំហាត់​យោគៈ​ជាមួយ​គ្នា។​

អ្នកនាង ចចជា ​​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា៖ «ការ​ធ្វើ​លំហាត់​ប្រាណ​ជាមួយ​ឆ្មា​វា​នឹង​មាន​ភាព​រីករាយ​ដែល​ឥត​ព្រាង​​ទុក​ជា​ច្រើន​ពីព្រោះ​ឆ្មា​ត្រូវ​បាន​ស្គាល់​ថា​ជា​សត្វ​​ឯករាជ្យ​ ពូកែ​លេង ​និង​រួសរាយ​។ សម្រាប់​យោគៈ​នឹង​មាន​លក្ខណៈ​​បែប​ទន់ភ្លន់​ ជាមួយ​នឹង​ការ​ពត់​ពេន​ខ្លួន​​ធ្វើ​ឱ្យ​អារម្មណ៍​ ចិត្ត​គំនិត​ និង​រាងកាយ​បាន​ស្ងប់ស្ងាត់»។

អ្នកនាង​បន្ត​ថា៖ «ក្រៅ​ពី​វា​ជា​យោគៈ​​ដែល​នាំ​មក​នូវ​ភាព​រីករាយ​ និង​ស្រស់ស្រាយ​ យោគៈ​ផ្ទាល់​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចលនា​​បត់​បែន​នៃ​រាងកាយ​​បាន​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ នឹង​សត្វឆ្មា​ជា​ទី​ស្រឡាញ់​ដែល​អ្នក​ចូលរួម​អាច​រំពឹង​ទុក»​។

យោគៈ​ហាត់​ជាមួយ​ឆ្មា នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ​ទី ​១០ ខែ​មករា ​ពី​ម៉ោង ​៩​ ទៅ​ម៉ោង ​១០ ​ព្រឹក​។ ​ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ @ministryofcat៕