ភ្នំពេញ: បើ​ទម្រង់​សិល្បៈ​សៀក​គួរ​ឲ្យ​ទាក់​ចិ​ត្ដ ហើយ​ការ​ដាំដូង​មិន​ធ្វើ​ឲ្យ​អ្នក​វិល​មុខ​ក្រឡាប់​ផ្កាប់ផ្ងារ អ៊ីចឹង កីឡា​យោគៈ​លើ​អាកាស​ប្រាកដ​ជា​ស័ក្ដិសម​ចំពោះ​អ្នក​ចូល​ចិត្ដ​ហាត់​ប្រាណ​ដើម្បី​សុខភាព​រាង​កាយ និង​ការ​កម្ចាត់​ស្ដ្រេស។

មិន​ថា ធ្លាប់ ឬ​មិន​ធ្លាប់​ហាត់​យោ​គៈ សិល្បៈ​កីឡា​យោ​គៈ​លើ​អាកាស​ទំនងជា​រាង​ចម្លែក​បន្ដិច។ ប៉ុន្ដែ​កុំ​បារម្ភ កីឡា​លើ​អាកាស មិន​មែន​មានន័យ​ថា អ្នក​ត្រូវ​យោល​ក្រឡាប់​ខ្លួន​លើ​អាកាស​ដូច​សៀក​នោះ​ទេ។

ផ្ទុយទៅវិញ រាងកាយ​អ្នក​ត្រូវបាន​ទ្រ​ដោយ​ក្រណាត់​អង្រឹង​ទន់ ផុតពី​ដី ដើម្បី​រាងកាយ​បង្កើត​ចលនា​កាន់​តែ​បត់​បែន។ ជំនួយ​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​កម្រាល អ្នក​លេង​កីឡា​យោគៈ​អង្រឹង​ត្រូវ​រុំ​ខ្លួន​ក្នុង​ក្រណាត់​អង្រឹង​យោល​ស្ដោក​ពី​លើ​ពិតាន ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សិល្បៈ​លើ​អាកាស Cirque du Soleil ផង​ដែរ។

នៅ​ស្ទូ​ឌី​យោ Aerial BhaVana អ្នកនាង សេង បុប្ផា កំពុង​តោង​ក្រណាត់​អង្រឹង​នីឡុង​យោល​ខ្លួន​ដាំដូង​ក្បែរ​ពិតាន ក្រោម​ក្រសែ​ភ្នែក​សិស្ស​ជាច្រើន​ត្របាញ់​មើល​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ទាំង​សភាព​បុក​ពោះ។

អ្នកនាង សេង បុប្ផា ស្ថាបនិក​ស្ទូឌីយូ Aerial BhaVana ដែល​ទើប​បើកសម្ពោធ ៤ ខែ​មុន​បាន​និយាយ​ថា ដោយ​មាន​ប្រវត្ដិ​ពី​ក្រុម​សៀក​បារាំង​នៅ​កាណាដា កីឡា​អាកាស ឬ​យោគៈ​អង្រឹង​មាន​មូលដ្ឋាន​គ្រឹះ​ចេញ​ពី​ប្រភេទ​កីឡា​ចំនួន ៣ គឺ សិល្បៈ​សៀក​លើ​អាកាស​សិល្បៈ​ពត់​ពេន​ខ្លួន និង​យោគៈ ដើម្បី​បង្កើត​ជា​សមត្ថភាព​ពត់​រាងកាយ​ធ្វើ​លំនឹង​បន់​បែន​និង​ធ្វើ​ឲ្យ​យឺត​សរសៃ​ស​សូង។

យោ​គៈ​អង្រឹង​ត្រូវបាន​ចាត់ទុកជា​លំ​ហាត់ប្រាណ​រាងកាយ និង​ផ្លូវ​ចិ​ត្ដ សម្រាប់​អ្នក​ដែល​ប្រាថ្នា​ការ​សប្បាយ​គួប​ផ្សំ​នឹង​សកម្មភាព​លំហាត់​ប្រាណ។

អ្នកហាត់ថ្មីថ្មោង ខ្សែ​ត្រូវបានចង​ទាបៗ រីឯ​អ្នក​ហ្វឹក​ហាត់​ជំនាញ ខ្សែ​ត្រូវ​ចង​ឲ្យខ្ពស់​។ សហការី

អ្នកនាង​បាន​ឲ្យ​ដឹងថា៖ «យោគៈ​អង្រឹង​ក៏​ជា​ផ្នែក​មួយ​ដែរ។ ប៉ុន្ដែ​អ្វីដែល​ខ្ញុំ​បង្រៀន និង​ចែកចាយ​នោះ វា​បូក​ផ្សំ​នឹង​យោគៈ pilates និង​របាំ។ អ៊ីចឹង ខ្ញុំ​ចង់​ហៅថា កីឡា​លើ​អាកាស​ច្រើន​ជាង ពី​ព្រោះ​យើង​មាន​ឧបករណ៍​ច្រើន និង​គ្រឿង​ផ្សំ​ច្រើន។ អង្រឹង​គ្រាន់​តែ​ជា​ឧបករណ៍​មួយ ដែល​ងាយ​ស្រួល​ជាង​គេ នៅ​មាន​កង និង​ខ្សែ ព្រម​ទាំង ឧបករណ៍​ចង​លើ​អាកាស​ទាំង​អស់»។

ចំពោះ​អ្នក​ហ្វឹកហាត់​ថ្មោងថ្មី​អង្រឹង​ត្រូវបាន​ចង​ទ្រ​ត្រគាកទាបៗ ដើម្បី​បញ្ចៀស​ឧប្បត្ដិហេតុ​ផ្សេងៗ​កើត​ឡើង​លើ អ្នក​កីឡា​ចំណូល​ថ្មី​នេះ។ ប៉ុន្ដែ​សម្រាប់​អ្នក​ហ្វឹកហាត់​ជំនាញ​ខ្សែ​ត្រូវ​បាន​ចង​ខ្ពស់ ដែល​ហាក់បី​ដូចជា​ការ​សម្ដែង​សៀក​លើ​អាកាស​ដូច្នោះ​ដែរ។

គ្រូបង្វឹក​យោ​គៈ​អង្រឹង​ដែលមាន​បទពិសោធ​ហ្វឹកហាត់ ៨ ឆ្នាំ និង​បង្រៀន ៤ ឆ្នាំ អ្នក​នាង បុប្ផា បាន​ប្រាប់​ថា៖ «ដោយសារ​ប្រជាជន​ខ្មែរ​យើង​ខ្លះ​ធ្លាប់​ហាត់​យោគៈ​ខ្លះ​ធ្លាប់​រត់ ខ្លះ​ធ្លាប់​ហែល​ទឹក ខ្លះ​រាំ និង​ខ្លះ​ទៀត​ទៅ gym ពួកគេ​ផ្ដើម​ពី​ថ្នាក់​ដំបូង»។

មិន​ខុសពី​យោ​គៈ​លើ​កម្រាល ដែល​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​អារម្មណ៍​ស្ងប់ សមាធិ ស្គាល់​ពី​វិធី​ធ្វើ​ចលនា​ដង្ហើម ពត់​ពេន និង​ពន្យឺត​រាងកាយ យោគៈ​អង្រឹង​ទន់​ភ្លន់ តែ​ទាមទារ​កាយ​សម្បទា​រឹងមាំ។

អ្នកនាង សេង បុប្ផា បាន​លើក​ហេតុផល​ជាក់ស្ដែង​ថា៖ «នរណា​ក៏ដោយ​ក៏​អាច​លេង​យោគៈ​អង្រឹង​បាន​ដែរ តែ​ទាម​ទារ​កាយ​សម្បទា និង​ការ​ព្យាយាម​បន្ដិច។ ខ្ញុំ​ឃើញ​គ្រូ​យោគៈ​មួយ​ចំនួន​ឡើង​អត់​រួច។ ដូច្នេះ​ហើយ សម្រាប់​ខ្ញុំ​គិត​ថា យើង​មិនគួរ​ហាត់​ប្រភេទ​កីឡា​អ្វី​តែ​ម្យ៉ាង​នោះ​ទេ យើង​ត្រូវ​មាន​ការ​គួប​ផ្សំ​គ្នា ពីព្រោះ​យើង​គួរ​ពត់​សាច់ដុំ​ទៅ​តាម​គ្រប់​រូបភាព»។

ឆ្លើយតប​នឹង​ចម្ងល់​ថា ស្ដ្រី​ភាគច្រើន ជា​ភេទ​ទន់ខ្សោយ មិនមាន​កម្លាំង​តោង​ឡើង​ខ្សែ និង​យោល​ដាំដូង ម្ចាស់​ស្ទូឌីយោ​រូប​នេះ បាន​បកស្រាយ​ថា៖ «ខ្ញុំ​ក៏​ជា​ស្ដ្រី​ដែរ ចុះ​ហេតុ​អ្វី​ខ្ញុំ​មាន​កម្លាំង​ដៃ​លើក​ខ្លួន គឺ​ទាមទារ​ការ​ហ្វឹក​ហាត់។ បើ​យើង​អត់​លត់​ដំ​ខ្លួន យើង​នៅ​តែ​អត់​មាន​កម្លាំង។ ស្ដ្រី​ភាគ​ច្រើន​អត់​មាន​កម្លាំង​ផ្នែក​ខាង​លើ​ដូច​មនុស្ស​ប្រុស​នោះ​ទេ។ ដូច្នេះ​ស្ដ្រី​ទាមទារ​ការ​ព្យាយាម​ខ្លាំង។ ប៉ុន្ដែ​ចំពោះ​សកម្មភាព​កន្ធែក​ជើង ស្ដ្រី​មាន​ភាព​ងាយ​ស្រួល​ជាង​បុរស»។

អ្នកនាង សេង បុប្ផា ស្ថាបនិក​ស្ទូឌីយោ Aerial BhaVana។ សហការី

យោងតាម​របាយការណ៍​ស្ដីពី​អត្ថប្រយោជន៍​ចំពោះ​កីឡា​លើ​អាកាស​ពី​ស្ទូឌីយោ Aerial BhaVana បាន​បង្ហាញ​ថា វា​ជួយ​បង្កើន​សមត្ថភាព​សាច់ដុំ​រាងកាយ​ខាង​លើ​ពង្រឹង​សមត្ថភាព​កន្ដ្រាក់​សាច់ដុំ​អាច​បង្កើន​លទ្ធភាព​ហ្វឹកហាត់​យោគៈ​កាន់​តែ​យូរ​បង្កើន​តុល្យភាព ជួយ​សម្រួល​សរសៃ​ឆ្អឹង​ខ្នង ឆ្អឹង​ក បង្កើន​លំហូរ​អុក​ស៊ីហ្ស៊ែន​ក្នុង​សរសៃ​ឈាម​ជួយ​គ្រប់គ្រង​ទម្ងន់​រាង​កាយ​បង្កើន​សមត្ថភាព​ពត់​ពេន​ខ្លួន និង​សមាធិ​ផ្លូវ​អារម្មណ៍​ផង​ដែរ។

ជាមួយនឹង​បទពិសោធ​យោគៈ​អង្រឹង ឬ​កីឡា​លើ​អាកាស អ្នកនាង បុប្ផា បាន​លើកឡើង​ថា៖ «អ្វី​ដែល​ជក់​ចិត្ដ​បំផុត​នោះ​គឺ ការ​សមាធិ។ ពេល​យើង​សំកាំង​ខ្លួន​ផុត​ពី​ដី​វា​ធ្វើ​ឲ្យ​យើង​បណ្ដែត​អារម្មណ៍ ជា​ពិសេស ពេល​យើង​ដាំដូង​ដោយ​យក​ជើង​ថ្ពក់​តោង​ខ្សែ​អង្រឹង​អារម្មណ៍​វិល​វល់​លែង​ដឹង​ទិស​តំបន់ ដោយ​គ្មាន​គិត​អ្វី​ក្រៅ​ពី​ការ​តាំង​ចិត្ដ​ឲ្យ​ស្ងប់​នោះ​ទេ។ អ្វី​ដែល​សំខាន់ ១ ទៀត​គឺ​ការ​រក្សា​ទម្ងន់​រាងកាយ និង​ភាព​ស្រស់​ស្រាយ»។

យ៉ាងណាមិញ គ្រូ​កីឡា​លើ​អាកាស​រូបនេះ ក៏បាន​ណែនាំ​ឲ្យ​អ្នកចូលរួម​ទាំងអស់​លេង​កីឡា​ប្រភេទ​ផ្សេងៗ ដើម្បី​សុខភាព​រាងកាយ​កាន់​តែ​ប្រសើរ ដូចជា ប្រភេទ​កីឡា យោគៈ ហែល​ទឹក រត់ ឡើង​ភ្នំ ឬ​ជិះ​កង់​ជាដើម។

អ្នកនាង​បញ្ជាក់ថា៖ «ពីមួយ​កម្រិត​ទៅមួយ​កម្រិត​អ្នក​ចូល-រួម​ត្រូវ​បញ្ចប់​វគ្គ​សិក្សា​ពី ១ ទៅ ១០ ដង ដោយ​យោង​ទៅ​តាម​សមត្ថភាព​ជាក់​ស្តែង​របស់​បុគ្គល​នីមួយ»។

ការហ្វឹកហាត់​លើ​កម្រាល ១០ ដុល្លារ ក្នុង​មួយ​វគ្គ​រយៈពេល ១ ម៉ោង ខណៈ​ការសិក្សា​លើ​អាកាស​មាន​តម្លៃ ១៥ ដុល្លារ​ក្នុង​មួយ​វគ្គ។ សម្រាប់ ១០ ដង ដែល​មាន​សុពលភាព ២ ខែ មាន​តម្លៃ ៨៩ ដុល្លារ លើ​កម្រាល និង ១៣៩ ដុល្លារ លើ​អង្រឹង​ហោះ។

ស្ទូ​ឌី​យោ Aerial BhaVana ស្ថិតនៅ​ជាប់​ទី ៤ នៃ​អា​ផាត​មិន Bhumi Emerald ផ្ទះ​លេខ ៧៣ ផ្លូវ ៤៤៤ សង្កាត់​ទួលទំពូង ២ ខណ្ឌ​ចំការមន។ ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០៩២ ៨០ ៥៩ ១៧៕