ភ្នំពេញ៖ ដោយសារ​យល់ច្បាស់​អំពី​អារម្មណ៍​បែកបាក់​គ្រួសារ និង​មាន​ភាពតក់ស្លុត សង្វេគ​ខ្លាំង ក្រោយពី​ដឹង​ដំណឹង​ថា តារាសម្តែង និង​ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា កំពុងតែ​រស់នៅ​ជាមួយ​នឹង​ជំងឺមហារីក​កាចសាហាវ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នោះ លោក យ៉ែម សំអូន ដាច់ចិត្ត​បង្ហោះ​វីដេអូ​មួយ​ទាំង​កណ្តាលអធ្រាត្រ ជា​ឆន្ទ:បង្កើត​មូលនិធិ​មួយ ដើម្បី​រកប្រាក់​សប្បុរសធម៌​ពី​សប្បុរសជន​ជា​មិត្ត​អ្នកសិល្បៈ​ជួយឧបត្ថម្ភ​តាម​លទ្ធភាព។

លោក យ៉ែម សំអូន ​តារាសម្តែង និង​ចម្រៀង​ប្រុស ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នាទសវត្សរ៍​ឆ្នាំ ១៩៩០-២០០០ ក៏បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈពេល​ប្រមាណ​ជា ៥ នាទី ទាំង​កណ្តាលអធ្រាត្រ ក្នុង​អារម្មណ៍​សោកសង្រេង​មែនទែន ផ្តើមចេញ​ដោយ​ពាក្យពេចន៍​សុំ​ខន្តី អភ័យទោស​ទុកជាមុន​ ព្រោះ​លោក​គិតថា​មិន​សម​គួរណា​មក​អំពាវនាវ រៃ​ប្រាក់​ជំនួយ​ក្នុង​កាលៈទេសៈ កំពុង​តែមាន​វិបត្តិ​កូវីដ១៩​នេះ​ឡើយ តែដោយសារ​ភាពចាំបាច់​ខ្លាំង​ទើប​សម្រេច​ធ្វើ​បែបនេះ។ លោក យ៉ែម សំអូន ​គ្រាន់តែ​ចង់​ធ្វើការ​អំពាវនាវ​ទៅដល់​មិត្ត​រួម​អាជីព​សិល្បៈ ជា​ក្រុម​សិល្បករ-សិល្បការិនី តន្ត្រីករ និង​ក្រុមការងារ ដែល​ធ្លាប់​បំពេញ​ការងារ នៅក្នុង​ក្រុម​តន្ត្រីសម័យ​របស់​ Dara Entertainment លោក​ជាពិសេស​តែម្តង សូមឱ្យ​ជួយឧបត្ថម្ភ​តាម​លទ្ធភាព ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត​ជួយ​សម្រួល​ថ្លៃ​ព្យាបាល​ដល់​អ្នកនាង ស៊ិន ឧត្តមផល្លា កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​មហារីក​កូនកណ្តុរ​នៅ​ដំណាក់កាល​ចុងក្រោយ នៅឯ​មន្ទីរពេទ្យ។

តារាចម្រៀង​លោក យ៉ែម សំអូន និង​អ្នកនាង ស៊ិន ឧត្តមផល្លា។ ហ្វេសប៊ុក

លោក សំអូន បានស្នើ​សុំ​ដោយ​ទទូច​ថា៖ «ខ្ញុំបាទ យ៉ែម សំអូន សូម​ខន្តី​អភ័យទោស និង​សុំ​សំណូមពរ​តែ​ក្រុម​សមាជិក​នៃ​ក្រុម​អ្នកសិល្បៈ​នៃ​ក្រុម Dara Entertainment ប៉ុណ្ណោះ។ ខ្ញុំ​ពិតជា តក់ស្លុត​ខ្លាំងណាស់ ដោយ​បាន​ដឹង​ឮថា​ប្អូន ស៊ិន ឧត្តមផល្លា កំពុង​តែមាន​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​នោះ។ ហើយ​បងប្អូន​ក្រុម​សិល្បករ-សិល្បការិនី ពិតជា​មាន​ភាពជ្រួលច្របល់​ខ្លាំងណាស់ គឺ​ចង់ទៅ​ជួប​សួរទុក្ខ​ប្អូន តែដោយសារ​កាល:ទេស:​នេះ​ស្ថិត​ក្នុង​វិបត្តិ​នៃ​ការបិទ​ខ្ទប់​តំបន់​ទីក្រុង ដើម្បី​ការពារ​ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ១៩ ទើប​មិនអាច​ឱ្យចេញ​ក្រៅ​ទៅ​ជួប​ប្អូន​បាន។ ដូច្នេះ​ខ្ញុំ យ៉ែម សំអូន សម្រេច​បង្កើត​មូលនិធិ​នេះ​ឡើង ហើយ​ក៏​សំណូមពរ​ទៅដល់​បងប្អូន​មិត្ត​សិល្បករ មេត្តា​ចូលរួម​ជួយ​បន្តិចបន្តួច​តាម​លទ្ធភាព​ជា​ការលើក​ទឹកចិត្ត ព្រោះថា​ការលើក​ទឹកចិត្ត​ពេលខ្លះ ក៏​អាចជា​ឱសថ​មួយ​ជួយ​ព្យាបាល​អ្នកជំងឺ​ដូចជា​ដាក់​ថ្នាំ​ត្រូវ​អ៊ីចឹង​ដែរ ដោយ​ខ្ញុំបាទ​ចូលរួម ១០០ ដុល្លារ។ ហើយ​ប្រសិនបើ បងប្អូន​ចូលរួម​តាមរយៈ​ខ្ញុំបាទ​ក៏បាន ដោយ​ខ្ញុំ​ក៏មាន​ដាក់​នូវ​គណនី ABA និង​តាម​វីង​ក៏បាន»។

គួរ​បញ្ជាក់ដែរថា តារាស្រី​វ័យ ៤១ ឆ្នាំ ស៊ិន ឧត្តមផល្លា កាលពី​ពេលថ្មីៗ​កន្លងមកនេះ បាន​សម្រេច​ចិត្ត​បង្ហោះ​សំណេរ​បរិយាយ​ដំណឹង​អកុសល​ស្ដីអំពី​សុខភាព​របស់​អ្នកនាង​យ៉ាង​ដូច្នេះ​ថា៖ «បងប្អូន​តែងតែ​ខមមិន (comment) សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​កើត​អី​មែន​ទេ? ឥឡូវនេះ ខ្ញុំ​សម្រេច​ថា បង្ហាញ​ការពិតហើយ គឺ​ខ្ញុំ​កំពុងតែ​រស់នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ»។

តារាចម្រៀង​ពូកែ​ច្រៀង​បទបរទេស​អ្នកនាង ស៊ិន ឧត្តមផល្លា ធ្លាប់​នៅក្នុង​ក្រុម​ Dara Entertainment។ ហ្វេសប៊ុក

ខណៈ​សុខភាព​រួមរឹត​ដោយ​ជំងឺ​កាចសាហាវ តារាសម្ដែង និង​ចម្រៀង​ស្រី​មេម៉ាយ​កូន ៣ រូបនេះ​ក៏​បាន​លាតត្រដាង​ពី​ក្ដី​រំពឹង​អំពី​អនាគត​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន​ថា៖ «ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​កូនៗ​ខ្ញុំ​មាន​ប្ដី​មាន​ប្រពន្ធ​រួចហើយ ចាំ​យក​ខ្ញុំ​ទៅ​ពេលណា​ក៏បាន​ដែរ»។

បងប្អូន​ជនសប្បុរស ទោះបី​ជា​មិត្ត​សិល្បៈ​រួម​អាជីព​ក្តី ឬ​សប្បុរសជន​ក្រៅ​សិល្បៈ​ក្តី ប្រសិន​បើ​ចង់​ចូលរួម​បរិច្ចាគ​ប្រាក់​មូលនិធិ​ក្រុម​តន្ត្រីសម័យ យ៉ែម សំអូន សម្រាប់​ជួយ​ថ្លៃ​ព្យាបាល​អ្នកនាង ស៊ិន ឧត្តមផល្លា នោះ​អាច​វេរ​ប្រាក់​តាម​គណនី ABA 000 812 899-YEM SAMONN ឬ​ផ្ញើ​តាម​វីង​ជាមួយ​លេខ​ទូរស័ព្ទ 012 237 056 /070 493 176៕

អ្នកនាង ស៊ិន ឧត្តមផល្លា ជា​តារាចម្រៀង និង​សម្ដែង​រូបស្រស់​ដែល​កំពុង​ព្យាបាល​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ។ ហ្វេសប៊ុក

អ្នកនាង ស៊ិន ឧត្តមផល្លា និង​មិត្ត​រួម​អាជីព​សិល្បៈ​ក្នុង​ក្រុម​ Dara Entertainment។ ហ្វេសប៊ុក