ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី នៅពេល​ឃើញ​រូបថត​មួយ​សន្លឹក​បែប​ស៊ី​អារម្មណ៍​លើស​ពី​សិចស៊ី ដែល​តារា​ម៉ូដែល តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ កញ្ញា យ៉ែម ស្រី​ពេជ្រ បង្ហោះ​តាម​អ៊ីនស្តាក្រាម​នោះ​ក៏​ធ្វើ​ឲ្យ​មហាជន​គិត​សង្ស័យ​ថា ជា​ឈុត​ឆាក​សម្តែង​នៃ​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយ​ក្នុង​រឿង ហើយ​អាច​មាន​សម្តែង​អាក្រាត​ល្វែង​លើ​ទៀត​ផង។

ពេល​បង្ហោះ​រូប​ហើយ ដោយ​ខ្លាច​មហាជន​ច្រឡំ​នោះ តារា​ម៉ូដែល និង​ពិធី​ការិនី​សម្បុរ​ស្រអែម​ស្រស់​កញ្ញា យ៉ែម ស្រី​ពេជ្រ ដែល​បច្ចុប្បន្ន​ប្រែ​ខ្លួន​ក្លាយ​មក​ជា​តារា​សម្តែង​ស្រី​មាន​ទឹកមាត់​លើ​វិស័យ​ភាពយន្ត និង​មាន​វត្តមាន​នៅ​ឯ​ទីក្រុង​ប៊ុមបៃ​ប្រទេស​ឥណ្ឌា​ក្នុង​កម្មវិធី 4th Edition of Global Exhibition on Services 2018 (GES) ក្នុង​នាម​ជា​តារា​ស្រី​តំណាង​ឲ្យ​សិល្បការិនី​ខ្មែរ​នា​ពេល​ថ្មីៗ ក៏បាន​បង្ហោះ​សារ​ការពារ​ខ្លួន​ភ្លាម​ថា៖ «គ្រាន់​តែ​រូបថត​សិច​ស៊ី​ដំបូង!​រាត្រី​សួស្តី Sexy dream អ្នក​ទាំង​អស់​គ្នា។ វា​គ្រាន់​តែ​ជា​សិល្បៈ​នៃ​ការ​ថតរូប​ទេ ដូច្នេះ​កុំ​គិត​ថា​អូន​ស្រាត​អី​ណា អូន​ខ្លាច​ខិខិខិខ!»។

អតីត​ជា Freshie Girl កញ្ញា យ៉ែម ស្រី​ពេជ្រ ដែល​លេចធ្លោ​នៅក្នុង​កុន​ភាគ​នានា​ដូចជា​រឿង «កូន​ក្រមុំ​លោក​មេឃុំ» និង​រឿង «ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា» របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ និង​ទើប​តែ​ឆក់​បាន​តំណែង​តួឯក​រឿង​ថ្មី​មួយ​គឺ​រឿង «ចម្ការ​លាក់​ស្នេហ៍» ដែល​បាន​សម្តែង​ប៉ះ​ជាមួយ​តួ​ប្រុស​ក្មេង អតីត​ជា Freshie Boy លោក ជា លាង​ឈែ នោះ ក៏បាន​បញ្ជាក់​ពី​រូបថត​ជាមួយ​តួសម្តែង​ប្រុស​លោក ដារ៉ាវុធ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​នោះ​ថា៖ «តាម​ពិត​ទៅ​នោះ​ជា​រូបថត​លេង​តែ​ប៉ុណ្ណោះ ខណៈ​ពួក​យើង​បាន​ទៅ​ថត​កុន​រឿង​ផ្ទះ​សសរកណ្តាល​មក​ម្ល៉េះ! មិន​មែន​ជា​ឈុត​សម្តែង​ស្រាត​អ្វី​នោះ​ទេ និង​ក៏​មិន​មែន​ជា​ឈុត​នៅ​ក្នុង​កុន​ណាមួយ​នោះ​ដែរ»។

កាលពី​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ កន្លងមក​នោះ ក៏​នាង​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ជា​សំឡេង​តាម​ឆាត Messenger កាល​នៅ​ឯ​ប្រទេស​ឥណ្ឌា​នោះ​ឲ្យ​ដឹង​ដែរ​ថា៖ «នាង​ខ្ញុំ ត្រូវ​បាន​ខាង​ប្រទេស​ឥណ្ឌា​អញ្ជើញ​មក​ចូលរួម​កម្មវិធី​នេះ ដែល​តំណាង​ភាគី​នានា​ចូលរួម​ប្រមាណ ១០០ ប្រទេស ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៥ ដល់​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ​នៅ​ទីក្រុង​ប៊ុមបៃ​ប្រទេស​ឥណ្ឌា។ សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ខ្លួន​ឯង​បាន​ក្លាយ​ជា​តារា​តំណាង​ផ្នែក​សិល្បៈ ខណៈ​នេះ​ក៏​ជា​លើក​ទី ១ ផង​ដែរ សម្រាប់​នាង​ខ្ញុំ​បាន​មក​កាន់​ទឹកដី​ប្រទេស​ឥណ្ឌា»។

តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា យ៉ែម ស្រី​ពេជ្រ វ័យ ២០ ឆ្នាំ ដែលមាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ក្រៅ​ពី​ការងារ​សិល្បៈ​នោះ នាង​ក៏​ជា​និស្សិត​កំពុង​តែ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផ្នែក​គណនេយ្យ និង​ជា​កូន​ស្រី​ទី ៣ នៅ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​នៃ​បងប្អូន​បង្កើត​ចំនួន ៤ នាក់​របស់​នាង៕