ភ្នំពេញៈ ស្រីស្អាត យ៉ែម ស្រីពេជ្រ អតីតជា Freshie Girl ឆ្នាំ ២០១៥ ដែលកំពុងតែមានទីផ្សារខ្លាំងក្នុងការសម្តែងកុនភាគតាំងពីបានគ្រងតំណែងតួឯកស្រីរឿង «កូនក្រមុំលោកមេឃុំ» និងរឿងភាគខ្មែរផ្សេងៗទៀតប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយមិនទាន់ផុតកុងត្រានៅឡើយ ក៏ហ៊ានបង្ហាញមុខគូស្នេហ៍មិនលាក់លៀមអ្នកគាំទ្រទៀតផង។
តារាស្រីម៉ូដែល និងជាតារាសម្តែងវ័យក្មេងកញ្ញា យ៉ែម ស្រីពេជ្រ ក៏បានបង្ហោះរូបភាពជាមួយគូស្នេហ៍ជាច្រើនសន្លឹកតាមបណ្តាញសង្គមដែលមានអមសារបញ្ជាក់ដូច្នេះថា៖ «ម្នាក់នេះរញ៉េរញ៉ៃណាស់ រត់ជុំវិញខួរក្បាលគេរហូតអ៊ីចឹងនៀក!»។
តារាស្រីដែលអាចវិវឌ្ឍខ្លួនបានស្ទើរតែគ្រប់ជំនាញនៅក្នុងវិស័យសិល្បៈតាំងពីដើរម៉ូដរហូតមកក្លាយជាតួសម្តែង និងតារាថតផ្សព្វផ្សាយផលិតផលរួមទាំងជាពិធីការិនីទូរទស្សន៍រូបនេះបានផ្តល់បទសម្ភាសជាមួយនឹងភ្នំពេញប៉ុស្តិ៍ថា៖ «ចាស! នាងខ្ញុំពិតជាមាន (គូស្នេហ៍) ពិតមែន! ពួកយើងបានស្គាល់គ្នាជិត ៣ ឆ្នាំហើយ ប៉ុន្តែក៏ទើបតែទាក់ទងគ្នាបាន ៣ ខែប៉ុណ្ណោះ ខណៈពីមុនមិនដែលនិយាយរកគ្នានោះទេ»។
គួរឲ្យកត់សម្គាល់ដែរថាបុរសជាគូស្នេហ៍របស់ស្រីស្រស់ យ៉ែម ស្រីពេជ្រ គឺជាអ្នកធ្វើការម្នាក់ និងធ្លាប់ជាអតីតតារាចម្រៀងក្នុងផលិតកម្មម្នាក់ដែរ ប៉ុន្តែនៅពេលនេះលោកមិនចង់ចូលក្នុងផលិតកម្មវិញនោះទេ តែចង់ធ្វើចម្រៀងបែបឯករាជ្យ ខណៈតារាស្រីរូបនេះក៏សុំមិនទាន់បញ្ចេញនូវឈ្មោះ ឬអត្តសញ្ញាណពីគូស្នេហ៍ច្បាស់នៅឡើយដែរ។
តារាស្រីដែលមានរូបសម្រស់កាន់តែស្រស់ស្អាតគួបផ្សំជាមួយនឹងទេពកោសល្យសម្តែងរូបនេះបានឲ្យដឹងពីទំនាក់ទំនងរវាងគូស្នេហ៍ខ្លួនដូច្នេះបន្ថែមទៀតថា៖ «ពេលនេះពួកយើងគ្រាន់តែមើលចិត្តគ្នាសិនទេ ហើយចំពោះរឿងរៀបការគឺមិនទាន់បានគិតវែងឆ្ងាយដល់ថ្នាក់ហ្នឹងនៅឡើយទេ ដោយសារតែពួកយើងក៏នៅក្មេងៗដូចគ្នា។ ណាមួយគាត់ក៏រវល់នឹងការងារគាត់ ហើយខ្ញុំក៏ជាមនុស្សដែលឆ្កួតនឹងការងារ ពេលទំនេរពីការងារសម្តែងរឿងតិចតួចខ្ញុំឆ្លៀតថត MV មិនចង់សម្រាកនោះទេ ហើយនៅពេលបន្តិចទៀតនេះ ខ្ញុំក៏ចង់ដាក់លក់ផលិតផលថែរក្សាសម្រស់តាមអនឡាញទៀត ខ្ញុំចង់ធ្វើការឲ្យពេញទំហឹងសិនទាន់ពេលខ្លួននៅក្មេង»។
តារាសម្តែងស្រីដែលមានឱកាសក្នុងការសម្តែងរឿងធំៗជាច្រើនមានរឿង «ចម្ការម្លប់ស្នេហ៍» រឿង «ភ្លើងស្នេហ៍ ភ្លើងឫស្យា» និងកុនរឿង «នេះ ឬជីវិត»។
យ៉ែម ស្រីពេជ្រ ក៏បានបញ្ជាក់ថា ខ្លួនជិតផុតកុងត្រានឹងទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ហើយគឺនៅខែឧសភាខាងមុខនេះក៏មានគម្រោងក្នុងការសម្តែងកុនចំនួន ៣ រឿងសុទ្ធតែជាកុនភាគទាំងអស់៕