The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រក​ឃើញ​ម្ចាស់​ជយលាភី​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី ​សម្រាប់​ឆ្នាំ ២០២០




រក​ឃើញ​ម្ចាស់​ជយលាភី​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី ​សម្រាប់​ឆ្នាំ ២០២០

Content image - Phnom Penh Post
ការ​​ប្រគល់ជយលាភី​នៃ​​ពាន​រង្វាន់អក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវីប្រចាំ​ឆ្នាំ ២០២០​​។ រូបថត សហ​ការី

រក​ឃើញ​ម្ចាស់​ជយលាភី​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី ​សម្រាប់​ឆ្នាំ ២០២០

ភ្នំពេញ៖ ទីបំផុត​ការ​ប្រកួត​ប្រជែង​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី​ឆ្នាំ ២០២០ រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ ដោយ​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​ប្រកាស និង​ប្រគល់​ពាន​រង្វាន់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

ពាន​រង្វាន់​អក្សរសិល្ប៍​ឥន្ទ្រទេវី ឆ្នាំ ២០២០ ផ្នែក​សំណេរ​ប្រលោមលោក​លេខ ១ បាន​ទៅ​លើ​អ្នក​និពន្ធ​លោក កែវ សេងរដ្ឋា មក​ពី​ខេត្ត​កំពង់ឆ្នាំង សម្រាប់​ប្រលោមលោក​រឿង «ឧត្តមគតិ» លេខ ២ បាន​ទៅ​លើ​អ្នក​និពន្ធ​លោក ធឿន វុទ្ធី មក​ពី​ខេត្ត​សៀមរាប សម្រាប់​ប្រលោម​លោក​រឿង «បណ្ណ​សរសើរ» លេខ ៣ បាន​ទៅ​លើ​អ្នក​និពន្ធ​កញ្ញា ភុយ រតនា មក​ពី​ខេត្ត​សៀមរាប សម្រាប់​ប្រលោម​លោក​រឿង «ស្អប់​ពុក» លេខ ៤ បាន​ទៅ​លើ​អ្នក​និពន្ធ​លោក ដុកដុំ មក​ពី​ខេត្ត​ព្រៃវែង សម្រាប់​ប្រលោមលោក​រឿង «ម្រែង​ភ្លើង» និង​លេខ ៥ បាន​ទៅ​លើ​អ្នក​និពន្ធ​លោកស្រី ឡុង លាបសុជាតា មក​ពី​ខេត្ត​កំពង់ចាម សម្រាប់​ប្រលោមលោក​រឿង «បេះដូង​រតនា»។ ចំណែក​ខាង​ផ្នែក​សំណេរ​កំណាព្យ​រឿង​វិញ មិន​មាន​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ ទេ គឺ​មាន​តែ​លេខ ៣ លេខ ៤ និង​លេខ ៥ ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​លេខ ៣ បាន​ទៅ​លើ​កវី​ស្រី​ឈ្មោះ មិន សុធី មក​ពី​ខេត្ត​ក្រចេះ ដែល​សរសេរ​កំណាព្យ​រឿង​មាន​ចំណង​ជើង​ថា «មន្ត​ស្នេហ៍​នារី​វិស្វករ» លេខ ៤ បាន​ទៅ​កវី​លោក ខឹក ហ៊ន មក​ពី​ខេត្ត​តាកែវ ដែល​សរសេរ​កំណាព្យ​រឿង​មាន​ចំណង​ជើង​ថា «នំ​ធំ​ជាង​នាឡិ» និង​លេខ ៥ បាន​ទៅ​កវី​លោក វង្ស សុភាជ មក​ពី​ខេត្ក​ព្រៃវែង ដែល​សរសេរ​កំណាព្យ​រឿង​មាន​ចំណង​ជើង​ថា «ន័យ​ជីវិត»។

សម្រាប់​ជយលាភី​ប្រកួតប្រជែង​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​នៃ​ពានរង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី ​ឆ្នាំ ២០២០ មាន​លេខ ១ ដល់ ៣ ដោយ​ទទួល​បាន​ពាន​រង្វាន់ ១ និង​ប្រាក់​ឧបត្ថម្ភ ចំណែក​ជយលាភី​ពី ៤ និង​លេខ ៥ ទទួល​បាន​បណ្ណ​សរសើរ ១ និង​ប្រាក់​ឧបត្ថម្ភ។ ខណៈ​នៅ​ឆ្នាំ ២០២០ នេះ​មាន​បេក្ខជន​ដាក់​ស្នាដៃ ​ដើម្បី​ចូលរួម​ប្រឡង​មាន​ចំនួន ១៦៦ ស្នាដៃ ដោយ​ប្រលោម​លោក ១១៨ ស្នាដៃ និង​កំណាព្យ​រឿង ៤៨ ស្នាដៃ។

Content image - Phnom Penh Post
កវី​ស្រី មិន សុធី (កាន់ពាន)​ជយលាភី​លេខ៣​ ផ្នែក​កំណាព្យរឿង និង​លោក កែវ សេងរដ្ឋា (ស្តាំកាន់ពាន) ជយលាភីលេខ១​ ផ្នែកប្រលោមលោក។ សហការី

លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ឱ្យ​ដឹង​ពី​ហេតុផល​ដែល​ម្ចាស់​ជយលាភី​នៃ​សំណេរ​កំណាព្យ​រឿង​មិន​មាន​លេខ ១ និង​លេខ ២ ដែរ​ថា៖ «ដោយសារ​តែ​ផ្នែក​នេះ ក្រោយ​ពី​បាន​ពិនិត្យ​ស្នាដៃ ដែល​ដាក់​មក​ចូលរួម​ប្រកួត គណៈកម្មការ​មិន​អាច​រកឃើញ​ស្នាដៃ​ណា​មួយ ដែល​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ចង់​បាន​ឡើយ គឺ​មាន​តែ​ត្រឹម​លេខ ៣ ប៉ុណ្ណោះ។ ដូច្នេះ​ក្រុម​គណៈកម្មការ​សម្រេច​ចំហ​ទុក​ចោល​លេខ ១ និង​លេខ ២ សម្រាប់​ពានរង្វាន់​កំណាព្យ​រឿង​ឆ្នាំ​នេះ»។

ដូច្នេះ​សម្រាប់​ឱកាស​ចូលរួម​ប្រកួតប្រជែង​តែង​និពន្ធ​ប្រលោម​លោក និង​កំណាព្យ​រឿង នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះនាង​ឥន្ទ្រទេវី​ឆ្នាំ ២០២១ ដែល​នឹង​ត្រូវ​ផុត​កំណត់​ទទួល​ស្នាដៃ​នៅ​ត្រឹម​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ​នោះ ខាង​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​សំណូម​ឱ្យ​បេក្ខជន​ដាក់​ពាក្យ​ឱ្យ​ពង្រឹង​សមត្ថភាព​ផ្នែក​នេះ​ផង​ដែរ។ លោក កុក រស់ បាន​សំណូមពរ​ថា៖ «សូម​ឱ្យ​បេក្ខជន​ត្រូវ​ពិនិត្យ​ពិច័យ​ខ្លាំង​ទៅ​លើ​ក្បួន​ខ្នាត​នៃ​ការ​តាក់តែង​កំណាព្យ ដូចជា​ការ​តែង​ឱ្យ​ត្រូវ​ទៅ​នឹង​បរិយាកាស​នៃ​សាច់​រឿង​ក្នុង​ក្បួន​កាព្យ ការ​ប្រើ​ជើង​កាព្យ​ឱ្យ​មាន​ចុងចួន​ត្រឹមត្រូវ​ជាដើម​នោះ បេក្ខជន​នឹង​ទទួល​បាន​ពិន្ទុ​ល្អ​ពី​គណៈកម្មការ​ប្រកួត​ជា​មិន​ខាន​ឡើយ»៕

អត្ថបទគួរចាប់អារម្មណ៍