
ស្រោមទូរស័ព្ទឃ្យូតៗរចនាពីរូបភាពហនុមាន និងអប្សរាបន្ថែមឈ្មោះភាសាជាតិ។ រូបថត សហការី
ភ្នំពេញ: ស៊ាំភ្នែកនឹងស្រោមទូរស័ព្ទពណ៌លាតៗ និងរូបភាពបែបបរទេស ពេលអស់បារម្ភហើយ ជាមួយនឹងស្រោមទូរស័ព្ទសម័យថ្មី ដែលមានការរចនាម៉ូដតុក្កតាទេពធីតាឃ្យូតៗ ជាពិសេស រចនាប័ទ្មបែបខ្មែរពីហាង «The Morea មោរា»។
ក្រៅពីរូបលើស្រោមទូរស័ព្ទគ្រប់ប្រភេទ រូបភាពតុក្កតាដ៏សម្បូរបែបចាប់ពី រាពណ៍ ហនុមាន អប្សរាសួគ៌ នាងរំសាយសក់ និងក្រពើនេនធន នាងមាណវីលេងចាប៉ី កំលោះក្រមុំស្រង់ព្រះ រហូតដល់តួអង្គគូស្នេហ៍ ឬ យក្សា ដែលអាចរំលេចឈ្មោះជាភាសាជាតិដ៏ស្រស់ស្អាត ក៏ត្រូវបានរចនាលើសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។
រូបភាពដ៏ស្រស់ស្អាត រចនាឡើងពីស្នាដៃអ្នកសិល្បៈខ្មែរ បានរំលេចលើស្ទិកឃ័រ កាក់ម្ជុរខ្ទាស់ កាបូបស្ពាយ ប៉ុងជន្ទល់ទូរស័ព្ទ និងបន្ដោងសោ។
ស្ទិកឃ័រឃ្យូតៗនីមួយៗ មានរូបភាពតួអង្គក្នុងរឿងរាមកេរ្ដិ៍ គែមខ្មៅ គែមស រូបភាពអុំទូក នារីបាខែម នារីទៅកំពត ហនុមាន និងក្របីទូភី ព្រះនាងខោល និងអប្សរាគ្រប់ទម្រង់ និងគ្រប់ពណ៌។
កាក់ម្ជុរខ្ទាស់ ក៏មានរំលេចនូវរូបក្បាលតួអង្គនានា ដូចជា នារីបាខែម ក្រុងរាពណ៍ នាងសីតា ហនុមាន ព្រះរាម ក្របីទូភី អប្សរា នាងរំសាយសក់ ប្រុសញ៉ាំទុរេន នាងកង្រី ហើយតួអង្គទាំងនេះមានសកម្មភាពប្លែកៗផ្សេងទៀត។

តួអង្គល្ខោនខោលដ៏ស័ក្ដិសមឥតខ្ចោះរំលេចលើកាបូបស្ពាយចំហៀង និងស្ពាយពីក្រោយនៅហាង The Morea មោរា។ រូបថត សហការី
ចំពោះការរចនារូបភាពលើកាបូបស្ពាយចំហៀង និងស្ពាយពីក្រោយ រួមមាន រូបអប្សរា ហនុមាន ក្រុងរាពណ៍ តួអង្គល្ខោនខោល ក៏ដូចជាតួអង្គដទៃទៀត។ ប៉ុន្ដែការរចនាលើកាបូបបានបន្ថែមរូបភាពចម្លាក់បែបប្រាង្គប្រាសាទ និងក្បាច់ក្បូរផ្សេងៗទៀត។
រូបភាពបែបឃ្យូតៗក្នុងរចនាប័ទ្មបែបខ្មែរទាំងនេះកើតចេញពីគំនិតច្នៃប្រឌិត និងស្រមើស្រមៃរបស់កញ្ញា ឈួម រតនា ជាប្អូនប្រុសរបស់លោក ដែលមានបំណងថែរក្សាសិល្បៈដូនតាឲ្យមានភាពរស់រវើក និងបំពេញតម្រូវការទៅតាមការនិយមចូលចិត្ដរបស់មនុស្សគ្រប់គ្នា។
លោក ពិសិដ្ឋ ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងទូទៅនៃហាង «The Morea មោរា» បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយមើលឃើញ និងដឹងច្បាស់អំពីតម្លៃនៃស្នាដៃសិល្បៈខ្មែរ ភ្ជាប់ជាមួយនឹងការ-ស្រឡាញ់ចូលចិត្ដប្រើប្រាស់របស់របររចនាម៉ូដបែបខ្មែរទាំងនេះផង ពួកយើងបានព្យាយាមសម្រិតសម្រាំងនូវស្នាដៃសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលដូនតាបន្សល់ទុក មកផ្សែផ្សំរចនាលើវត្ថុប្រើប្រាស់ផ្សេងៗ។ គួបផ្សំនឹងកិច្ចការដ៏ផ្ចិតផ្ចង់របស់ពួកយើង វាធ្វើឲ្យសមិទ្ធផលចុងក្រោយទទួលបានជាសម្ភារបែបប្រណីតភាព ដែលអ្នកប្រើប្រាស់នឹងស្រឡាញ់ពេញចិត្តដូចត្បូង កែវមោរា»។
ហេតុដូច្នេះហើយ ទើបបានជាយុវជនរូបនេះ បានជ្រើសរើសឈ្មោះហាង ដែលដាក់លក់ផលិតផលច្នៃពីគំនូរបែបសិល្បៈខ្មែរឃ្យូតៗលើសម្ភារប្រើប្រាស់កំពុងពេញនិយមនាពេលបច្ចុប្បន្ននេះថាជា «មោរា» ជា ២ ភាសា។
លោក ឈួម ពិសិដ្ឋ បានពន្យល់ថា៖ «The Morea ឬ មោរា ដែលជាឈ្មោះត្បូងពណ៌ទឹកសមុទ្រដែលមានឆ្នូត ជាវត្ថុស័ក្ដិសិទ្ធិរបស់នាងមណីមេខលា (តួអង្គក្នុងទម្រង់របាំមណីមេខលានិងរាមសូរ) យកទៅផ្ចាញ់យក្ខរាមសូរ ក្នុងរឿងដើមកំណើតរន្ទះ»។
លោកបានអះអាងថា ក្រុមរបស់លោកបង្កើត មោរា ក៏ចង់បន្សល់ទុកនូវស្នាដៃទៅថ្ងៃខាងមុខ។ ក្រុមការងារទាំងអស់នេះបានច្នៃប្រឌិតសម្ភារផ្សេងៗដែលសុទ្ធសឹងតែចេញពីការស្រឡាញ់ និងដើម្បីបន្សល់ទុកនូវស្នាដៃផ្ទាល់។

ស្ទិកឃ័រឃ្យូតៗស្ដីពីភាពទន់ភ្លន់នៃអប្សរាខ្មែរ។ រូបថត សហការី
ម្ចាស់ហាង មោរា បានបន្តឲ្យដឹងថា៖ «យើងមានគូររូប ក៏ដូចជាច្នៃប្រឌិត រូបតុក្កតា ទេពធីតា ហនុមាន នាងសីតា អប្សរា និងរូបគំនូរផ្សេងៗទៀត ដាក់លើកាបូបស្ពាយខាងក្រោយ កាបូបស្ពាយចំហៀង កន្លាស់អាវ ស្ទិកឃ័រសម្រាប់បិទលើទូរស័ព្ទ និងកុំព្យូទ័រ បន្តោងសោ ក៏ដូចជា ស្រោមទូរស័ព្ទផ្នែកខាងក្រោយ។ ក្រៅពីនោះ យើងក៏មានផ្ទាំងគំនូរតូចធំផ្សេងៗទៀត ដែលរៀបចំចេញពីការព្រីន ដាក់ក្នុងស៊ុមគ្រប់បែបគ្រប់សណ្ឋាន»។
ក្រៅពីសេវាកម្មដាក់រូបតុក្តតា ទេពធីតា និងតួអង្គផ្សេងៗនៅលើសម្ភារប្រើប្រាស់ «The Morea ឬមោរា» អាចបំពេញតម្រូវការរបស់អតិថិជនដោយការដាក់រូបឯកជន ជាពិសេសសម្រាប់អតិថិជន ដែលមានបំណងចង់ដាក់រូបរបស់ខ្លួន ឬរូបមនុស្សជាទីស្រឡាញ់នៅលើស្រោមទូរស័ព្ទ។
លោក ពិសិដ្ឋ បានប្រាប់ថា ចំពោះការច្នៃរូបរបស់ខ្លួនដាក់លើទូរស័ព្ទ លោកនឹងបំប្លែងរូបរបស់អតិថិជនទៅជារូបភាពពណ៌ទឹក ដែលមើលទៅស្អាត ស័ក្ដិសម និងទាក់ទាញជាង។ តែការព្រីនរូបដាក់នៅលើស្រោមទូរស័ព្ទ មើលទៅឃើញថាមិនសូវស្រស់ស្អាត។
អតិថិជនក៏អាចបន្ថែមអក្សរនៅលើផលិតផលផ្សេងៗបាន ដោយគ្រាន់តែបន្ថែមប្រាក់ ១២ ០០០ រៀល ឬ ៣ ដុល្លារ សម្រាប់ស្រោមទូរស័ព្ទ និងកាបូបស្ពាយ និង ១ ដុល្លារ ឬ ៤០០០ រៀល សម្រាប់ការបន្ថែមអក្សរលើកន្លាស់អាវឬស្ទិកឃ័រ។ ចំពោះតម្លៃផលិតផលផ្សេងៗមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទផលិតផលនីមួយៗ។
សម្រាប់ព័ត៌មានលម្អិតចូលទៅវេបសាយ https://store.themorea.com/ ឬហ្វេសប៊ុក The Morea មោរា៕

មោរា បន្ថែមរូបភាពចម្រុះទៅលើសម្ភារផ្សេងៗដ៏ទាក់ទាញ។ រូបថត សហការី