ក្រុង​រ៉េចាវីក៖ បើ​យើង​តាម​ទំនៀម​ទម្លាប់​នៃ​គម្ពីរ​ ​«សាហ្គាស៍-Sagas» ​នា​​រដូវកាល​ប្រារព្ធ​ពិធី​បុណ្យ​​ណូអែល ជនជាតិ​អ៊ីសឡង់ តែង​​នាំ​គ្នា​សស្រោក​​សស្រាំ​ រួស​រាន់​ទៅ​ទិញ​សៀវភៅ​​ថ្មីៗ ដើម្បី​យក​​​មក​អាន​នៅ​ក្នុង​វេលា​នេះ​។

ខណៈ​ទំនៀម​ទម្លាប់​អាន​សៀវភៅ​​ច្រើន​​នា​រដូវកាល​បុណ្យ​ណូអែល​នេះ ​​គេ​ស្គាល់​ឈ្មោះ​ថា ​«Jolabokaflod ឬ​ Christmas Book Flood» ដែល​ជា​​ប្រពៃណី​មួយ​​បណ្តុះ​ក្តី​ស្រឡាញ់​​ការ​​អាន​សៀវភៅ​​នៃ​ជនជាតិ​អ៊ីសឡង់ មាន​តាំង​ពី​ឆ្នាំ ​១៩៤៥​ ​មក។​​​

ទំនៀម​ទម្លាប់​​នេះ ស្រដៀង​គ្នា​ទៅ​នឹង​​ទម្លាប់​មួយ​របស់​ប្រជាជន​នៅ​ប្រទេស ​អង់គ្លេស ​​ដែរ គឺ​មាន​ឈ្មោះ​ថា « Super Thursday​» គឺ​គេ​ឃើញ​ធ្វើ​នៅ​ចំ​​​ថ្ងៃ​ព្រហសត្បិ៍​ នៃ​សប្តាហ៍​ទី ​១ នៃ​​ខែ​តុលា នោះ​មិន​ត្រឹម​តែ​ឃើញ​​​មាន​​សៀវភៅ​អាន​ ដែល​មាន​គម្រប​ក្រាស់ៗ ដាក់​​​​តាំង​​លើ​ធ្នើរ​រាប់​រយ​ក្បាល​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​ជា​​ហេតុការណ៍​​ធំ​​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ពី​ពេលវេលា​​នៃ​ឱកាស​បោះពុម្ភ​ផ្សាយ​សៀវភៅ​ប្រមាណ ​២ ភាគ ​៣ ​នៅ​ក្នុង​ប្រទេស ​អ៊ីសឡង់ ​ទៀត​ផង​ដែរ​​។​

គេ​ឃើញ​មាន​សៀវភៅ ដែល​រំលេច​ចេញ​នូវ​ចំណង​ជើង​ថ្មីៗ​រាប់​រយ​ក្បាល​ បាន​​ដាក់​លក់​តាម​ស្តង់​សៀវភៅ និង​បណ្តា​បណ្ណាគារ​ធំៗ​នានា​ ជាមួយ​នឹង​ការ​​បញ្ចុះ​តម្លៃ​នានា ដោយ​នេះ​ក៏​ជា​ការ​​សរ​បញ្ជាក់​ឲ្យ​​​ឃើញ​​ពី​ចរន្ត​នៃ​ប្រភព​​ដង្ហើម​សេដ្ឋកិច្ច​សម្រាប់​ការ​រស់រាន​ជីវិត​​នៃ​វិស័យ​ឧស្សាហកម្ម​បោះ​ពុម្ភ​សៀវភៅ​ផង​​ដែរ​។​

តាម​ទម្លាប់​ ថ្ងៃ​​បុណ្យ​ណូអែល​​នេះ ប្រជាជន​អ៊ីសឡង់​ តែង​បាន​ប្រារព្ធ​ពិធី​ប្តូរ​សៀវភៅ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បាន​​ចំណាយ​ពេល​នៅ​ក្នុង​វេលា​ល្ងាច​ ដើម្បី​​អាន​សៀវភៅ​នៅ​មុខ​ឡអាំង​ភ្លើង​ទៀត​ផង​​។ ដូចជា​​ករណី​អត្ថបទ​នៃ​សៀវភៅ​​ប្រលោម​លោក​បែប​ឧក្រិដ្ឋកម្ម​ ដែល​និពន្ធ​ដោយ​អ្នក​និពន្ធ​មាន​ឈ្មោះ​ថា​ អាណាល់ឌ័រ អ៊ីនឌ្រីដាសុន ( Arnaldur Indridason​)​ កាល​ពី ​២ ​​ទសវត្សរ៍​កន្លង​មក​ហើយ​នោះ​ មាន​ប្រជាជន​អ៊ីសឡង់​ជាវ​សៀវភៅ​​រហូត​ដល់​ចំនួន​ ៣៦ ម៉ឺន​ក្បាល ដែល​ជា​សៀវភៅ​លក់​ដាច់​ជាង​គេ​ នា​ពេល​​នោះ​ផង​ដែរ​​។​

ភ្លើងគោម​តុប​តែង​នា​រដូវ​កាល​បុណ្យ​ណូអែល​។ រូបថត AFP

ស្រ្តី​ម្នាក់​ឈ្មោះ ស៊ីហ្រ្គុន រ៉ូសដូតទៀរ ​(Sigrun Hrolfsdottir) ដែល​ជា​វិចិត្រករ និង​អ្នក​ម្តាយ​កូន ​២​ ដែល​រស់នៅ​​ក្នុង​តំបន់​សង្កាត់​ Seltjarnarnes នៃ​​​ក្រុង​ Reykjavik ​បាន​ប្រាប់​ AFP ថា​៖ «វិស័យ​អក្សរសាស្រ្ត/អក្សរសិល្ប៍​ ពិត​ជា​​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​​ជនជាតិ​អ៊ីសឡង់​យើង​។ ខ្ញុំ​យល់​ថា ជា​ទម្រង់​សិល្បៈ​​មួយ​ដែល​សាធារណ​ជន​ទាំង​អស់​អាច​យល់​ដឹង​ពី​វា​បាន»។​

ចំណែក​ឯ​កូន​ស្រី ដូណា (Duna) និង​កូន​ប្រុស​​ ហ្គុដមុនឌ័រ (Gudmundur)​ របស់​ស្រ្តី​ឈ្មោះ ស៊ីហ្រ្គុន រ៉ូសដូតទៀរ ក៏​បាន​រួស​រាន់​ទៅ​ទិញ​សៀវភៅ​ជា​ទី​ពេញ​ចិត្ត​របស់​​ខ្លួន​មាន​​ឈ្មោះ​​ថា «Bokatidindi» ដែល​មាន​ ៨០ ទំព័រ ប្រភេទ​សៀវភៅ​បែប​​ប្រលោម​​លោក​​​​ កំណាព្យ​ និង​​សៀវភៅ​សម្រាប់​ចែក​​​​ឥត​គិត​ថ្លៃ​ដល់​ក្មេងៗ បាន​ចែក​មក​ដល់​​​ផ្ទះ​ទៀត​ផង​។​

សម្រាប់​ឱកាស​បុណ្យ​ណូអែល​ឆ្នាំ ​២០១៩ ​នេះ បើ​យោង​តាម​សមាគម​រោងពុម្ព​ប្រទេស​ អ៊ីសឡង់ បាន​ឲ្យ​ដឹង​ថា មាន​សៀវភៅ​និពន្ធ​ថ្មី​ចំនួន ៨៤២ រឿង ហើយ​បើ​តាម​ស្ថិតិ​នោះ រដូវ​កាល​​បុណ្យ​ណូអែល​នេះ​ដែរ ក្នុង​ចំណោម​ប្រជាជន ១០ នាក់ មាន​ចំនួន ៧ នាក់​​ បាន​ទិញ​សៀវភៅ​ជា​កាដូ​សម្រាប់​ជូន​គ្នា​ថ្ងៃ​បុណ្យ​។

គួរ​បញ្ជាក់​ថា ទំនៀម​ទម្លាប់​នៃ​ការ​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​ប្រទេស ​អ៊ីសឡង់​ បាន​កកើត​មក​មាន​អាយុកាល​​ប្រមាណ ៩០០ ឆ្នាំ​មក​ហើយ ខណៈ​​វិស័យ​អក្សរសាស្រ្ត/អក្សរសិល្ប៍​នៅ​​ប្រទេស ​អ៊ីសឡង់​ ត្រូវ​បាន​ប្រជាជន​​​ប្រទេស​នេះ​ ចាត់​ទុក​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​​តម្លៃ​​មួយ​ និង​នៅ​តែ​បន្ត​បណ្តុះ​​ដល់​​ក្មេង​តូចៗ​​​នៅ​តាម​សាលា​​រហូត​ដល់​សព្វ​ថ្ងៃ។​

ហើយ​​តាម​ក្បួន​គម្ពីរ​​ ​«សាហ្គាស៍-Sagas» ​បាន​កត់ត្រា​នូវ​​ព្រឹត្តិការណ៍​នានា​របស់​​ជនជាតិ​អ៊ីសឡង់​ តាំង​ពី​​​សតវត្សរ៍​ទី ​១០-១១ មក។ ​តែ​ដោយ​​ឡែក​នៅ​ក្នុង​សតវត្សរ៍​ទី ១៣ ក្រុម​អ្នក​​ចងក្រង​គម្ពីរ ​​«សាហ្គាស៍-Sagas​» បាន​ងាក​មក​ផ្តោត​សំខាន់​ទៅ​លើ​រឿង​ប្រវត្តិសាស្រ្ត​វិញ៕​ AFP