ភ្នំពេញ: ទន្ទឹម​នឹង​ខ្សែភាពយន្ត​ភាគ​ថៃ​ដ៏​ល្បីល្បាញ​រឿង បុព្វេស​ន្និវាស បាន​ចូល​មក​បំពេញ​ចំណី​ចក្ខុ​ទស្សនិកជន​ខ្មែរ​មួយ​ចំនួន​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍ សម្លៀក​បំពាក់​ចម្លង​ចេញ​ពី​ឈុត​បុរាណ​សម័យ​អយុធ្យា ដែល​គ្រង​ដោយ​តួ​ស្រី​នាង ការ៉ាកេត ក្នុង​រឿង​ភាគ​នេះ ក៏ត្រូវ​បាន​នាំ​យក​មក​លក់​អនឡាញ​តាម​បណ្ដាញ​សង្គម អម​ដោយសារ​ផ្សព្វផ្សាយ​ឲ្យ​អតិថិជន​ជាវ​យក​ទៅ​ស្លៀក​ត្រៀម​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ។

នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្មីៗ​នេះ មាន​អ្នកលក់​តាម​អន​ឡាញ​ជាច្រើន បាន​បង្ហោះ​រូប​ថត ឈុត​ពណ៌​ស្រស់​ឆើតៗ ដែល​ចម្លង​ចេញ​ពី​សម្លៀក​បំពាក់​ក្នុង​រឿង​ភាគ​ថៃ បុព្វេស​ន្និវាស ដោយ​ភ្ជាប់​ជាមួយ​សារ​ពពាយ​នាយ​លក់​ទំនិញ​យ៉ាង​ដូច្នេះ​ថា៖ «តោះ ត្រៀមៗ​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី។ ឆាប់​កុម្ម៉ង់ ស្តុក​មាន​កំណត់»។

នៅ​ពីក្រោម​ការផ្សព្វផ្សាយ​លក់​សម្លៀកបំពាក់​ចម្លង​តាម​រឿង​ភាគ​ថៃ ចំ​រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ មាន​អ្នក​គាំទ្រ​រឿង បុព្វេស​ន្និវាស ជា​ច្រើន​នាក់ បាន​បញ្ចេញ​មតិ​សួរនាំ ដោយ​ចំណាប់​អារម្មណ៍​ចង់​ជាវ​យក​មក​ស្លៀក​លេង​ផង​ដែរ។

ខណៈ​មានការ​ជំរុញ​ឲ្យ​អតិថិជន​ខ្មែរ​ទិញ​ឈុត​បុរាណ​ចម្លង​ពី​រឿង​ភាគ បុពេស​ន្និវាស មក​ស្លៀក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ខាងមុខ​នោះ ផលិតករ​ដឹកនាំ​ការ​សម្ដែង​មួយ​រូប​នៅ​ផលិតកម្ម​ថោន លោក អ៊ុក រតនា បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ថា ការ​ស្លៀកពាក់​គួរតែ​ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ទីកន្លែង និង​ឱកាស​កាល​វេលា​ផង​ដែរ។

ផលិតករ​ល្បី​ខាង​ច្នៃប្រឌិត​សម្លៀកបំពាក់​ពីសា​រុង និង​កន្ទេល ឲ្យ​តារា​ចម្រៀង មាស សុខសោភា រូប​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ឈុត​ខោអាវ​នេះ​ជា​ឈុត​សម័យ​បុរាណ​របស់​ថៃ ដែល​គេ​ពាក់​តាម​តំបន់​តាម​ភូមិ​គេ​អ៊ីចឹង»។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «ចំពោះ​ការលក់​ខោអាវ​បែបនេះ គឺជា​សិទ្ធិ​របស់​បុគ្គល គឺ​យើង​មិន​អាច​ហាម​ឃាត់​គេ​បាន​ទេ ហើយ​ណាមួយ​យើង​ចូល​អាស៊ាន​ទៀត ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា នៅ​ពេល​យើង​ទៅ​កន្លែង​ណា​អ៊ីចឹង សូម​មេត្តា​ជួយ​ធ្វើ​ឲ្យ​បាន​សមរម្យ​ផង»។

លោក អ៊ុក រតនា បាន​ប្រៀបធៀប​ទៀតថា៖ «ឧទាហរណ៍​ថា ការ​ស្លៀក​សំពត់​ខ្លី​ខើច​ចូល​ទៅ​ក្នុង​បរម​រាជវាំង ឬ​មួយ​ក៏​ក្នុង​វត្ត តើ​វា​សមរម្យ ឬ​អត់? អ៊ីចឹង​យើង​នាំគ្នា​ជួយ​គិត​មើល​កន្លែង​ហ្នឹង​បន្តិច​ទៅ ដូច​ជា​ការ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ថៃ​ក្នុង​កម្មវិធី​ចូលឆ្នាំ​ខ្មែរ តើ​មើល​ទៅ​វា​សមរម្យ ចូល​ភ្នែក​គេ​ឬ​អត់? ចូល​ចំណោម​គេ​ចុះ​អត់?»។

ទន្ទឹមនឹងនោះ ផលិតករ​ដឹកនាំ​ការសម្ដែង​រូបនេះ ក៏​សំណូមពរ​ផងដែរ​ថា៖ «សម្រាប់​ខ្ញុំ ចង់​ឲ្យ​អ្នក​លក់​អនឡាញ​ខ្មែរ​យើង គួរ​តែ​រក​ខោអាវ​ខ្មែរ​មក​លក់​សម្រាប់​ពាក់​ចូល​ឆ្នាំ​ខ្មែរ​ទៅ​វា​ប្រសើរ​ជាង ខ្វះ​អី​នៅ​ផ្សារ​អូរឫស្សី​មាន​លក់​ច្រើន​ណាស់ ខោអាវ​ខ្មែរ ដូចជា​ខោចែវ ក្រមា ជា​ដើម»៕