The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដូវបុណ្យ Eid អ៊ិស្លាម វេលា​គោ​ត្រូវ​ចុះ​ពី​ក្រោល​លើ​ដំបូល​ចូល​តុ​អាហារ

រដូវបុណ្យ Eid អ៊ិស្លាម វេលា​គោ​ត្រូវ​ចុះ​ពី​ក្រោល​លើ​ដំបូល​ចូល​តុ​អាហារ

Content image - Phnom Penh Post
កង្វះ​កន្លែង​ដាក់​សត្វ​សម្រាប់​កាប់សាច់ តម្រូវ​ឲ្យ​វា​នៅ​លើ​ដំបូល​មួយរយៈ​។ រូបថត AFP

រដូវបុណ្យ Eid អ៊ិស្លាម វេលា​គោ​ត្រូវ​ចុះ​ពី​ក្រោល​លើ​ដំបូល​ចូល​តុ​អាហារ

ក្រុងការ៉ាជី : ពិធីបុណ្យ​សាសនា​ប្រចាំឆ្នាំ​របស់​លោក Syed Ejaz Hassan ក្នុង​ទីក្រុង​ធំ​ការ៉ាជី របស់​ប៉ាគីស្ថាន បាន​ចាប់ផ្ដើម​ដែល​លោក​នឹង​ដឹកជញ្ជូន​គោ​ពី​អគារ​ជាន់​ដំបូល​មកកាន់​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពិធីបុណ្យ​ Eid al-Adha ដែល​រៀបចំ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​។

មូស្លីម​ធ្វើ​សត្ដឃាត​លើ​សត្វ​ពពែ ចៀម គោ ឬ​អូដ្ឋ​នៅក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​តាមបែប​សាសនា ហើយ​សត្វ​ទាំងនេះ​ត្រូវ​បាន​ចែកចាយ​ក្នុង​ចំណែក​ស្មើៗ​គ្នា​ដល់​អ្នកក្រ សាច់ញាតិ និង​ទទួលទាន​ក្នុង​ក្រុមគ្រួសារ​ខ្លួនឯង​។ គ្រាន់តែ​នៅ​ទីក្រុង​ការ៉ាជី គោ ពពែ និង​អូដ្ឋ​ជិត​កន្លះ​លាន​ក្បាល​នឹង​ត្រូវ​បាន​លក់​ចេញ ឬ​បូជា​អំឡុង​ពេល​ពិធីបុណ្យ​។

ប៉ុន្ដែ​ក្នុង​ទីក្រុង​ដ៏មមាញឹក​មាន​ប្រជាជន​ប្រមាណ ២០ ​លាន​នាក់​ដែល​អាសោច​ចំពោះ​បញ្ហា​ចរាចរណ៍​ស្មុគស្មាញ លំនៅឋាន​ណែនណាន់​តាន់តាប់ និង​ខ្វះ​បរិស្ថាន​បៃតង ដំបូល​ផ្ទះ​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​ប្រើ​ជា​រោង​សត្វ​បណ្ដោះអាសន្ន​នៅមុន​ថ្ងៃ​បុណ្យ Eid ចូល​មក​ដល់​។

Content image - Phnom Penh Post
សត្វ​រាប់ម៉ឺន​ក្បាល​ត្រូវ​បាន​ត្រៀម​សម្រាប់​ថ្ងៃបុណ្យ Eid ចុង​សប្ដាហ៍​នេះ​។ រូបថត AFP

ខណៈ​សត្វ​រាប់ពាន់​ក្បាល​នឹង​ត្រូវ​បាន​សម្លាប់​នា​ចុង​សប្ដាហ៍​នេះ ដើម្បី​ប្រារឰ​ពិធីបុណ្យ Eid អ្នកលក់​សត្វពាហនៈ និង​អតិថិជន​នឹង​ចង់​បន្ថែម​ភាព​ទាក់ទាញ​ចំពោះ​ជំនួញ​ទាំងនោះ​ដោយ​ការ​គ្រង​សម្លៀកបំពាក់​ជាមួយ​គ្រឿងអលង្ការ​អង្ក្រង​ជើង ឬ​កម្រងផ្កា ខណៈ​សត្វ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ជ្រលក់​ថ្នាំ​ផង​ដែរ​។

ប៉ុន្ដែ​ស្ថិត​ក្នុង​ផ្សារ​លក់​សត្វ​ដ៏រញ៉េរញ៉ៃ​នៃ​ទីក្រុង​ការ៉ាជី ការលក់ដូរ​ហាក់​ដូចជា​ធ្វើ​សង្គ្រាម​តថ្លៃ​បែកពពុះមាត់​។ អតិផរណា​ទ្វេដង រូបិយប័ណ្ណរូពី​កំពុង​ដាំ​ក្បាល​ចុះ និង​ការដំឡើង​ពន្ធ​នាឆ្នាំ​នេះ​បាន​បង្កើន​តម្លៃ​គ្រប់​មុខទំនិញ​រួមទាំង​សត្វ​បូជា​ថ្ងៃបុណ្យ​នេះដែរ​។

អតិថិជន​ម្នាក់​ឈ្មោះ មូហាមេដ អ៊ីមរ៉ាម ជា​ម្ចាស់​អាជីវកម្ម​តូច​មួយ​បាន​ត្អូញត្អែរ​ថា​៖ «​កាលពី​ឆ្នាំមុន​ខ្ញុំ​បាន​ទិញ​សត្វ​ ១ ​ក្បាល​តម្លៃ ១០ ម៉ឺន​រូពី (៦២៥ ​ដុល្លារ​) តែ​ខ្ញុំ​នឹង​ត្រូវ​ចំណាយ ១២០០ ​រូពី​បន្ថែម​ទៀត (៧៥ ​ដុល្លារ​) ដោយ​បាន​ត្រឹម​សត្វ​តូច​ជាង​មុន​»​។

យោងតាម​អ្នក​ជំនួញ ហ្សាគី អាប្រូ បាន​ឲ្យ​ដឹងថា ទោះបី​ជា​មាន​តម្លៃ​កាន់តែ​ខ្ពស់​យ៉ាង​ណា​ក៏ដោយ ក៏​គោ​ប្រមាណ ៨ ​ម៉ឺន​ក្បាល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ផ្សារ​តែមួយ​៕ HR

អត្ថបទគួរចាប់អារម្មណ៍