ក្រុង​កូប៉ិនហាក៖ ជាប់​ចំណង​នៅ​ក្បែរ​ផ្ទះ​ឈើ​ចម្រុះ​ពណ៌​ ក្នុង​ភូមិឋាន​ គូលូស៊ុក នៃ​តំបន់​ហ្រ្គីនលែន និង​នៅ​ជួរ​ភ្នំ​ក្បែរ​ខាង ឆ្កែ​អូស​រទេះ​គាវ​ដ៏​ល្បី​លើ​ដែន​កោះ​ រង់ចាំ​ឲ្យ​​រដូវ​ក្ដៅ​កន្លង​ផុត​ ដើម្បី​ស្វាគមន៍​រដូវ​ប្រមាញ់​លើ​វាល​ទឹកកក​ជា​ថ្មី​។

អ្នក​ស្រុក​ហ្រ្គីនលែន ស្ងើច​​​ចំពោះ​​សមត្ថភាព​​ឆ្កែ ដែល​​អាច​ទាញ​រទេះ​គាវ​ទៅ​​ប្រមាញ់​​ឆ្មា​ទឹក បាឡែន និង​ខ្លា​ឃ្មុំ​ទឹក​កក​​នៅ​រដូវ​រងា​ ដែល​អាច​ចុះ​ត្រជាក់​​ដល់ ​-៣៥ អង្សាសេ​។

ប៉ុន្ដែ​ពេល​ទឹកកក ​ដែល​គ្រប​ដណ្ដប់​តំបន់​ហ្រ្គីនលែន​ ៨៥ ភាគរយ​ និង​រដូវ​រងា​មិន​ទៀង​ទាត់​​ព្រោះ​ការ​ប្រែប្រួល​​​អាកាសធាតុ​ បាន​បង្ក​ជា​ក្ដី​បារម្ភ​ចំពោះ​​ប្រពៃណី​ដ៏​ពេញ​និយម​​មួយ​នេះ​។

មូសេស បាចារ ម្ចាស់​រទេះ​គាវ​ម្នាក់ អាយុ ៥៩ ឆ្នាំ​ បាន​ពោល​ថា​៖ «​ទឹក​កក​កំពុង​តែ​ប្រែ​ប្រួល​ហើយ​»។

សីតុណ្ហភាព​ឡើង​ខ្ពស់ ធ្វើឲ្យសត្វ​ឆ្កែ​អូសរទេះទឹកកក គ្មាន​ការងារ​ធ្វើ​​។ រូបថត AFP

នៅ​រដូវ​រងា​ ពេល​សមុទ្រ​ទឹកកក​ចាប់​ផ្ដើម​កក ក្រុម​របស់​លោក បាចារ ដែល​មាន​​សុនខ ១២ ក្បាល បាន​ទាញ​​រទេះ​គាវ​ឈើ​ទៅ​កាន់​ជ្រុង​ម្ខាង​ទៀត​នៃ​សមុទ្រ​ទឹកកក​ មុន​នឹង​បន្ត​ជិះ​កាយ៉ាក់​ចេញ​ប្រមាញ់​ឆ្មា​ទឹក។

ប៉ុន្ដែ​លោក​និយាយ​ថា ក្នុង​រយៈពេល ៣៥ ឆ្នាំ​នេះ ដែល​លោក​បន្ដ​អាជីព​ជាមួយ​ហ្វូង​ឆ្កែ​លើ​វាល​ទឹកកក​ វា​កាន់​តែ​ពិបាក​ទស្សន៍ទាយ​។ ទឹក​កក​ ដែល​ធ្លាប់​តែ​មាន​កម្រាស់​ក្រាស់​ល្មម​ឲ្យ​រទេះ​គាវ​បរ​ ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​មិថុនា ឬកក្កដា​ ពេល​នេះ​វា​កក​យឺត​ និង​ឆាប់​រលាយ​​ព្រោះ​ការ​កើន​កម្ដៅ​​។

មិន​ខុស​ពី​អ្នក​ភូមិ ២៥០ នាក់​ផ្សេង​ទៀត​ក្នុង​ភូមិ លោក បាចារ ចូល​ចិត្ត​ប្រឡែង​នឹង​ហ្វូង​ឆ្កែ​ ដែល​កំពុង​ត្រដុស​​លាង​កន្ទុយ​ក្រោម​កម្ដៅ​ថ្ងៃ​​។ ចំពោះ​រូប​លោក ឆ្កែ​ទាំង​នេះ​ជា​ប្រភព​សេចក្ដីសុខ​សប្បាយ​មិន​អាច​កាត់​ថ្លៃ​បាន​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​បើ​យើង​ឈប់​ប្រើ​ឆ្កែ​ទាំង​នេះ​យើង​នឹង​បាត់បង់​វប្បធម៌​ដ៏​សំខាន់​មួយ​»។

ទោះជា​អ្នក​ខ្លះ​បាន​ស៊ាំ​ខ្លួន​​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ការ​រក​ចំណូល​ម្ដង ១៥០ ដុល្លារ​ ពី​ការ​នាំ​ភ្ញៀវ​ជិះ​ទេះ​គាវ​លើ​ព្រឹល​​ទឹកកក​ តែ​ចំនួន​​​ឆ្កែ​បាន​ធ្លាក់​ចុះ ដោយ​អ្នក​ខ្លះ​ឈប់​ចិញ្ចឹម​វា​តែ​ម្ដង​៕ AFP/HR