ក្រុងវ៉ាស៊ីនតោន៖ ខណៈ​មន្ដ្រី​អាមេរិក​កំពុង​ខិតខំ​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ រដ្ឋ​មួយ​នេះ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ផ្ដល់ប្រាក់​រង្វាន់​ជាមួយ​នឹង​អ្វីដែល​ប្រកាសថា ជា​ការផ្ដល់ប្រាក់​សំណាង​រាប់លាន​ដុល្លារ​សម្រាប់​អ្នកទទួល​វ៉ាក់សាំង។

អភិបាលរដ្ឋ​អូហាយូ លោក ម៉ៃ ដេវីន បាន​សរសេរ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋ​នេះ​នឹង​ផ្ដល់ប្រាក់​ឆ្នោត​សំណាង ១ លាន​ដុល្លារ​រៀងរាល់​សប្ដាហ៍​រយៈពេល ៥ សប្ដាហ៍​សម្រាប់​ពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ដែល​មក​ទទួល​វ៉ាក់សាំង​យ៉ាងតិច ១ ដូស។

លោក​បាន​សរសេរ​ថា៖ «ខ្ញុំ​ដឹងថា អ្នកខ្លះ​អាច​និយាយថា ដេវីន លោក​ឆ្កួត​មែន! គំនិត​ផ្ដល់ប្រាក់​សំណាង​រាប់លាន​ដុល្លារ​របស់​លោក​ពិតជា​ខ្ជះខ្ជាយ​មែន»។

អភិបាលរដ្ឋ​មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បាន​បន្ដថា៖ «ប៉ុន្ដែ​ច្បាស់​ណាស់ ការខ្ជះខ្ជាយ​លុយ​ពិតប្រាកដ​នៅ​ដំណាក់កាល​វិបត្ដិ​កូវីដ​នេះ ពេល​ការចាក់​វ៉ាក់សាំង​មាន​សម្រាប់​គ្រប់គ្នា​ដែល​ស្ម័គ្រចិត្ដ គឺជា​ការបាត់បង់​ជីវិត​ដោយសារ​កូវីដ​នេះឯង»។

បុគ្គលិក​សុខាភិបាល​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ស្ថានីយ​រថភ្លើង Grand Central Terminal ក្រុង​ញូវយ៉ក។ AFP

អ្នកឈ្នះ​ដំបូង​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ២៦ ខែឧសភា។ ក្រោយមក អ្នកឈ្នះ​ថ្មី​ម្នាក់ទៀត​នឹងត្រូវ​ចាប់ឆ្នោត​នៅ​រៀងរាល់ថ្ងៃ​ពុធ​សម្រាប់​រយៈពេល ៥ សប្ដាហ៍ ក្នុង​ទឹកប្រាក់​ដូចៗ​គ្នា»។

រដ្ឋ​អូហាយូ ក៏​នឹង​ផ្ដោត​ប្រាក់​សំណាង​សម្រាប់​ពលរដ្ឋ​ក្រោម​អាយុ ១៧ ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង ដែល​មិនមែន​ជា​ប្រាក់ ១ លាន​ដុល្លារ​នោះទេ តែ​ពួកគេ​អាច​ទទួល​បាន​អាហារូបករណ៍ ៤ ឆ្នាំ​ពេញ​ក្នុង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ណាមួយ​នៅ​រដ្ឋ​អូហាយូ​នេះ ជា​រង្វាន់​ដ៏មាន​តម្លៃ​ក្នុងប្រទេស ដែល​ការអប់រំ​ខ្ពស់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្ដល់​ការអនុម័ត​លើ​ការប្រើប្រាស់​វ៉ាក់សាំង Pfizer/BioNTech ចំពោះ​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី ១២ ទៅ ១៥ ឆ្នាំ។ ប្រាក់​ផ្សងសំណាង​នឹង​បាន​មកពី​មូលនិធិ​សហព័ន្ធ​មាន​ស្រាប់​ ដើម្បី​ដោះស្រាយ​វិបត្ដិ​កូវីដ។

សហរដ្ឋអាមេរិក​មើលឃើញ​ពី​ការកើនឡើង​ចំនួន​ពលរដ្ឋ​មក​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​ពលរដ្ឋ​ពេញវ័យ​ប្រមាណ ៥៨,៧ ភាគរយ​បានទទួល​វ៉ាក់សាំង​យ៉ាងតិច ១ ដូស។

យ៉ាងណាមិញ​ចំនួន​អ្នក​មក​ទទួល​ការចាក់​វ៉ាក់សាំង​មាន​ការថយចុះ ដោយ​មនុស្ស​ជាច្រើន​ដែល​មិនទាន់​ចាក់ នៅ​មាន​ចិត្ដ​ស្ទាក់ស្ទើរ។

ការផ្ដល់​កាដូ​លើក​ទឹកចិត្ដ​ជាច្រើន​ប្រភេទ​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង រួមទាំង​ការផ្ដល់​ស្រាបៀរ នំដូណាត់ ឬ​សំបុត្រ​ចូលរួម​ព្រឹត្ដិការណ៍​ផ្សេងៗ​ជាដើម។

ខែ​នេះ​រដ្ឋ​ម៉ារីលែន​បានប្រកាស​ថា​បុគ្គលិក​រដ្ឋ​នឹង​ទទួលបាន​ប្រាក់ ១០០ ដុល្លារ​បើ​ពួកគេ​ចាក់​វ៉ាក់សាំង។ នៅ​វីជីនៀ​ខាងលិច​ប្រាក់​ចំនួន​ដូចគ្នានេះ​នឹងត្រូវ​បាន​ផ្ដល់​តាមរយៈ​គណនេយ្យ​សន្សំ​បន្ថែម​ដល់​ពលរដ្ឋ​អាយុ​ចន្លោះ ១៦ ទៅ ៣៥ ឆ្នាំ​ជា​ក្រុម​វ័យ​មិន​ចង់​ចាក់​វ៉ាក់សាំង៕ HR

ពលរដ្ឋ​ទទួល​វ៉ាក់សាំង និង​ថតរូប​អនុស្សាវរីយ៍​នៅ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី ១២ ខែ​ឧសភា​ឆ្នាំ ២០២១។ AFP