ភ្នំ​ពេញ៖​ ​ តារា​ចម្រៀង​ស្រី​ និង​ជា​តារា​សម្តែង​សម្ញែង​ភាព​សិចស៊ី​​រាង​តូច​ច្រឡឹង​ កញ្ញា​ រតនៈ​ ពិសី​ ធ្វើ​ឲ្យ​អ្នក​លេង​បណ្តាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​តារា​ស្រី​​រូប​នេះ​ ចែក​រំលែក​ព័ត៌មាន​រៀបរាប់​​ខ្លឹម​សារ​ពី​ការ​រួច​ជីវិត​​លើ​ដែន​សមុទ្រ ក្រោម​ឥទ្ធិពល​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​កោះ​រ៉ុង​សន្លឹម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​​​នេះ​។

យោង​តាម​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន ​កាល​ពី​ថ្ងៃ​ទី​​ ៥​ ខែ​មករា ស្ថិត​នៅ​កោះ​រ៉ុង​សន្លឹម​មាន​ហេតុ​ការណ៍​រលក​ធំ​ៗ​ ព្រម​ទាំង​មាន​ខ្យល់​ព្យុះ​បោក​បក់​ ធ្វើ​ឲ្យ​ទូក​ភ្ញៀវ​ទេសចរ​ទៅ​លេង​កោះ​បាន​បាក់​បែក​កណ្តាល​សមុទ្រ​​​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​រង​របួស​ ប៉ុន្តែ​ក៏​មិន​ធ្វើ​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ​។ ជា​អកុសល​​ក្នុង​បាតុភូត​នោះ​ក៏​មាន​វត្តមាន​តារា​ចម្រៀង​ស្រី​កញ្ញា​ រតនៈ​ ពិសី​ ជា​ជន​រងគ្រោះ​ម្នាក់​ផង​ដែរ​​។

តារា​ស្រី​រាង​តូច​ ចូល​ចិត្ត​បង្ហាញ​ដើម​ទ្រូង​ រតនៈ​ ពិសី​ បាន​ផ្តល់​បទ​សម្ភាស​មក​កាន់​ ភ្នំពេញ​ប៉ុស្តិ៍​ តាម​រយៈ​ទូរស័ព្ទ​ពី​ដំណើរ​រឿង ​ដែល​ធ្វើ​ឲ្យ​នាង​ជួប​គ្រោះ​ធម្មជាតិ​ថា​៖ ​«​ដំបូង​បង​មិន​ចង់​ឡើង​ទូក​ទេ​ ព្រោះ​ឃើញ​ថា​ អាកាស​ធាតុ​ដូច​ជា​មិន​សូវ​ល្អ​ ប៉ុន្តែ​ម្ចាស់​ទូក​បាន​និយាយ​ថា​ មិន​អី​ទេ​ មាន​អាវ​ការពារ​​ ហើយ​មិត្ត​ភក្តិ​បង​​ចេះ​តែ​បង្ខំ​ បង​ក៏​ព្រម​ទៅ​ គោល​បំណង​គ្រាន់​តែ​ចង់​ទៅ​មើល​ផ្កា​ថ្ម​ និង​ត្រី​ តែ​មិន​បាន​ទៅ​ដល់​កោះ​រ៉ុង​ទេ​ គឺ​នៅ​ជិត​ៗ​ហ្នឹង​ (កោះ​រ៉ុង​)»​។

ស្រី​ស្រស់​សាច់​ស​ខ្ចី​ក៏​បាន​បន្ត​ទៀត​ថា៖​​ «​នៅ​ពេល​ដែល​ត្រឡប់​ឡើង​ច្រាំង​វិញ​ ក៏​មាន​ភ្លៀង​ធ្លាក់​​ធ្វើ​ឲ្យ​ពួក​យើង​ទៅ​ មុខ​អត់​រួច​ក៏​ឈប់​កណ្តាល​សមុទ្រ​សិន​ ប៉ុន្តែ​ឃើញ​ថា​ទូក​ ដែល​គេ​ទៅ​មុន​ទូក​បង​ត្រូវ​រលក​វាយ​បំបែក​ អ៊ីចឹង​ហើយ​គេ​តម្រូវ​ឲ្យ​អ្នក​នៅ​ក្នុង​ទូក​បង​ចុះ​ហែល​ទឹក​ឡើង​ច្រាំង​ ប៉ុន្តែ​បង​អត់​ចេះ​ហែល​ទឹក​ ហើយ​ណា​មួយ​អាវ​ការពារ​វា​ធំ​ជាង​ខ្លួន​បង​ ចំណែក​ឯ ​មិត្ត​ភក្តិ​បង​បាន​ទាញ​បង​ឲ្យ​លោត​ចូល​​ទឹក​ ត្រូវ​ដៃ​ជា​មួយ​ទូក​ទៀត​»។

តារា​ចម្រៀង​សាច់​ស​ខ្ចី មិន​ញញើត​នឹង​សម្ញែង​ដើម​ទ្រូង​សិចស៊ី កញ្ញា រតនៈ ពិសី ក្រៅ​ពី​ទម្លាយ​ថា មុន​ដំណើរ​កើត​ហេតុ អ្នក​ម្ដាយ​របស់​នាង​បាន​យល់​សប្ដិ​អាក្រក់​នោះ នាង​ក៏​បាន​រៀបរាប់​ទៀត​ថា៖ «បង​គិត​ថា​ ខ្លួន​ឯង​ប្រាកដ​​ជា​មក​ចោល​សាកសព​នៅ​កណ្តាល​សមុទ្រ​ជា​មិន​ខាន​ វា​ពិត​ជា​វេទនា​ខ្លាំង​ណាស់ មាន​ភ្លៀង​ ខ្យល់​ រលក​ក៏​ធំ​ ហើយ​ណា​មួយ​នៅ​ខ្លាច​សត្វ​ធំ​ៗ​នៅ​ក្នុង​សមុទ្រ​ទៀត​ បង​បាន​បន់​គ្រប់​វត្តុ​ស័ក្តិ​សិទ្ធិ​សុំ​ឲ្យ​រួច​ជីវិត​​»​។

តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ អ្នក​ដែល​គេ​ចេះ​ហែល​ទឹក​គេ​ក៏​ហែល​ទៅ​ច្រាំង​ ចំណែក​ខ្លួន​វិញ​បាន​តោង​ម្ចាស់​ទូក​រហូត​ដល់​សល់​ជម្រៅ​ទឹក​ប្រហែល​ ២ ​ម៉ែត្រ​ ម្ចាស់​ទូក​បាន​លែង​ឲ្យ​​ហែល​ខ្លួន​ឯង​។

ដោយ​សារ​តែ​កញ្ញា ​មិន​ចេះ​ហែល​ទឹក​ធ្វើ​ឲ្យ​រលក​បោកទាញ​​ឲ្យ​ទៅ​ជ្រៅ​វិញ​តែ​​សំណាង​​ល្អ​ដែល​មាន​ជនជាតិ​បរទេស​ ២​ នាក់​ បាន​ឃើញ​នាង​ក្នុង​សភាព​​ស្រវេស្រវា​ដូច្នោះ ពួកគេ​ក៏​​ខំ​ហែល​ទៅ​ជួយ​តារា​ស្រី​រូប​នេះ​ឲ្យ​ឡើង​ដល់​ច្រាំង​ ស្រប​ពេល​ដែល​នាង​បាន​​សន្លប់​បាត់​​​ស្មារតី​​ទៅ​ហើយ​។

តារា​ចម្រៀង​ រ​ត​នៈ​ ពិ​សី​ បាន​ផ្តាំ​ផ្ញើ​​ដល់​បង​ប្អូន​​​​មាន​បំណង​ចង់​ទៅ​លេង​នៅ​កោះ​ថា៖​ «​សូម​ឲ្យ​ពិនិត្យ​​មើល​អាកាសធាតុ​ឲ្យ​បាន ​​ច្បាស់​លាស់​សិន​មុន​នឹង​ឆ្លង​ទៅ​លេង​ ហើយ​កុំ​ចេះ​តែ​ជឿ​ម្ចាស់​ទូក​ថា​មិន​អី​ គេ​គ្រាន់​តែ​ចង់​បាន​លុយ​យើង​ទេ​ ប៉ុន្តែ​ដល់​ពេល​មាន​រឿង ​គ្មាន​អ្នក​ណា​មក​ទទួល​ខុស​ត្រូវ​លើ​ជីវិត​យើង​នោះ​ទេ​»៕​