ភ្នំពេញ៖ ក្រោយ​ពី​ហ៊ាន​ទម្លាយ​រឿង​​បើក​ហាង​​​​ម៉ាស្សា និង​ស្ប៉ា ជា​មុខ​របរ​​ថ្មី​ក្រៅ​ពី​អាជីព​​សិល្បៈ​​មាន​ម្ចាស់​​ចិត្ត​ជួយ​ទំនុក​បម្រុង​ភាគ​ច្រើន​ ស្រប​ពេល​ដែល​ខ្លួន​ក៏​​​​ទើប​តែ​​​ចូល​​ទៅ​​ជ្រក​នៅ​ទ្រនំ​ផលិតកម្ម​​​ថោន​ថ្មោង​​ថ្មី​នោះ​​ ​តារា​​ចម្រៀង​ស្រី​​​​សិចស៊ី កញ្ញា រតនៈ ពិសី ​​ក៏​ស្រាប់​តែ​​​បង្ហើប​រឿង​​​​នាង​កំពុង​​​មាន​គម្រោង​នាំ​​គូស្នេហ៍​​មាន​​ឋានៈ​ជា​មន្រ្តី​ការ​ទូត​ ទៅ​​ចុះ​អេតាស៊ីវិល ដោយ​​​មិន​​ប្រាថ្នា​គិត​ទៅ​​ដល់​​រឿង​រៀប​ការ​នោះ​ឡើយ​​។

កញ្ញា រតនៈ ពិសី តារា​ចម្រៀង​​ស្រី​មាន​ភាព​​ទាក់ទាញ​មហាជន​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ត្រង់​ចូល​ចិត្ត​បង្ហាញ​ភាព​សិចស៊ី និង​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​ បច្ចុប្បន្ន​ជ្រក​នៅ​ផលិតកម្ម​ថោន​រូប​នេះ បាន​បង្ហើប​ឲ្យ​​មហា​ជន​ដឹង ​ដោយ​បើក​ចំហ​រឿង​​សម្ព័ន្ធ​​ស្នេហ៍​ខ្លួន​​ ដែល​បាន​​អះអាង​ថា ​បច្ចុប្បន្ន​ នាង​​ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​មន្ត្រី​ការ​ទូត​ម្នាក់​ពិតមែន តែ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ពិត​នៅ​ឡើយ​នោះ​ទេ​​។

ពាក់ព័ន្ធ​នឹង​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន​ដែរ​នេះ ម្ចាស់​បទ​ «​អស់​កំណើត» រតនៈ ពិសី ​បាន​ឲ្យ​ដឹង​ថា៖ «នាង​ខ្ញុំ​ពិត​ជា​​​មាន​ទំនាក់ទំនង​ ជាមួយ​មន្ត្រី​ការទូត ​ជា​ជនជាតិ​ខ្មែរ​ ដែល​ធ្វើ​ការ​ក្រៅ​​ប្រទេស​​​​អស់​​​រយៈ​ពេល ៣ ឆ្នាំ​​មក​ហើយ ប៉ុន្តែ​យើង​​​ទើប​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ​ពេល​ ​១ ឆ្នាំ​ចុង​ក្រោយ​នេះ។ សម្ព័ន្ធ​ស្នេហ៍​​ពួក​យើង​​ នឹង​​អាច​ឈាន​ដល់​ទៅ​ជា​ប្តី​ប្រពន្ធ​នា​ពេល​ឆាប់​នេះ ​ប៉ុន្តែ​តាម​ចិត្ត​ខ្ញុំ​គឺ​​មិន​ចង់​រៀប​ការ​នោះ​ឡើយ​ គឺ​ចង់​​ត្រឹម​ចុះ​អេតាស៊ីវិល​រួច ​គឺ​​ជា​​ការ​ស្រេច»។​​

កញ្ញា រតនៈ ពិសី ​តារា​ចម្រៀង និង​តារា​សម្តែង​ស្រី​មួយ​រូប​ ដែល​មាន​ប្រជាប្រិយភាព​ និង​មាន​ទីផ្សារ​ខ្លាំង​​ក្នុង​​វិស័យ​សិល្បៈ ក៏​បាន​ព្រលយ​​បន្ថែម​​ឲ្យ​បាន​​ដឹង​ទៀត​ថា គូស្នេហ៍​របស់​នាង​ក៏​បាន​សំណូមពរ​ឲ្យ​នាង​ផ្អាក​​​ពី​សិល្បៈ​ ព្រោះ​តែ​បារម្ភ​ពី​សុខភាព​របស់​​នាង​ ដោយសារ​នាង​មាន​ជំងឺ​សន្លាក់ ណា​មួយ​​​​ក៏​ឃើញ​​នាង​​ហត់​​ផង​ ព្រោះ​រវល់​នឹង​មុខ​​ជំនួញ​ផ្ទាល់​ខ្លួន​ បើក​ហាង​ម៉ាស្សា និង​ស្ប៉ា​នោះ​ឡើយ​។ ​ប៉ុន្តែ​កញ្ញា​ រតនៈ ពិសី បាន​បង្ហើប​ថា ដោយសារ​តែ​សិល្បៈ​ជា​អ្វី​ដែល​នាង​ស្រឡាញ់​ ទើប​មិន​អាច​ផ្អាក​បាន។

ការ​បើក​ហាង​ថ្មី​​ឈ្មោះ «​រតនៈ​ពិសី ម៉ាស្សា និង​ស្ប៉ា» នោះ​​តារា​​ចម្រៀង​ស្រី​រូប​នេះ​ ក៏​​បញ្ជាក់​ថា ​ត្រូវ​​បាន​​ចំណាយ​​​ទុន ៤ ម៉ឺន ​​ដុល្លារ ​ក្នុង​ការ​​​ជួល​ទីតាំង​ និង​ការ​​​​រៀបចំ​ការ​តុបតែង​ឲ្យ​​មាន​​ភាព​ទាក់ទាញ​​​​មាន​​​ទីតាំង​​​​​​ស្ថិត​​​នៅ​​​សង្កាត់​​ទួលស្វាយ​​​ព្រៃ ​១ ខណ្ឌ​ចំការមន​ នៅ​​​​ផ្លូវ​លេខ ​៣២៨។​ តារា​​​ស្រី​ល្បី​​ដោយ​​ភាព​សិចស៊ី​ ហ៊ាន​សម្ញែង​​​ដើម​ទ្រូង​កញ្ញា​ រតនៈ ពិសី​ បាន​ប្រាប់​ភ្នំពេញ​​​ប៉ុស្តិ៍​​ថា​៖ ​​«​​របរ​បើក​ហាង​​​ម៉ាស្សា​ និង​ស្ប៉ា​នេះ ខ្ញុំ​ធ្លាប់​បើក​ម្តង​​​​រួច​មក​ហើយ​ មាន​​​ភាគ​ហ៊ុន​ជាមួយ​បងស្រី​ ប៉ុន្តែ​ក៏​ត្រូវ​សេង​ហាង​ទៅ​​វិញ​។​ ដោយសារ​​​ខ្ញុំ​មាន​គម្រោង​​រស់នៅ​ប្រទេស ​កាណាដា ប៉ុន្តែ​អត់​​​ចេះ​​នៅ​ក៏​ត្រឡប់​​មក​​ខ្មែរ​យើង​​វិញ​ ហើយ​ក៏​ចាប់​ផ្តើម​​ប្រកប​​មុខ​​​របរ​ចាស់​​វិញ​ដែរ ព្រោះ​​ចិត្ត​នៅ​​ស្រឡាញ់​​អាជីព​នេះ​​»៕​