ក្រុង​ប៉ារីស៖ រថភ្លើង​ដេក​ផ្លូវ​ដ៏​ល្បី​ល្បាញ​ ដែល​នាំ​អ្នក​ដំណើរ​ឆ្លង​កាត់​ប្រទេស​បារាំង​ទៅកាន់​ដែន​សមុទ្រ​មេឌីទែរណេ​ជិត​១​ទសវត្សរ៍ បាន​វិល​មក​កាន់​ផ្លូវ​រថ​វិញ ជា​ផ្នែក​មួយ​នៃ​គម្រោង​រដ្ឋាភិបាល​បារាំង​ក្នុង​បំណង​ស្រោចស្រង់​ប្រពៃណី​ធ្វើ​ដំណើរ​ពេញ​យប់​ឡើង​វិញ។

រថភ្លើង​ខៀវ ដែល​ហៅថាតាម​ពណ៌​ទូរថភ្លើង​ពណ៌​ខៀវ​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៨៦ ដើម្បី​ធ្វើដំណើរ​ជា​លក្ខណៈ​អន្ដរជាតិ​ទៅកាន់​តំបន់​ឆ្នេរ French Riviera ពី​ទីក្រុង​កំពង់​ផែ Calais ជា​ទី​ដែល​វា​ទទួល​ភ្ញៀវ​ធ្វើដំណើរ​តាម​នាវា​ពី​ចក្រ​ភព​អង់គ្លេស និង​ក្រុង​ប៉ារីស។

​រថភ្លើងបរ​ឆ្លង​អាធ្រាត្រ​ ដែល​គ្រោង​ផ្ដល់​សេវាកម្ម​រៀង​រាល់​ថ្ងៃ​រវាង​ក្រុង​ប៉ារីស និង​ទីក្រុង​នីស មាន​ល្បឿន​យឺត​​ទ្វេ​ដង​ពី​រថភ្លើង​ល្បឿន​លឿន​TGV ដើម្បី​សម្រេច​គោល​ដៅ​លើ​ចម្ងាយ​ផ្លូវ​ជិត ១០៨៨​គីឡូម៉ែត្រ។

រថភ្លើងបរឆ្លងអាធ្រាត្រ ដែលគ្រោងផ្ដល់សេវាកម្មរៀងរាល់ថ្ងៃរវាងក្រុងប៉ារីស និងទីក្រុងនីស មានល្បឿនយឺតទ្វេដងពីរថភ្លើងល្បឿនលឿន។ AFP

ប៉ុន្ដែ​សំបុត្រ​រថភ្លើង​ល្បឿន​លឿន TGV រវាង​ក្រុង​ទាំង​ពីរ មានតម្លៃ​ជាង ១០០ ​​អឺរ៉ូ (១២២ ​ដុល្លារ) លើ​ដំណើរ​១ជើង​ រថភ្លើង​រាត្រី​ ដែល​ផ្ដល់​សេវាកម្ម​កន្លែង​ដំណេក​តម្លៃ​ចាប់​ពី ២៩ ​អឺរ៉ូ (៣៥​ ដុល្លារ) បំណង​ផ្ដល់​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ទាំង​អស់។

រថភ្លើងក្រុង​ប៉ារីស និង​ក្រុង​នីស ត្រូវបាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាង ៤ ​ឆ្នាំ​ដោយសារ​មូលហេតុ​ការ​ចំណាយ​ខ្ពស់។

អ្នក​ដំណើរ អេរីច ដេឡាស៊ីម៉ុង ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ បាន​និយាយថា លោក​យល់​ថា រថភ្លើង​រាត្រី​ពិត​ជា​គួរ​ឱ្យ​ទាក់ទាញ និង​ជាលក្ខណៈពិសេស​ដែល​​មិន​មាន​នៅ​ក្នុង​រថភ្លើង​ល្បឿន​លឿន​ TGV នោះ​ឡើយ។

លោក​និយាយថា​៖ «​យើង​ចូល​មក រួច​ដេក​ស្ដាប់​សំឡេង​រថភ្លើង​ និង​នឹក​ស្រមៃ​ដល់​ដំណើរ​នេះ។ វា​ហាក់​ដូចជា​ការ​រំឭក​ពី​បុរាណ​កាល និង​អារម្មណ៍​បែប​ប្លែក​»។

រថភ្លើងបរឆ្លងអាធ្រាត្រ ដែលគ្រោងផ្ដល់សេវាកម្មរៀងរាល់ថ្ងៃរវាងក្រុងប៉ារីស និងទីក្រុងនីស មានល្បឿនយឺតទ្វេដងពីរថភ្លើងល្បឿនលឿន។ AFP

លោក ​នីកូឡាស ហ្វូរែន និង​អាលីស ប៊ីលឡុន ជា​អ្នក​ដំណើរ​ ដែល​ជា​សមាជិក​សមាគម «​យល់​ព្រម​ជិះ​រថភ្លើង​ដេក​ផ្លូវ​» ឬ «Oui au train de nuit» បាន​និយាយថា ពួកគេ​មាន​អារម្មណ៍​រីករាយ​ដែល​បា​នជិះ​រថភ្លើង​នេះ តែ​សង្ឃឹម​ថា នា​ពេល​អនាគត​រថភ្លើង​ប្រភេទ​នេះ​នឹង​កាន់តែបំពាក់​បរិក្ខា​ល្អ​ប្រសើរ។

យ៉ាងណាមិញ​លោក​ ប៊ីលឡុន បាន​និយាយថា​៖ «​យើង​មាន​ការ​ខក​ចិត្ដ​ ដែល​ទូរថភ្លើង​ទាំង​នេះ​មិន​ត្រូវបាន​ជួស​ជុល​កែ​លម្អ​»។

ប៉ុន្ដែ​ប្រតិបត្ដិករ​រថភ្លើង​ខ្លះ​មាន​ការ​បារម្ភ​ចំពោះ​ការ​នាំ​យក​ប្រពៃណី​ដេក​លើ​​គ្រែ​រថភ្លើងដ៏​តូច​ចង្អៀត​មក​វិញ​​ ជាពិសេស ក្នុង​សម័យ​វីរុស​កូរ៉ូណា​នេះ។

ដើម្បី​កាត់​ផ្ដាច់​លទ្ធភាព​ចម្លង​វីរុស គ្រែ​លើ​រថភ្លើង​ចំពោះ​សេវាកម្ម​អ្នក​ដំណើរ​ពី​ទីក្រុង​ប៉ារីស​​ និង​ទីក្រុង​នីស ត្រូវបាន​កំណត់​ត្រឹមតែ​ ៤ ​នាក់ ​ក្នុង ១ ​​ទូ៕ AFP/HR

អ្នកដំណើរ​​ពាក់ម៉ាស អង្គុយលើគ្រែ​សម្រាក​ក្នុងរថភ្លើង​​ក្នុង​ដំណើរ​នាពេលរាត្រី។ AFP

ដើម្បីទប់ស្កាត់ការ​ចម្លង​វីរុសកូរ៉ូណា ក្នុង​១​ទូររថភ្លើង​ត្រូវបានកំណត់ត្រឹមតែ ៤គ្រែ​ប៉ុណ្ណោះ។ AFP

ប្រពៃណីគេង​ក្នុង​ទូរថភ្លើង​​ដែលបោះពួយ​លើ​ចម្ងាយ​ផ្លូវ​ជាង ១ពាន់គីឡូម៉ែត្រ បាន​វិលត្រឡប់មកវិញ​នៅ​បារាំង។ AFP

ដើម្បីទប់ស្កាត់ការ​ចម្លង​វីរុសកូរ៉ូណា ក្នុង​១​ទូរថភ្លើង​ត្រូវបានកំណត់ត្រឹមតែ ៤គ្រែ​ប៉ុណ្ណោះ។ AFP