ក្រុងញូវដេលី: ពេល ហ្គាចាន់ណាន ឌូក្រេ ចតរថយន្ដដឹកទឹកក្នុងភូមិដ៏ហួតហែងមួយរបស់ឥណ្ឌា អ្នកភូមិជាច្រើនដែលភាគច្រើនជាងនារីស្លៀកសារុងរត់ប្រសាចមកពីគ្រប់ផ្ទះដោយដៃកាន់កំប៉ុង ធុងជ័រ ធុងប្រេងឆា និងក្អមដេរ៉ា សំពីងសំពោង។
រយៈពេលជាង ២ ម៉ោងលោក ឌូក្រេ បានចែកចាយទឹកប្រមាណ ១២០០០ លីត្រពីរថយន្ដដែលជាក្ដីសង្ឃឹមសម្រាប់សហគមន៍តូចនេះបន្ដភាពស្រស់បំព្រង ខណៈឥណ្ឌាកំពុងរងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោក ឌូក្រេ អាយុ ៤១ ឆ្នាំដែលធ្វើការដឹកទឹក ៤ ជើងក្នុង ១ ថ្ងៃតាមភូមិ Shahapur ភាគខាងលិចរដ្ឋម៉ាហារ៉ាស្ដ្រាបាននិយាយថា៖ «យើងកំពុងធ្វើការក្រៅម៉ោង»។
លោក ឌូក្រេ ជាអ្នកបើកបររថយន្ដម្នាក់ក្នុងចំណោម ៣៧ នាក់ដែលប្រតិបត្ដិការដឹកទឹករដ្ឋទៅតាមតំបន់នានាដែលស្ថិតនៅចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីក្រុងសេដ្ឋកិច្ច មុមបៃ ប្រទេសឥណ្ឌា។
រថយន្ដដឹកទឹករត់ពេញ ៧ ថ្ងៃក្នុង ១ សប្ដាហ៍ចន្លោះខែមីនាដល់ខែមិថុនា ពេលទឹកខ្សត់បំផុតនៅប្រទេសឥណ្ឌា។ រដូវមហាសែនក្ដៅក្នុងប្រទេសយក្សអាស៊ីមួយនេះបានកើនឡើងកម្ដៅខ្លាំងក្នុងឆ្នាំនេះដោយសីតុណ្ហភាពបានហក់ដល់លើស ៥០ អង្សាសេក្នុងរដ្ឋរ៉ាចាស្ដាន។
បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ជិតមួយចំហៀងប្រទេសដែលមានប្រជាជនជាង ៥០០ លាននាក់កំពុងប្រឈមនឹងស្ថានភាពខ្វះទឹកដោយសារតែគ្រោះរាំងស្ងួត។
រៀងរាល់រាត្រីលោក និងក្រុមការងារត្រូវគេងក្នុងរថយន្ដដែលកំពុងរង់ចាំបូមទឹកនៅតាមបណ្ដោយទន្លេ។ ពួកគេក្រោកពីម៉ោង ៣ ទៀបភ្លឺ និងបូមទឹកដាក់រថយន្ដពីខ្នងទំនប់ទន្លេ។ ពួកគេបានដាក់ក្លូរីន និងដឹកជញ្ជូនទៅតាមភូមិឋាន។
ពួកគេវិលវិញរួចបន្ដសកម្មភាពដដែលៗនេះទៀត។ ជារឿយៗលោក ឌូក្រេ មិនអាចបញ្ចប់កិច្ចការនៅមុនម៉ោង ៧ កន្លះយប់ឡើយ។ លោកបាននិយាយថា៖ «វាជាកិច្ចការដ៏លំបាកតែបេះដូងខ្ញុំមានការពេញចិត្ដយ៉ាងខ្លាំង ពីព្រោះខ្ញុំកំពុងតែជួយមនុស្ស»៕ HR