ភ្នំពេញ៖ រទេះ​រុញ​ជា​ច្រើន​ត្រូវ​បាន​ដាក់​តម្រៀប​ជា​ជួរ​នៅ​ក្បែរ​មាត់​ទន្លេ ខណៈ​មាន​មនុស្ស​ឈរ​​ចន្លោះ​រទេះ​នីមួយៗ​។ នេះ​ជា​ពិធី​​​ប្រគល់​រទេះ​សំរាម​ដល់​អ្នក​រើស​អេតចាយ​ ដែល​ប្រើ​រទេះ​ទាំង​នេះ​ទុក​ដាក់​សំរាម​កែច្នៃ​របស់​ពួក​គេ​ ក្រោម​គម្រោង​ Green Scavenger។

លោក ធីម ខូឡាស ជា​បុគ្គល​​សំខាន់​ម្នាក់​ក្នុង​គម្រោង​បាន​និយាយ​ថា​៖ «​រទេះ​ចំនួន ១៦ ត្រូវ​បាន​ប្រគល់​ឲ្យ​អ្នក​រើស​អេតចាយ​ ដែល​ប្រកប​របរ​រើស​អេតចាយ​ចិញ្ចឹម​ជីវិត​។ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២៦ ខែ ​កុម្ភៈ ឆ្នាំ ​២០២០ នៅ​មាត់​ទន្លេ​ក្បែរ​ផ្សារ​រាត្រី​រាជធានី​ភ្នំពេញ​​»​។

គម្រោង​រៃ​អង្គាស​ប្រាក់​មូលនិធិ Green Scavenger ចាប់​ផ្ដើម​អំឡុង​​ឆ្នាំ ​២០១៧ ពេល​មក​លេង​ក្រុង​ភ្នំពេញ​លោក អាឡិច ប័រ បាន​មើល​ឃើញ​អ្នក​ដើរ​រើត​អេតចាយ​ប្រើ​តែ​ថង់​ស្ពាយ​។ តាមរយៈ​ការ​ស្រាវជ្រាវ​លោក​បាន​ដឹង​ថា សមត្ថភាព​នៃ​ការ​ដើរ​រើស​អេតចាយ​យ៉ាង​ហោច​ណាស់ ត្រូវ​កើន​ចំនួន​ទ្វេ​ដង​ពេល​មាន​រទេះ​ប្រើ​។

Green Scavenger ជា​រទេះ​​រុញ​ពណ៌​បៃតង​រចនា​ឡើង​យ៉ាង​​ពិសេស​ដែល​អាច​ផ្ទុក​សម្ភារ​ផ្សេងៗ​ ៧៥ ម៉ែត្រ​គុប​ ត្រូវ​បាន​ផលិត​ឡើង​។

លោក ធីម ខូឡាស បាន​និយាយ​ថា​៖ «​អាឡេចប័រ បាន​ឌីហ្សាញ​រទេះ​ទាំង​នេះ​ក្នុង​ឆ្នាំ ​២០១៨ ដោយ​ផ្ដោត​លើ​សមត្ថភាព​មុខ​ងារ​ដឹក​​អេតចាយ​។ ការ​ផលិត​រទេះ​អូស​អេតចាយ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ជាង​ផ្សារ​ដែក​ ដែល​អនុវត្ត​តាម​ការ​ឌីហ្សាញ​របស់​លោក​»។

លោក អាឡេច ប័រ ជា​ស្ថាបនិក​គម្រោង Green Scavenger ដែល​ជា​និវត្ដជន​មក​ពី​ហូឡង់​ បាន​ធ្វើ​ការ​លើ​គម្រោង​អភិវឌ្ឍ​នានា​រយៈពេល​ជាង ៥ ទសវត្សរ៍ ​ក្នុង​ ៣០ ប្រទេស​។

អ្នក​ផ្ដួច​ផ្ដើម​គម្រោង Green Scavenger ក្នុង​ថ្ងៃ​ប្រគល់រទេះ​។ហេង ជីវ័ន

ក្នុង​ដំណាក់​កាល​ដំបូង ដោយ​​មាន​ជំនួយ​ពី​ធនធាន​ក្នុង​ស្រុក​ លោក អាឡេច អាច​ផលិត​រទេះ​​អេតចាយ​ស្វែង​រក​អ្នក​ស័ក្ដិសម​ទទួល​គម្រោង​នេះ និង​ប្រគល់​រទេះ​ចំនួន ១៣ ដំបូង​​ កាល​ពី​ខែ​ឧសភា ឆ្នាំ ​២០១៩​ ទៅ​អ្នក​ប្រកប​របរ​រើស​អេតចាយ ដែល​ភាគ​ច្រើន​​ជា​ស្ដ្រី​ក្រីក្រ។

មូលនិធិ​បាន​មក​ពី​វេបសាយ​រៃ​អង្គាស​អនឡាញ Go Fund Me​ មាន​ចំនួន​ប្រមាណ​តែ ៦០០ ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះលោក ធីម ខូឡាស ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក អាឡេច នៅ​ខេត្ដ​អាសេ​ ប្រទេស ​ឥណ្ឌូនេស៊ី ក្រោយ​​ពី​គ្រោះ​ធម្មជាតិ​រលក​យក្ស​ស៊ូណាមិ​ឆ្នាំ ​២០០៥ បាន​​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន ៣ ២០០ ដុល្លារ​ ដើម្បី​ផលិត​រទេះ​ចំនួន ១៦ ថែម​ទៀត​។

អ្នក​រើស​អេតចាយ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ជួយ​កាត់​បន្ថយ​បញ្ហា​បំពុល​បរិស្ថាន ដែល​ព្យាយាម​ដើរ​ស្វែងរក​សំរាម​កែច្នៃ​​តាម​ផ្ទះ និង​សហគមន៍​ ​ដើម្បី​​រក ឬ​ទិញ​ដប​ប្លាស្ទិក និង​ដែក​ជា​ថ្នូរ​នឹង​ប្រាក់​ចិញ្ចឹម​ជីវិត​នូវ​​ការ​លក់​ដូរ​សម្ភារ​អេតចាយ​ទាំង​នោះ​។

លោក ធីម ខូឡាស បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្ដិ៍ ​ថា​៖ «​គម្រោង​ Green Scavenger មាន​បំណង​ជួយ​ដល់​ការ​កែច្នៃ​សំរាម​ប្លាស្ទិក​ ដែក​ ជាពិសេស កំប៉ុង​ភេសជ្ជៈ និង​កេស​​ក្រដាស​​ពី​ការ​បំពុល​បរិស្ថាន​។ ដោយ​មាន​រទេះ​រុញ អ្នក​រើស​អេតចាយ​​ម្នាក់​អាច​ប្រមូល​សំរាម​កែច្នៃ​ ១០ គីឡូក្រាម ​ក្នុង ​១ ​ថ្ងៃ​»។

លោក​បញ្ជាក់​ថា៖ «ប្រចាំ​ឆ្នាំ ពួក​គេ​អាច​ប្រមូល​សំរាម​កែច្នៃ​ ៣ ៥០០ គីឡូក្រាម​ ដែល​មាន​ចំនួន​ច្រើន​សន្ធឹក​ ដោយសារ​​តែ​​​សំរាម​ទាំង​នេះ​ស្រាលៗ​។ គ្រាន់​តែ ១ គីឡូក្រាម វា​មាន​ដប​ទឹក​ ឬ​កំប៉ុង​ភេសជ្ជៈ​ចំនួន ១០០ ឯ​ណោះ»។

គម្រោង​នេះ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ចំពោះ​អ្នក​រើស​អេតចាយ​ដោយ​បង្កើន​ប្រាក់​ចំណូល​ពី ១ ម៉ឺន​រៀល​ ដល់​ចន្លោះ​ពី ២ ម៉ឺន​ទៅ ៣ ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ​ ក៏​ដូចជា​​​ចរន្ដ​សេដ្ឋកិច្ច​​ក្នុង​ស្រុក​តាមរយៈ​ការ​ផ្ដល់​កម្រៃ​ពលកម្ម​ដល់​អ្នក​បក​ប្រែ អ្នក​លក់​ដូរ និង​ជា​ពិសេស​ជាង​ផ្សារ​ដែក​ផង​ដែរ​។

សប្ដាហ៍​មុន រទេះចំនួន ១៦ ត្រូវបាន​ប្រគល់​ជូន​អ្នករើសអេតចាយ​​។ ហេង ជីវ័ន

លោក​បាន​លើក​ឡើង​ថា អំឡុង​ពេល​ដំណើរការ​គម្រោង​ដំបូង Green Scavenger ក៏​បាន​ជួល​កញ្ញា សាម៉ន ដែល​បាន​ធំធាត់​ និង​ធ្វើ​ការ​ជា​ក្មេង​រើស​អេតចាយ​លើ​តំបន់​ស្ទឹង​មាន​ជ័យ​ដែល​បាន​បិទ​ក្នុង​ឆ្នាំ​ ២០០៩​។

លោក​និយាយ​ថា​៖ «​ម្ដាយ​ សាម៉ន បាន​ស្លាប់​ពេល​គាត់​​អាយុ​ ១១ ឆ្នាំ ហើយ​សំណាង​ល្អ សាម៉ន ត្រូវ​បាន​ជ្រើសរើស​ដោយ​​អង្គការ A New Day in Cambodia (ANDC) ជា​កន្លែង​ដែល​គាត់​មាន​ទ្រនំ​សុវត្ថិភាព​ និង​ទទួល​បាន​ការ​អប់រំ​ល្អ​។ ពេល​នេះ គាត់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ និង​ធ្វើ​ការងារ​ចូលរួម​ចំណែក​ក្នុង​គម្រោង Green Scavenger»។

លោក​ ធីម ខូឡាស បាន​លើក​​ឡើង​ថា មិន​ត្រឹមតែ​អ្នក​រើស​អេតចាយ ២៩ នាក់​ប៉ុណ្ណោះ ​ដែល​ទទួល​ប្រយោជន៍​ពី​គម្រោង​ ​Green Scavenger ប៉ុន្ដែ​ក៏​អ្នក​បក​ប្រែ​អ្នក​លក់​ដូរ និង​ជាង​​ផ្សារ​ដែក​ថែម​ទៀត​ ដែល​ទទួល​ប្រយោជន៍​ដោយ​ផ្ទាល់​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ទីក្រុង​ភ្នំពេញ​ទាំង​មូល​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​គម្រោង​កាត់​បន្ថយ​សំរាម​នេះ​។ ជាក់​ស្ដែង​ផែនដី​យើង​ក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​កាត់​បន្ថយ​សំរាម​ការ​ប្រើប្រាស់​ឡើង​វិញ​នូវ​សំរាម​ប្លាស្ទិក និង​ដែក​»។

គម្រោង​ដែល​ទទួល​ជំនួយ​តាមរយៈ Go Fund Me ​នឹង​វិវត្ដ​ទៅ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ ដើម្បី​បន្ដ​រៃ​អង្គការ​មូលនិធិ​ទ្រទ្រង់​ដល់​គម្រោង​លើក​ស្ទួយ​បរិស្ថាន​។

លោក ធីម ខូឡាស បាន​ឲ្យ​ដឹង​ថា​៖ «​ថ្មី​ៗ​នេះ យើង​កំពុង​តែ​ព្យាយាម​វិវត្ដ​ខ្លួន​ទៅ​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ឈ្មោះ CLEAR (សហ​ប្រតិបត្ដិការ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ អប់រំ និង​សិទ្ធិ​​)។ វា​អាច​ទទួល​ជំនួយ​ពី​អង្គការ​នានា​ ដែល​គាំទ្រ​ដល់​គម្រោង​ស្ទួយ​បរិស្ថាន​»។

លោក​និយាយ​ថា ការ​ពង្រីក​វិសាល​ភាព​នឹង​បន្ថែម​ការ​ផលិត និង​ចែកចាយ​រទេះ​អេតចាយ Green Scavenger ខណៈ​មាន​តម្រូវ​ការ​ខ្ពស់​។ មាន​ការ​ប៉ាន់​ប្រមាណ​ថា គ្រាន់តែ​នៅ​ភ្នំពេញ​មាន​អ្នក​រើស​អេត​ចាយ​ជាង ២ ពាន់​នាក់​។

កិច្ច​ការ​ចែក​រទេះ​អេតចាយ ​Green Scavenger អាច​នឹង​ពង្រីក​ខ្លួន​ទៅ​កាន់​ទីក្រុង​នានា​ ដូចជា​ក្រុង​ព្រះ​សីហនុ កំពត និង​សៀមរាប​ជាដើម​។ លើស​ពី​នេះ​អង្គការ​ក៏​នឹង​ពង្រីក​វិសាលភាព​នៃ​សកម្មភាព​អប់រំ​ និង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ ដើម្បី​ផ្លាស់ប្ដូរ​អកប្បករិយា​ជា​វិជ្ជមាន​។

សម្រាប់​ព័ត៌មាន​លម្អិត​សុំ​ទាក់ទង​លោក ​ធីម ខូឡាស តាមរយៈ​អ៊ីមែល tcoulas@gmail.​c​om ឬ​ https://www.gofundme.com/f/green-scavenger សម្រាប់​ការ​ផ្ដល់​មូលនិធិ​គាំទ្រ​គម្រោង Green Scavenger៕