ក្រុងម៉ានីល: ភ្នំភ្លើង​បាន​ផ្ទុះឡើង​ក្រហមឆ្អៅ​និង​ផ្សែង​ខ្មួល​ខ្មៅ​ហុយ​ចេញ​ពី​ភ្នំ​នៅ​ហ្វីលីពីន កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ក្លាយជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ក្នុង​រូបថត​អាពាហ៍​ពិពាហ៍​របស់​លោក Dela Cruz និង​អ្នកស្រី Maica Nicerio-Dela Cruz ដែល​គ្រង​ឈុត​កូន​កំលោះ​ក្រមុំ​ស្បថ​ស្បែ​ថែ​គ្នា​ជា​រៀង​រហូត។

អ្វីដែល​រឹតតែ​រ៉ូ​មេន​ទិ​ក​ពី​លើ​រូបភាព​អាពាហ៍​ពិពាហ៍​នេះ គឺ​ភ្នំភ្លើង Mayon ស្ថិត​នៅ​ខេត្ត​អាល់ប៊េរ ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​នឹង​រឿងព្រេង​និទាន​ស្នេហា​ប្ដូរផ្ដាច់​តាំង​ពី​បរម​បុរាណ​មក​ម្ល៉េះ ហើយ​វា​រឹតតែ​បន្ថែម​អត្ថន័យ​ដល់​មង្គលការ​អ្នក​ទាំង ២។

ក្រោយពី​បាន​ឃើញ​រូបថត​រៀបការ​ស្នាដៃ​ជាង​ថត Bro. Jun Santiago នេះ មនុស្ស​ជាច្រើន​បាន​ទាញ​សេចក្ដី​តំណាល​ពី​អ្នក​ស្រុក​ថា ទិដ្ឋភាព​ក្នុង​រូប​អាពាហ៍​ពិពាហ៍​ខាងលើ ពិតជា​ដូច​ទៅ​នឹង​រឿង​ព្រេង​និទាន​របស់​ហ្វីលីពីន​ទាក់​ទង​នឹង​ភ្នំ Mayon។

ភ្នំ​នេះ​យកឈ្មោះ​ថា នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ដែល​រត់តាម​បុរស​អ្នក​ចម្បាំង​ជា​ម្ចាស់​បេះដូង​នាង ព្រោះ​តែ​នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​អ្នក​ផ្សេង។ នៅ​ពេល​ដែល​សេនា​ម្ចាស់​ស្នេហ៍​ត្រូវបាន​គេ​បាញ់​សម្លាប់​ដោយ​ព្រួញ នាង​ក៏​ទាញ​កាំបិត​ចាក់​ខ្លួនឯង​ឲ្យ ស្លាប់​ដែរ គូស្នេហ៍​ដ៏​អភ័ព្វ​នេះ​ត្រូវ​បាន​កប់​នៅ​ភ្នំ Mayon៕