ក្រុង​សៀមរាប៖​ ដោយសារ​តែ​មាន​ក្តី​ស្រឡាញ់​​​ចូល​ចិត្ត​​ និង​ចង់​រក្សា​នូវ​មរតក​វប្បធម៌​ពី​បរម​បុរាណ​ខ្មែរ​មក​នោះ​ ក្រោយ​ពី​ទទួល​ចំណេះ​​ដែល​រៀន​ចេះ​​​​កាល​ពេល​នៅ​​​​បួស​​ជា​សង្ឃ​​តាំង​​ពី​​​មាន​​វ័យ ១៥ ​ឆ្នាំ​មក ​ចន្លោះ​​​​ពី​​ឆ្នាំ ​២០០០-២០០៧​ នៅ​ឯ​​​វត្ត​​​ព្រះ​ឥន្រ្ទទេព​ ​ស្ថិត​​នៅ​ក្នុង​​​សង្កាត់​ គោកចក​ ក្រុង​សៀមរាប​​ ទើប​នាំ​ឲ្យ​​​លោក ឡោត ឡឹង ​វ័យ​ ៣៦ ឆ្នាំ​ បាន​សម្រេច​ចិត្ត​ចាប់​យក​របរ​ចារ​ស្លឹក​រឹត​ តាំង​ពី​ឆ្នាំ ​២០០១​ មក​​រហូត​ដល់​ពេល​បច្ចុប្បន្ន​ បើ​ទោះ​បីជា​មិន​​អាច​ជួយ​​ទ្រទ្រង់​​ជីវភាព​ចិញ្ចឹម​គ្រួសារ​បាន​ល្អ​យ៉ាង​ណា​ក្តី​។​

លោក ឡោត ឡឹង អតីត​ធ្លាប់​​បួស​ចំនួន ​២ ​លើក ​នៅ​ចន្លោះ​ឆ្នាំ ​២០០០ ដល់​ឆ្នាំ ​២០០៧ និង​​បាន​ប្រកប​របរ​ចារ​​ស្លឹក​​រឹត​​តាំង​ពី​ឆ្នាំ ​២០០១ មក​ដល់​សព្វ​ថ្ងៃ ដើម្បី​ចិញ្ចឹម​​​ប្រពន្ធ​កូន​ ខណៈ​ប្រពន្ធ​ក៏​ប្រកប​របរ​លក់​​អំបោស​​ មាន​​កូន​​ស្រី ​៣ នាក់ បាន​ប្រកាន់​ជាប់​នូវ​​​​​មុខ​របរ​អ្នក​ចារ​ស្លឹក​រឹត​​​ តរៀង​មក​ក៏​ព្រោះ​​​តែ​មាន​ក្តី​ស្រឡាញ់​ចូល​ចិត្ត និង​ចង់​ថែរក្សា​​កេរ​មតក​​​វប្បធម៌​​​អក្សរសាស្រ្ត​ខ្មែរ​នេះ កុំ​​ឲ្យ​បាត់​បង់​ នៅ​ក្នុង​តំបន់​របស់​ខ្លួន គឺ​ភូមិ​សំរោង ​ឃុំ​លាងដៃ​ ស្រុក​អង្គរ​ធំ​ ខេត្ត​សៀមរាប ដោយ​សព្វ​ថ្ងៃ​នៅ​​សេស​សល់​​ប្រមាណ​ ៣-៤ ​នាក់​តែ​ប៉ុណ្ណោះ ដែល​​ចេះ​ចារ​ស្លឹក​រឹត​នេះ​។​​

ទោះ​បី​​ពុំ​សម្បូរ​អ្នក​គាំទ្រ​ស្នាដៃ​ចារ​ស្លឹក​រឹត​មែន​ក្តី តែ​​​អ្នក​​ជាវ​​មាន​​លក្ខណៈ​​បែប​ចម្រុះ​វ័យ​ និង​សណ្ឋាន​​ ​គឺ​មាន​​ព្រះ​សង្ឃ លោក​តា​លោក​យាយ និង​អតីត​ជា​អ្នក​​បួស​រៀន​មាន​​វ័យ​ចន្លោះ ​២៥-៣០ ឆ្នាំ មក​ជាវ​​ទៅ​តាម​តម្រូវ​​ការ ដើម្បី​​​​​​ប្រគេន​ព្រះសង្ឃ ​តាម​ទី​អារាម​​នានា ឬ​រក្សា​​ទុក​ជា​សំ​ណៅ​ឯកសារ​ផ្ទាល់​ខ្លួន​ ខណៈ​មាន​​ ៣ ខ្នាត​​សម្រាប់​​ជាវ​​។

លោក ឡោត ឡឹង នា​ពេលលោក​​​ផ្ចង់​អារម្មណ៍​លើ​​ការ​ចារ​អក្សរ​​ទៅ​តាម​សាច់រឿង​នានា​នៅ​លើ​សន្លឹក​ស្លឹករឹត។ រូបថត ហ្វេសប៊ុក​

លោក ឡោត ឡឹង ឲ្យ​ដឹង​ថា៖ «១ ​ថ្ងៃ​ខ្ញុំ​អាច​ចារ​បាន​​ ៥ ទៅ៦​ សន្លឹក ដែល​ជា​ការ​​ចារ​អក្សរ​​មាន​ ៥ជួរ​។ ​ខ្នាត​​​នៃ​សន្លឹក​នោះ​ ​មាន ​៣ ​​ខ្នាត​ គឺ​ខ្នាត​ធំ​មាន​ទំហំ ​៦ ហ៊ុនx ៥,៥ តឹក ខ្នាត​មធ្យម ៥ ហ៊ុន​ x ៥,៥ តឹក និង​ខ្នាត​តូច​ ៤,៥ ហ៊ុនx ៥,៥ តឹក។ ចំពោះ​តម្លៃ​វិញ ​គឺ​គិត​តម្លៃ​ ​១ ​សន្លឹក ​១៥ ០០០ រៀល ឬ​​អាច​មាន​​​តម្លៃ​ចន្លោះ​ ១៣ ០០០ រៀល ឬ ​១៤ ០០០ រៀល​ ក្នុង ១ ​​សន្លឹក​ដែរ​ ដោយសារ​​ភាគ​​​​ច្រើន ​អ្នក​ជាវ​ពួក​​គាត់​ក៏​សុទ្ធ​តែ​​ជា​អ្នក​មាន​ជីវភាព​​លំបាក​ដែរ​​ តែ​ដោយសារ​​​​ចិត្ត​ស្រឡាញ់​​​សិល្បៈ​​​វប្បធម៌​​​មួយ​នេះ​ ទើប​​​​​មក​ជួយ​ជាវ​ខ្ញុំ​»។​

លោក​បាន​បន្ត​ថា៖ «ភាគ​ច្រើន​ ខ្ញុំ​ទទួល​កុម្ម៉ង់​ជា​ដុំ​តែ​ប៉ុណ្ណោះ ដែល​ប្រើ​ពេល​វេលា​ ២-៣ ខែ​ ទើប​អាច​ចារ​​​ចប់​នូវ​សាច់​រឿង​ទៅ​​​តាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ ហើយ​រយៈ​ពេល​នេះ​ ខ្ញុំ​ក៏​អាច​ចារ​បាន​ចំនួន​ប្រមាណ​ ៤០០ សន្លឹក​តែ​ប៉ុណ្ណោះ​»។​

ដើម​ស្លឹករឹក​ សម្បូរ​នៅ​​ស្រុក​ឆែប ខេត្តព្រះ​វិហារ​​​ ដែល​គេយក​ស្លឹកទៅចារ​។ រូប ហ្វេសប៊ុក​

យ៉ាង​ណា ​ការ​ចារ​ស្លឹក​រឹត​នេះ មិន​ត្រឹម​តែ​ពិបាក​​​ក្នុង​ការ​រក​​ប្រាក់​ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​​នោះ​​ទេ ថែម​ទាំង​​​លំបាក​​ខ្លាំង​ និង​ឆ្លង​កាត់​ដំណាក់​កាល​​ច្រើន​ទើប​អាច​បាន​ស្លឹក​រឹត​ស្ងួត​ល្អ​អាច​ចារ​អក្សរ​បាន​ដោយ​ត្រូវ​បើ​ពេល​ប្រមាណ​​ ១ ខែ​ឯណោះ​​។​​

លោក ឡោត ឡឹក ក៏​បាន​ឲ្យ​ដឹង​ពី​ដំណើរ​​​ពេល​ដំបូង​​​នៃ​ការ​ចារ​សឹ្លក​រឹត​​ដែរ​ថា​​​៖ «ក្រោយ​​ពី​​កាប់​យក​​ស្លឹក​រឹត​ស្រស់ៗ​ ដែល​​​សម្បូរ​នៅ​ឆ្ងាយ ​គឺ​​តំបន់​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​ឯណោះ​មក​នោះ​ ​គឹ​យើង​ត្រូវ​កាប់​​ច្រៀក ឬ​​​សៀត​​​​​​សិន មុន​​​​យក​ទៅ​​ហាល​ថ្ងៃ​ ប្រើ​ពេល​​ ​១ ​ ខែ​។ យើង​ក៏​ត្រូវ​ការ​​ឆ្អើរ​​បាន​​ ​១-២ ​ថ្ងៃ​​ដែរ​ ទើប​​​​ធ្វើ​​ឲ្យ​ស្លឹក​រឹត​ស្ងួត​​​ល្អ និង​​អាច​យក​មក​ចារ​​អក្សរ​បាន​»។ ​

ព្រោះ​​តែ​ទឹក​ចិត្ត​ស្រឡាញ់​ និង​ចង់​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​មួយ​នេះ​ កុំ​ឲ្យ​​បាត់បង់​​ដោយសារ​​ខ្វះ​​អ្នក​​រៀន​សូត្រ​បន្ត​​ និង​ខ្វះ​ការ​គាំទ្រ​នោះ ទើប​​លោក ឡោត ឡឹង សំណូមពរ​ឲ្យ​មាន​ការ​ជួយ​​គិតគូរ​ពី​ថ្នាក់​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ផង​ដែរ​។​

លោក ឡោត ឡឹង បង្ហើប​​ជា​សំណូមពរ​ថា៖ «ទៅ​ថ្ងៃ​មុខ ចង់​ឃើញ​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ក្រសួង ឬ​មន្ទីរ​ដែល​ពាក់ព័ន្ធ​​ សូម​ឲ្យ​មាន​ការ​ជួយ​រក​វិធី​ជួយ​រក្សា​នូវ​មរតក​វប្បធម៌​អក្សរសាស្រ្ត​មួយ​នេះ​ ​កុំ​ឲ្យ​បាត់​ ព្រោះ​​ថា​ សព្វ​ថ្ងៃ​បើ​នៅ​តំបន់​ខ្ញុំ ​គឺ​កាន់​តែ​ខ្សត់​​​អ្នក​ចេះ​។

ស្លឹករឹត ដែលលោក ឡោត ឡឹង ​ហាលស្ងួត​រក្សាទុកក្នុង​ផ្ទះ​យ៉ាង​ល្អ​​។ រូបថត ហ្វេសប៊ុក​

បច្ចុប្បន្ន​​ អ្នក​ចេះ​ចារ​ស្លឹក​រឹត​ នៅ​ក្នុង​​ស្រុក​​អង្គរ​ធំ​ មាន​​សល់​ត្រឹម​តែ ​៣-៤​ នាក់​តែ​ប៉ុណ្ណោះ ដែល​ចេះ​ចារ ដោយ​ក្នុង​​នោះ​រាប់​​​ទាំង​ខ្ញុំ​ដែរ​។​ ​សម្រាប់​នៅ​ក្នុង​ឃុំ​លាង​ដៃ​វិញ​ មាន​តែ​រូប​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​ក៏​បាន​ឆ្លៀត​បង្រៀន​ក្មេងៗ​ ដែល​​ស្រឡាញ់​ និង​ចង់​ចេះ​ចារ​ស្លឹក​រឹត​នេះ​បាន​ចំនួន ១០ នាក់ ហើយ​មក​ដែរ។ ​ក្នុង ​១០ នាក់ នោះ​មាន​ក្មេង​ប្រុស ​៩ ​នាក់ និង​ក្មេង​ស្រី​ ១ ​នាក់ ដែល​​ជា​កូន​ស្រី​ច្បង​របស់​ខ្ញុំ​​មាន​វ័យ​ ១១ ឆ្នាំ​ហើយ​»។

ការ​​​ចារ​អក្សរ​លើ​ស្លឹក​រឹត​នេះ ភាគ​ច្រើន​ជា​​កម្រង​សំណេរ​នៃ​សាច់​​រឿង​​របស់​ព្រះពុទ្ធ​ប្រវត្តិ​ ដែល​មាន​ក្នុង​គម្ពីរ​​​​ព្រះ​ត្រៃបិដក​​ មាន​ដូចជា​តំណាល​រឿង​ព្រះ​វេសន្តរ​ជាតក​ និង​ក្បួន​ច្បាប់​នានា​ ដែល​និយាយ​ពី​ព្រះពុទ្ធ​ឱវាទ។​

តែ​ទៅ​ថ្ងៃ​មុខ​លោក​ក៏​មាន​ជម្រើស​សម្រាប់​ភ្ញៀវ ដែល​ចង់​​ចារ​អក្សរ​ជា​សារ​ជូនពរ​ នា​ថ្ងៃ​​​​ឱកាស​​​ពិសេសៗ​នានា​ ក្នុង​​សម័យ​ទំនើប​នេះ​ដែរ ដូច​ជា​ខួប​កំណើត​ ជា​ដើម​បាន​ផង​​ដែរ ប្រសិន​មាន​បំណង​ចង់​បាន​ ហើយ​អាច​ទំនាក់ទំនង​បាន​​តាមរយៈ​លេខ​ទូរស័ព្ទ​ 069 909 107 និង​ហ្វេសប៊ុក​ឈ្មោះ​ថា​ អ្នក​ចារ​ស្លឹក​រឹត​ស្រុក​អង្គរ​ធំ៕​