ក្រុង​ប៉ៃលិន៖ កាល​ពី​ពេល​សាកល្បង​ដាំ​ទំពាំង​បារាំង​លើក​ដំបូង​នៅ​ឆ្នាំ ​២០១៦ គ្រួសារ​អ្នកស្រី​ លឹម សុភាព ត្រូវ​​​​​បាន​​​អ្នក​ជិត​ខាង​​នៅ​ក្នុង​ភូមិ​ ពេប​ជ្រាយ​ថា មិន​ដឹង​ដាំ​ហើយ​ យក​ទៅ​លក់​​ឲ្យ​អ្នក​ណា ឬ​ឲ្យ​​អ្នក​ណា​​ទទួល​​​ទាន​ ព្រោះ​​វា​ជា​​ប្រភេទ​ដំណាំ​​បន្លែ​បរទេស​​​ តែ​​មិន​ឈ្នះ​សេចក្តី​ព្យាយាម និង​ការ​ខំ​ជម្នះ​ដាំ​រហូត​ដល់​​បាន​​​​ផល​​ និង​មាន​ទីផ្សារ​លក់ ​ដើម្បី​ជីវភាព​គ្រួសារ​បាន​សមរម្យ​​រហូត​ដល់​បច្ចុប្បន្ន​​។ ​

បច្ចុប្បន្ន​ដំណាំ​ទំពាំង​បារាំង​នេះ មាន​​​កសិករ​ចំនួន ១១ ក្រុម​គ្រួសារ​ហើយ​បាន​កំពុង​តែ​ដាំ​​ ខណៈ​ទីផ្សារ​​លក់​វិញ​គឺ​​​​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ក្រៅ​ពី​​​នៅ​ក្រុង​ប៉ៃលិន​នោះ ហើយ​ការ​លក់​​បោះ​​ដុំ​ឲ្យ​ម៉ូយ​ជា​ប្រចាំ​នោះ​​​មាន​ចន្លោះ​ពី​ ៥០-៦០ ​គីឡូ​ក្រាម ​ក្នុង ​១ ថ្ងៃ​​​ សម្រាប់​គ្រួសារ​​អ្នក​ស្រី លឹម សុភាព។

​ទំពាំងបារាំង​អាច​លក់បាន​​ប្រាក់ពី​ ១០-២០ម៉ឺនរៀលក្នុង​១ថ្ងៃ​​​​។ រូប សហ​ការី

អ្នកស្រី លឹម សុភាព បាន​រៀប​រាប់​ពី​រយៈពេល​ដាំ និង​ការ​ប្រមូល​ផល​​ថា៖ «​ដំណាំ​នេះ​​ ​វា​នឹង​​​ឲ្យ​​ផល​​​ក្នុង​​ពេល​​ចន្លោះ​ពី​​ ៤-៦ ខែ​ តែ​ប្រសិន​បើ​មាន​ការ​ថែ​ទាំ​ល្អ​នោះ​ ​ត្រឹម​ពេល​ ៤ ​ខែ វា​នឹង​ឲ្យ​​ផល​ហើយ​។ រី​ឯ​​ការ​​​ប្រមូល​ផល​វិញ​អាច​មាន​​រយៈពេល​ ៣-៦ ខែ​ ឯណោះ។ សម្រាប់​​គ្រួសារ​ខ្ញុំ​ កាល​ពី​ដាំ​​នៅ​​លើ​ដី​មាន​ទំហំ ២ ៤០០ ម៉ែត្រ​ការ៉េ​ នោះ​វា​​អាច​ប្រមូល​ផល​ទំពាំង​បារាំង​ ​ចន្លោះ ​ពី ១០-២០ គីឡូ​ក្រាម​ ក្នុង​ ១ ​ថ្ងៃ​ ឬ​អាច​លក់​បាន​ប្រាក់​ចន្លោះ​ពី​ ១០ ម៉ឺន​រៀល ទៅ ២០ ម៉ឺន​រៀល​ ក្នុង​​​ ១ ​ថ្ងៃ​។​ ចំពោះ​ការ​ដាំ​វិញ ​ដូច​ជា​មិន​​លំបាក​ឡើយ​ ​​គ្រាន់​តែ​​ទាមទារ​ការ​ថែ​ទាំ​ឲ្យ​បាន​​ដិត​ដល់​ដោយ​មាន​ទឹក​​គ្រប់គ្រាន់​ ប្រើ​ជី​​សរីរាង្គ និង​បច្ចេកទេស​​ថែ​ទាំ​វា​ នា​ពេល​ដាំ​​​ដំបូង​តែ​ប៉ុណ្ណោះ​»។

សព្វ​ថ្ងៃ​នេះ អ្នក​ស្រី​ លឹម​ សុភាព ក្រៅ​ពី​ដាំ​ខ្លួន​ឯង​លក់​ឲ្យ​​​ម៉ូយ​តាម​ខេត្ត​នានា ​​ដូច​ជា​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ឆ្នាំង និង​​រាជធានី​ភ្នំពេញ​ប្រចាំ​ហើយ​នោះ ក៏​​មាន​ប្រមូល​ទិញ​បន្ត​ពី​គ្រួសារ​​​កសិករ​​ប៉ុន្មាន​គ្រួសារ​ផ្សេងៗ​ទៀត​​ដែរ។ ​ចំពោះ​តម្លៃ​លក់​ឲ្យ​ម៉ូយ​ជា​ប្រចាំ​ តាម​ផែន​​គឺ​ផែន​​លេខ ​១​ លក់​​​តម្លៃ ១២ ០០០ រៀល ក្នុង ១ គីឡូ ខណៈ​ផែន​លេខ ​២ លក់​តម្លៃ ១០ ០០០ រៀល ក្នុង ​១ គីឡូ។​​

អត្ថ​ប្រយោជន៍​នៃ​​ទំពាំង​បារាំង​​នេះ​វិញ ត្រូវ​​អ្នកស្រី លឹម សុភាព​ បង្ហើប​​​ថា៖ «បើ​​ខាង​បរទេស គេ​និយម​​អាំង និង​ចំហុយ​ ហូប​​ជាមួយ​​​ម្ហូប​ដែល​​​​ចូល​​ចិត្ត។​ តែ​សម្រាប់​ប្រជាជន​ខ្មែរ​​​វិញ​ ឃើញ​មាន​គេ​ប្រើ​ច្រើន​តម្រូវ​ការ​ ក្នុង​ការ​ទទួល​ទាន​​ រួម​មាន​ដូច​ជា​ការ​​​រុំ​ប្រហិត​​ចៀន ឆា​ជាមួយ​សាច់​គោ សាច់​ជ្រូក​ ឬ​​ឆា​ប្រេង​ខ្យង​​ ឬ​​ប្រើ​ជា​បន្លែ​ផ្ទាប់​​​​​​​មាន់​ដុត មាន់​អាំង​ក៏​បាន ខណៈ​​វា​ជា​បន្លែ​មាន​រសជាតិ​​ផ្អែម​​​ស្រាល»​។​

កសិករ​ចំនួន ១១ គ្រួសារ ​កំពុង​​ដាំ​ទំពាំង​បារាំង​នេះ​ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​​ជីវភាព​​គ្រួសារ​​​បាន​សមរម្យ ស្ថិត​នៅ​​​ភូមិ​ក្រចាប់ សង្កាត់​អូរ​តាវៅ​ក្រុង និង​ខេត្ត​ប៉ៃលិន​ ហើយ​​​បើ​ចាប់​​អារម្មណ៍​ចង់​ទិញ​ទំពាំង​បារាំង​​​ ​បងស្រី​ លឹម សុ​ភាព អាច​​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​​លេខ 071 462 3312៕​