ក្រុងសៀមរាបៈ ការកាប់​ឫស្សី​តូចៗ​យក​មក​ធ្វើ​ទុយោបឺត​លក់ អាច​រក​ចំណូល​បន្ថែម ដើម្បី​ចិញ្ចឹម​ជីវភាព​ក្រុមគ្រួសារ​របស់​ពលរដ្ឋ​សហគមន៍​មួយ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​តាំងពី​ឆ្នាំ​ ២០១៣ មក​។

ទោះបី​មិន​ទាន់​បាន​ប្រែក្លាយ​ទៅ​សិប្បកម្ម​ផលិត​ទុយោ​បឺត​ពី​ឫស្សី​មែន​ក្តី ក៏​របរ​បន្ទាប់បន្សំ​ដែល​អាច​ឆ្លៀត​ធ្វើ​ក្រៅពី​ការងារ​បង្កបង្កើនផល​កសិកម្ម ឬ​របរ​ស្នូល​មួយ​នេះ​ពិតជា​អាច​រកប្រាក់​ចំណូល​បាន​គួរសម​សម្រួល​នូវ​ជីវភាព​គ្រួសារ​មួយ​កម្រិត​ដោយ​ក្តី​សោមនស្ស​រីករាយ​ផងដែរ​របស់​ពលរដ្ឋ​។

ដោយសារ​តែ​មាន​ក្រុម​ផ្សេង​ចង់​បង្កើត​អាជីវកម្ម​ឯកជន​ផ្ទាល់​ដែល​អាច​ជះឥទ្ធិពល​បាត់បង់​ការងារ​ក្នុង​សហគមន៍​នោះ ទើប​លោក ពិសិទ្ធ គឺជា​តំណាង​សហគមន៍​ប្រាប់​ថា​៖ «​យើង​បាន​ដំណើរការ​នៃ​ការយក​ដើម​ឫស្សី​តូចៗ ច្នៃ​ធ្វើ​ជា​ទុយោ​តាំងពី​ឆ្នាំ​ ២០១៣ មក​គ្រាន់តែ​យើង​មិន​ទាន់​បង្កើតជា​ទ្រង់ទ្រាយ​ធំ​ជា​សហគ្រាស ឬ​ក្រុមហ៊ុន​សិប្បកម្ម​នៅឡើយ​។ មូលហេតុ​មិន​ចង់​ប្រាប់​តំបន់​ឲ្យ​ច្បាស់​នោះ​ក៏​ព្រោះ​តែ​មាន​អ្នក​ចង់​បើក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មួយ​នេះ ដូច្នេះ​ខ្ញុំ​ក៏​សុំ​លាក់​រឿង​នេះ​សិន ទើប​អាច​បន្ត​ឲ្យ​រក្សា​ស្ថិរភាព​បន្ត​ឲ្យ​មាន​ការងារ​ទៅ​ដល់​សហគមន៍​។ បច្ចុបុ្បន្ន​សហគមន៍​នេះ​សប្បាយចិត្ត​ទៅ​នឹង​ការទទួល​បាន​ប្រាក់ចំណូល​បន្ថែម​ពី​ការកាប់​ឫស្សី​តូចៗ​ដែល​ពួកគាត់​ប្រាប់ថា ជា​ប្រភេទ​ឫស្សី​ម្យ៉ាង​នេះ​ណាស់​ព្រោះ​ថា​ពួកគាត់​អាច​ប្រកប​វា​បាន​ក្រៅពី​ការធ្វើ​ស្រែចម្ការ ឬ​ក៏​ពលរដ្ឋ​ដែល​មិន​មាន​ការងារ​។ តែ​របរ​នេះ​មាន​រយៈពេល​ប្រកប​បាន​ត្រឹម​តែ ៦ ខែ​ប៉ុណ្ណោះ​ដោយសារ​ឫស្សី​នេះ​វា​ក៏​មិន​ងាយ​រក​បាន​ពេញ​ ១ ​ឆ្នាំ​ដែរ និង​ត្រូវការ​ពេលវេលា​ឲ្យ​ឫស្សី​នេះ​ដុះ​បន្ត​ពូជពង្ស​របស់​វា​សិន​ផងដែរ​»​។

ទុយោ​បឺត​ធ្វើ​ពី​ឫស្សី​ត្រូវ​បាន​គេ​ប្រើ​ជំនួស​ទុយោ​ប្លាស្ទិក​។ រូប Bamboo Straw Page

សព្វ​ថ្ងៃនេះ ទុយោ​បឺត​ធ្វើ​ពី​ឫស្សី​នេះ​មាន​ការ​ពេញនិយម​ប្រើប្រាស់​ខ្លាំង​ពី​ភ្ញៀវ​នៅ​តាម​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សំណាក់​ភ្ញៀវ​បរទេស​នៅ​តាម​សណ្ឋាគារ និង​បារ៍​នានា​ទាំង​នៅក្នុង​ក្រុង​សៀមរាប និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក ពិសិទ្ធ ជា​តំណាង​សហគមន៍​ពលរដ្ឋ​ផលិត​ទុយោ​បឺត​ពី​ឫស្សី បង្ហើប​ឲ្យ​ដឹង​ពី​ទីផ្សារ តម្លៃ និង​ការផលិត​ទុយោ​ឫស្សី​នេះ​ថា​៖ «​រាល់ថ្ងៃ​យើង​ផលិត​មិន​ទាន់​តាម​ការកុម្ម៉ង់​របស់​ភ្ញៀវ​នោះ​ឡើយ​ដោយ​ការ​កុម្ម៉ង់​ម្តងៗ​គឺ​មាន​ចន្លោះ​ពី ចំនួន ២,០០០-៣,០០០ ដើម​។ ចំណែកឯ​ការផលិត​វិញ​អ្នក​សហគមន៍​អាច​ផលិត​បាន​ចន្លោះ ២០០ ទៅ ៣០០ ដើម​ក្នុង​ ១ ​ថ្ងៃ ខណៈ​ការផលិត​ត្រូវ​យក​ឫស្សី​មក​កាត់​តាម​ខ្នាត​ប្រវែង​ប៉ុន​នឹង​ទុយោ​ជ័រ​ដែរ​ហើយ​ក៏​ត្រូវ​យក​ឫស្សី​ដែល​កាត់​នេះ​ទៅ​ត្រាំ​ទឹក​ក្តៅ​កំពុង​តែ​ពុះ ១៥ ​នាទី និង​យក​មក​ហាលថ្ងៃ​ឲ្យ​ស្ងួត​សិន ទើប​ចងបាច់ ឬ​ច្រក​ដាក់​ថង់​យក​ឲ្យ​អតិថិជន​កុម្ម៉ង់​។ ចំពោះ​តម្លៃ​ទុយោ​ឫស្សី​នេះ​គឺ​តម្លៃ​ចន្លោះ ពី ១ ដើម ១,០០០ រៀល ដល់ ២,០០០ រៀល​»៕